កំពង់ឆ្នាំងៈ សមត្ថកិច្ច​កំពុង​តាម​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ ដែល​ជា​គូ​កំណាន់ បន្ទាប់ពី​បាន​អារក​សម្លាប់​ស្ត្រី​មេម៉ាយ​កូន​ ៣ ​ម្នាក់​នៅ​ភូមិ​ស្រែអ៊ុក ឃុំ​តាំងក្រសាំង ស្រុក​ទឹកផុស កាលពី​ថ្ងៃទី​ ២៥ ខែមករា​។

អធិការនគរបាល​ស្រុក​ទឹកផុស​លោក ខែម វិបុល ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃ​អង្គារ​ថា កាលពី​វេលា​ម៉ោង​ ១ ​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​ ២៥ ខែមករា មាន​ឃាតកម្ម​មួយ​កើតឡើង​នៅ​ភូមិ​ស្រែអ៊ុក ដោយ​មាន​ជនរងគ្រោះ​ឈ្មោះ​ អឿន រ៉េន អាយុ​ ៣៣ ​ឆ្នាំ​ ជា​ស្ត្រី​មេម៉ាយ​មាន​កូន​ប្រុស-ស្រី​ ៣ ​នាក់​ក្នុងបន្ទុក​។ ​«​នាង​ត្រូវបាន​គេ​អារក​សម្លាប់​»​។

បើតាម​លោក វិបុល នៅក្បែរ​សាកសព​របស់​ស្ត្រី​រងគ្រោះ​សមត្ថកិច្ច​បាន​រកឃើញ​ស្រោម​កាំបិត​ពណ៌​ខ្មៅ​មួយ​ដែលមាន​ប្រឡាក់​ឈាម ចំណែក​ផ្លែកាំបិត​ទំនង​ជា​ឃាតករ​បាន​នាំ​យក​ទៅ​ក្រោយ​សម្លាប់​ស្ត្រី​រងគ្រោះ​។ ក្រោយ​ពិនិត្យ​អង្កេត​នៅ​កន្លែង​កើតហេតុ និង​ការរៀបរាប់​របស់​កុមារី​ឈ្មោះ ង៉ែត ណែត អាយុ​ ១១ ​ឆ្នាំ​ដែលជា​កូនច្បង​របស់​ស្ត្រី​រងគ្រោះ​សមត្ថកិច្ច​បានកំណត់​មុខសញ្ញា​ជនសង្ស័យ​ជា​ឃាតករ​រួចរាល់​ហើយ និង​កំពុង​តាម​ស្វែងរក​ចាប់ខ្លួន​។ «​បុរស​ជា​ឃាតករ គឺជា​ប្រុស​ស្នេហ៍​របស់​ស្ត្រី​រងគ្រោះ ព្រោះ​ពួកគេ​បាន​លួចលាក់​ស្នេហា​ជាមួយ​គ្នា​រហូត​ដល់​មានកូន​ប្រុស​ ១ [​កូន​ទី​៣] ដែល​ពេលនេះ​មាន​អាយុ​ជាង​ ១ ​ខួប​។ នៅពេលនេះ​សមត្ថកិច្ច​យើង​កំពុង​តាម​ស្វែងរក​ចាប់ខ្លួន​»​។

បើ​តាម​ឪពុក​ស្ត្រី​រងគ្រោះ​លោក អឿន រឿន អាយុ​ ៥៥ ​ឆ្នាំ ​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍ ថា បុរសដែល​លួច​ទាក់ទង​ស្នេហា​ជាមួយ​កូនស្រី​របស់​លោក​ឈ្មោះ ម៉ី ម៉ាប់ អាយុ​ ៣៥ ​ឆ្នាំ​ មាន​ទីលំនៅ​ក្នុងភូមិ​ស្រែអ៊ុក​ជាមួយ​គ្នា​។ បុរស​នោះ​មាន​ប្រពន្ធ​កូន​រួចហើយ​។

ចំណែក​ប្ដី​ដើម​របស់​កូនស្រី​លោក ឈ្មោះ ញឹម បាន​លែងលះគ្នា​ច្រើន​ឆ្នាំ​មកហើយ បន្ទាប់ពី​ពួកគេ​បាន​រួមរស់​ជាមួយ​គ្នា​បាន​កូន​ ២ ​នាក់ (​ប្រុស​ ១ ស្រី​ ១)​។

លោក​បន្តថា នៅ​យប់​ថ្ងៃកើតហេតុ​ចៅស្រី​របស់លោក​បាន​នាំ​ប្អូន​ទៅផ្ទះ​របស់​លោក​ទាំងយប់ ហើយ​ស្រែកយំ​ប្រាប់ថា «​តា! ពូម៉ាប់​ចាប់​អារក​ម៉ែ​ខ្ញុំ​ស្លាប់​ហើយ​»​។ ក្រោយ​ពេលឮ​ដូច្នោះ​លោក​បាន​រត់​ទៅផ្ទះ​កូនស្រី​ភ្លាម ដែល​នៅ​ប្រមាណ​ ១០០ ​ម៉ែត្រ​ពី​ផ្ទះ​របស់លោក ហើយ​ក៏​ឃើញ​កូនស្រី​របស់​លោក​ស្លាប់​។ ចំណែក​បុរស​ជា​ឃាតករ​បាន​រត់គេច​ខ្លួន​បាត់​។ «​ខ្ញុំ​ពិតជា​រន្ធត់ចិត្ត​ណាស់​នៅពេល​ឃើញ​កូនស្រី​ត្រូវ​បាន​គេ​សម្លាប់​យ៉ាង​ព្រៃផ្សៃ​។ បន្ទាប់មក​ខ្ញុំ​ក៏​រត់​ទៅប្ដឹង​អាជ្ញាធរ​ភូមិ-ឃុំ​ឱ្យ​ជួយ​អន្តរាគមន៍​តាម​ចាប់​ [​អា​] ​ម៉ាប់ មក​ផ្ដន្ទាទោស ដើម្បី​ផ្ដល់​ភាព​យុត្តិធម៌​ឱ្យ​កូនស្រី​របស់ខ្ញុំ​វិញ​» ៕