ភ្នំពេញៈ សមត្ថកិច្ច​បាន​បំពាក់​កាមេរ៉ា​ចាប់​ល្បឿន​លើផ្លូវ ៦០ ​ម៉ែត្រ​ក្នុង​ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ បន្ទាប់ពី​កំណត់​ឱ្យ​អ្នកបើកបរ​ប្រើ​ល្បឿន​ក្នុង​កម្រិត​កុងទ័រ​ ៤០ ​គីឡូម៉ែត្រ​ក្នុង​ ១ ​ម៉ោង ដើម្បី​ការពារ​គ្រោះថ្នាក់​ដែល​តែងតែ​កើតមាន​ជា​ញឹកញាប់​លើផ្លូវ​នេះ​ធ្វើឱ្យ​មាន​មនុស្ស​របួសធ្ងន់ និង​ស្លាប់​ជា​បន្តបន្ទាប់​។

លោក ប៉ាល់ ចន្ទតារា អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពីថ្ងៃ​ទី​ ១១ តុលា​​ថា ការកំណត់​ល្បឿន​នេះ​គឺ​បន្ទាប់ពី​មានការ​សិក្សា​រួម​គ្នា​ជាមួយ​ក្រសួង និង​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​រួម​នឹង​អាជ្ញាធរ​ពាក់ព័ន្ធ​ដទៃទៀត ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ចរាចរណ៍​ដែល​តែង​កើតជា​ញឹកញាប់​ដោយសារ​តែ​ល្បឿន​លឿន​លើ​ផ្លូវ​ ៦០ ​ម៉ែត្រ​នេះ​។

លោក​បាន​បន្តថា​ល្បឿន​ ៤០ ​គីឡូម៉ែត្រ​ក្នុង​ ១ ​ម៉ោង​នេះ​កើត​ចេញ​ពី​ការពិភាក្សា​គ្នា​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ការបើកបរ​លើ​ដងផ្លូវ​នេះ​មាន​សុវត្ថិភាព​ហើយ​បានកំណត់​ជា​ធរមាន​ និង​អនុវត្ត​ចាប់ពី​ដើម​ខែ​តុលា​នេះ​មក​។

លោក​បញ្ជាក់​ថា​៖ «​មូលហេតុ​អ្វី​បាន​ជា​យើង​ដាក់​ ៤០ ​គីឡូម៉ែត្រ​ក្នុង​ ១ ​ម៉ោង ព្រោះ​តែ​ផ្លូវ​នេះ​គ្រោះថ្នាក់​ណាស់​។ បើ​ហ៊ាន​ប៉ះ​ (​បុក​គ្នា​) ​គឺ​គ្រោះថ្នាក់​ដឹង​តែ​ធ្ងន់ៗ​ហ្មង​មាន​ស្លាប់​មាន​របួសធ្ងន់​ហ្មង ។ ឃើញថា គ្រោះថ្នាក់​នេះ​ច្រើន​នៅ​កន្លែង​ហ្នឹង​ឱ្យតែ​ប៉ះ​។​ ដូច្នេះ​ទើប​យើង​កំណត់​ដាក់​ ៤០ ​គីឡូម៉ែត្រ​ក្នុង​ ១ ​ម៉ោង ហើយ​ឱ្យមាន​ប៉ូលិស​​ចាប់​ល្បឿន ចាប់​អី​នៅ​កន្លែង​ហ្នឹង​»​។

យ៉ាងណាក្ដី​លោក ប៉ាល់ ចន្ទតារា បាន​អះអាង​ថា ដោយសារ​តែមាន​ប្រតិកម្ម​ពី​សំណាក់​ពលរដ្ឋ ដូចនេះ​អាជ្ញាធរ​មាន​សមត្ថភាព​នឹង​ពិភាក្សា​ជាថ្មី​ក្នុង​ន័យ​កម្រិត​ល្បឿន​ជាក់លាក់​ថា គួរ​រក្សា​ដដែល ឬ​ដំឡើង​ឱ្យ​ក្នុង​កម្រិតណា​បន្ទាប់ពី​សិក្សា​រួចរាល់​។

លោក ឆាយ គីមខឿន អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​លើកឡើង​ដែរ​ថា ការកំណត់​ល្បឿន​នេះ​គឺ​ដើម្បី​តែ​ការពារ​អាយុជីវិត​អ្នកធ្វើដំណើរ​ប៉ុណ្ណោះ​។ ដូច្នេះ​ប្រសិន​បើ​ការកំណត់​មិនបាន​ល្អ​យ៉ាងណា​នោះ សមត្ថកិច្ច​នឹង​ពិចារណា​ដើម្បី​កែតម្រូវ​ជាថ្មី​។

លោក​ថា​៖ «​និយាយ​ពី​បច្ចេកទេស​ក្នុង​ការកំណត់​ល្បឿន​គឺ​ត្រូវតែ​មាន​ការពិភាក្សា​គ្នា​ដោយ​មាន​ការសិក្សា​ផ្នែក​បច្ចេកទេស​។ គ្រាន់តែ​ចង់​បញ្ជាក់ថា ការកំណត់​នេះ​គឺ​ដើម្បី​កុំឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​នេះឯង​។ បើ​ចង់បាន​ ៨០ ​ម៉ែត្រ​ក្នុង​ ១ ​ម៉ោង​ពេល​មាន​គ្រោះថ្នាក់​អ្នកណា​ទទួលខុសត្រូវ​»​។

ចំណែក​លោក ជីម សុភ័ក្ត ​អធិការរង​ទទួល​ផែន​ចរាចរណ៍​ខណ្ឌមានជ័យ បានឱ្យ​ភ្នំពេញ​ប៉ុស្តិ៍​ដឹង​ពីថ្ងៃ​ទី​ ១១ តុលា​ថា ការចាប់​ល្បឿន​លើផ្លូវ​ ៦០ ​ម៉ែត្រ​​ធ្វើឡើង​ដោយ​មន្ត្រី​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ដោយ​ក្នុង​ ១ ​សប្តាហ៍​មាន​ការចុះ​ចាប់​ល្បឿន​ចន្លោះ​ពី​ ៣ ​ថ្ងៃ​ទៅ​ ៥ ​ថ្ងៃ​ទៅ​តាម​ទីតាំង​ខុសៗ​គ្នា​។

បើតាម​លោក សុភ័ក្ត បន្ទាប់ពី​មាន​ការកំណត់​ល្បឿន​ដូច្នេះ ឃើញ​ថា​នៅ​ដើមខែ​តុលា​នេះ​គឺ​មិន​មាន​គ្រោះថ្នាក់​ចរាចរណ៍​លើ​ផ្លូវ ​៦០ ​ម៉ែត្រ​ទេ ដែល​ខុស​​ពី​ខែ​មុនៗ​មាន​គ្រោះថ្នាក់​ច្រើន​ធ្វើឱ្យ​មាន​អ្នក​របួសធ្ងន់​ ឬ​រហូត​ដល់​ស្លាប់​។

លោក​បញ្ជាក់ថា​៖ «​យើង​សប្បាយចិត្ត​ទាំង​ម៉ូតូ និង​រថយន្ត​ធ្វើ​ដំណើរ​លើផ្លូវ​ ៦០ ​ម៉ែត្រ​ហ្នឹង​បាន​បន្ថយល្បឿន ហើយ​ពួកគាត់​ក៏​បាន​គោរព​ច្បាប់​ចរាចរណ៍ ជាពិសេស​មធ្យោបាយ​ឡានធំៗ​​ដឹក​ខ្សាច់​។ ​ពេល​មាន​កាមេរ៉ា​យ៉ាង​ដូច្នេះ​​ពួកគាត់​បាន​បន្ថយល្បឿន​ព្រោះ​ខ្លាច​សមត្ថកិច្ច​យើង​ចាប់​។ វា​ពិតជា​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​បាន​លើផ្លូវ​នេះ​»​។

លោក គង់ សុវណ្ណ ជា​ទីប្រឹក្សា​ជំនាញ និង​ជា​អនុប្រធាន​ក្រុម​កម្មវិធី​សុវត្ថិភាព​ចរាចរណ៍​សហគមន៍​នៃ​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​ជនបទ​ជំហាន​ទី ​២ របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ ជឿ​ថា ការកំណត់​ល្បឿន​នេះ​ច្បាស់​ណាស់​ពិតជា​មាន​ការ​សិក្សា​ពី​ភាគី​ពាក់ព័ន្ធ ហើយ​ន័យ​សំខាន់​គឺ​កាត់បន្ថយ​គ្រោះ​ថ្នាក់លើ​ដងផ្លូវ​។ បន្ថែម​ពីលើ​នេះ​លោក​ថា​ផ្លូវ​នេះ​គួរតែ​ត្រូវ​បាន​កែលម្អ​បរិក្ខារ​​សុវត្ថិភាព​ឱ្យបាន​ល្អ​ជាង​នេះ ព្រោះ​លោក​យល់ថា ផ្លូវ​នេះ​នៅ​មាន​ការខ្វះខាត​បរិក្ខារ​សុវត្ថិភាព​ច្រើន​។

ក្នុង​នាម​អ្នកបច្ចេកទេស​លោក​យល់​​ថា​៖ «​នៅលើ​ទំហំ​ផ្លូវ​បែបនេះ ហើយ​បើមាន​បរិក្ខារ​សុវត្ថិភាព​គ្រប់គ្រាន់ អ៊ីចឹង​ការបើកបរ វា​គួរតែ​បាន​ ៦០ ​គីឡូម៉ែត្រ​ឡើង​ហើយ​។ ​​តែ​ថ្ងៃក្រោយ​ទៅ យើង​ត្រូវ​មើល​ស្ថានភាព​កន្លែង​នេះ វា​អាច​ប្រែប្រួល​តាម​កាលៈទេសៈ និង​ពេលវេលា​ទៀត ព្រោះ​កាលណា​មាន​ទីប្រជុំជន​ច្រើន​មាន​សិស្ស​ច្រើន តំបន់​ហ្នឹង​មាន​សាលារៀន និង​មាន​ការឆ្លងកាត់​ខ្វែងខ្វាត់ អ៊ីចឹង​គេ​មិន​ត្រឹមតែ​ទម្លាក់​មក​ ៤០ ​ទេ​គឺ​អាច​ដល់​ក្រោម​ ៣០ ​គីឡូម៉ែត្រ​ក្នុង ​១ ​ម៉ោង​»​។

ក៏ប៉ុន្តែ​លោក គង់ សុវណ្ណ បានផ្ដល់​ឧទាហរណ៍​ថា ក្នុងករណី​ផ្លូវ​ណាមួយ​កាន់​តែមាន​សុវត្ថិភាព​នោះ​សមត្ថកិច្ច​​នឹង​អនុញ្ញាត​ឱ្យ​បើកបរ​ក្នុង​ល្បឿន​លឿន​បាន​។ ​ប៉ុន្តែ​បើ​ផ្លូវ​មិនទាន់​មាន​សុវត្ថិភាព​ល្អ​ទេ ការបើកបរ​គឺ​ត្រូវតែ​ស្ថិតក្នុង​ល្បឿន​ដែល​អាច​គ្រប់គ្រង​បាន​៕