ភ្នំពេញ៖ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​តាម​ចាប់​ខ្លួន​ក្រុម​ជនសង្ស័យ​ជា​អ្នក​រត់​ម៉ូតូ​កង់​បី ដែល​បាន​បាញ់​មនុស្ស ៣ នាក់ ក្នុង​រឿង​ជម្លោះ​កកស្ទះ​ចរាចរណ៍​នៅ​មុខ​ហាង​លក់​ទូរស័ព្ទ​យីហោ​ពន្លក​ថ្មី ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង ក្នុង​បុរី​ប៊ុនហួរ ភូមិ​ព្រៃព្រីងខាងត្បូង សង្កាត់​ចោមចៅ​ទី២ កាល​ពី​យប់​ថ្ងៃទី ១១ ខែ​កុម្ភៈ បណ្តាល​ឱ្យ​ស្លាប់ ២ នាក់ ក្រោយ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ។

លោក ម៉ន វុធី អធិការ​នគរបាល​ខណ្ឌ​ពោធិ៍សែនជ័យ បាន​ឱ្យ​ដឹង​ថា សមត្ថកិច្ច​កំពុង​ដុតដៃ​ដុតជើង​ធ្វើ​ការ​ស្រាវជ្រាវ​ស្វែងរក​ចាប់​ខ្លួន​ជនសង្ស័យ​មក​ផ្តន្ទាទោស​តាម​ច្បាប់។ លោក​ថ្លែង​ថា៖ «យើង​កំពុង​តាម​ស្រាវជ្រាវ ទាំង​ក្រសួង ទាំង​ក្រុង។ ដោយសារ​តែ​ស្ថិត​ក្នុង​ការ​ស្រាវជ្រាវ អ៊ីចឹង​ខ្ញុំ​មិន​អាច​បញ្ជាក់​អ្វី​ច្រើន​លើស​ពី​​នេះ​ទៀត​បាន​ទេ»។

លោក ជា សុវណ្ណ អធិការរង​ទទួល​បន្ទុក​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍សែនជ័យ បាន​ឱ្យ​ដឹង​ថា នៅ​យប់​ថ្ងៃទី ១១ ខែ​កុម្ភៈ ជនសង្ស័យ​ជា​ខ្មាន់​កាំភ្លើង បាន​បាញ់​ទៅ​លើ​មនុស្ស ៣ នាក់ បណ្តាល​ឱ្យ​ស្លាប់ ២ នាក់​ក្រោយ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ និង​ម្នាក់​ទៀត​របួសធ្ងន់ ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រុស្ស៊ី។

លោក ជា សុវណ្ណ ប្រាប់​ថា រឿងរ៉ាវ​រហូត​ឈាន​ដល់​ការ​បាញ់​សម្លាប់​គ្នា​នេះ កើត​ឡើង​ដំបូង​ដោយសារ​តែ​រឿង​ស្ទះ​ចរាចរណ៍ ហើយ​បាន​កើត​ជា​ជម្លោះ​ពាក្យ​សម្តី​រហូត​ដល់​មាន​ការ​វាយ​គ្នា​ដល់​ទៅ ២ លើក។ ភាគី​ខាង​ម្ចាស់​កង់បី​ចង់​ឱ្យ​ភាគី​ខាង​រថយន្ត​សុំ-ទោស ប៉ុន្តែ​ភាគី​ខាង​ម្ចាស់​រថយន្ត​មិន​ព្រម​សុំទោស ទើប​បណ្តាល​ឱ្យ​ឈ្លោះ​គ្នា​កាន់​តែ​ខ្លាំង។

លោក​ថ្លែង​ថា៖ «រឿង​ហ្នឹង​កើត​ឡើង​ដោយសារ​តែ​ការ​ស្ទះ​ផ្លូវ ឡាន​ឈប់​លើ​ផ្លូវ ម៉ូតូ​កង់​បី​មក​ដល់​អត់​មាន​ផ្លូវ​ទៅ ក៏​ទាស់​-សម្តី​គ្នា​វាយ​គ្នា។ ពួក​គេ​វាយ​គ្នា​​មួយ​សា​ហើយ ហើយ​ខាង​កង់បី​អត់​ព្រម​ចេញ​ទៅ​ណា​ដោយ​ចង់​ឱ្យ​ខាង​ម្ចាស់​ឡាន​សុំទោស។ ម្ចាស់​ឡាន​មិន​សុំទោស ទើប​ម្ចាស់​កង់​បី​តេ​ហៅ​គ្នា ពេល​មក​ដល់​វាយ​គ្នា​ម្តង​ទៀត ម្ចាស់​កង់ ៣ បាន​ស្ទុះ​ទៅ​យក​កាំភ្លើង​ពី​បក្ខពួក ហើយ​បាញ់​សំដៅ​ភាគី​ខាង​ម្ចាស់​ឡាន​តែ​ម្តង»។

បើ​តាម​លោក ជា សុវណ្ណ ភាគី​ខាង​ម៉ូតូ​កង់ ៣ បាន​ចូល​ទៅ​រករឿង ភាគី​ខាង​រថយន្ត​ដែល​កំពុងតែ​ផឹកស៊ី​នៅ​ក្នុង​ផ្ទះ។ ដោយសារ​តែ​មាន​សភាព​ស្រវឹង ទាំង​សងខាង​ទើប​ម្នាក់ៗ​ចង់​ឈ្នះ​រៀងៗ​ខ្លួន ទើប​បណ្តាល​ឱ្យ​កើត​ជា​រឿង​ឈ្លោះ​គ្នា​បែបនេះ។

លោក ចាន់ ពន្លក សាក្សី​ម្នាក់​ដែល​នៅ​ក្បែរ​កន្លែង​កើត​ហេតុ​បាន​អះអាងថា មុន​ដំបូង​គេ​ឃើញ​ម្ចាស់​រថយន្ត​បាន​បើក រថយន្ត​មក​ឈប់​ចត​នៅ​មុខ​ផ្ទះ​របស់​គាត់ ដើម្បី​ដាក់​កូន​ចុះ​នៅ​ក្បែរ​កន្លែង​កើត​ហេតុ។ ភ្លាម​នោះ​មាន​បុរស​ម្នាក់ បើក​ម៉ូតូ​កង់ ៣ មក​ពី​ក្រោយ រួច​ស៊ី​ផ្លេ​ដាក់​រថយន្ត​ឱ្យ​អែប ខណ:​ផ្លូវ​កំពុង​មាន​ការ​កកស្ទះ រួច​ក៏​មាន​ជម្លោះ​ពាក្យ​សម្ដី​ដាក់គ្នា។ បន្ទាប់​មក​អ្នក​រត់​ម៉ូតូ​កង់ ៣ មិន​បាន​ចេញ​ទៅ​ណា​ទេ និង​បាន​ទូរស័ព្ទ​ហៅ​បក្ខពួក​មក​ជួយ ហើយ​ក្រោយ​មក​ក៏​ឈ្លោះ​គ្នា​រហូត ដល់​មាន​ការ​បាញ់បោះ​តែម្តង។

លោក​ថ្លែង​ថា៖ «ម្ចាស់​ឡាន​គាត់​ឈប់​ដាក់​កូន​គាត់​ឱ្យ​ចូល​ផ្ទះ ហើយ​ពេល​ហ្នឹង​ផាសអាប់​មក​ដល់ ដោយសារ​ស្ទះផ្លូវ ហើយ​ឡាន​ឈប់​បញ្ច្រាស​ទិស​គ្នា ក៏​ស្រែក​ដាក់​គ្នា សម្តី​ធ្ងន់​តិចតួច​ដាក់​គ្នា​ទៅ កើត​ជា​ជម្លោះ​វាយតប់​គ្នា​អ៊ីចឹង​ទៅ។ ដល់​ពេល​ឃើញ​ហេតុការណ៍​អ៊ីចឹង​អ្នក​ហូប​ចុក​នៅ​ក្បែរ​នោះ ក៏​ចូល​ទៅ​សម្រួល ទើប​បណ្តាល​ឱ្យ​រងគ្រោះ​តែ​ម្តង»។

របាយការណ៍​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ជន​រងគ្រោះ​ទាំង ៣ នាក់ ទី១ ឈ្មោះ សៀក លឹម អាយុ ២៥ ឆ្នាំ នៅ​លីវ មុខរបរ​ជា​អ្នក​លក់​ខោអាវ នៅ​ភូមិ​ព្រៃព្រីង​ខាងត្បូង (ស្លាប់​នៅ​ពេទ្យ​ព្រះកុសុមៈ) ទី២ ឈ្មោះ សុខ ស៊ីដេត អាយុ ៤១ ឆ្នាំ មុខរបរ​លក់​ទូស័ព្ទ ​ស្នាក់នៅ​កន្លែង​កើត​ហេតុ (ស្លាប់​នៅ​ពេទ្យ​ព្រះកុសុមៈ) និង​ទី៣ ឈ្មោះ ​បូរ រ៉ាភី អាយុ ៤៦ ឆ្នាំ រងរបួស​ក្បាល​ធ្ងន់ធ្ងរ គិត​មក​ដល់​ថ្ងៃ​ម្សិលមិញ​នៅ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យរុស្ស៊ី៕

វីដេអូ៖