ព្រះសីហនុ: សមត្ថកិច្ច​ខេត្ត​ព្រះសីហនុកាលពី​ម្សិលមិញ បានកំណត់​អត្តសញ្ញាណ​រួច​ហើយ​ ជនសង្ស័យដែល​បាន​រំលោភ​ ហើយ​សម្លាប់​ក្មេង​ស្រី​​អាយុ​ ១០ ឆ្នាំ​ម្នាក់​​ និង​បាន​​ឈាន​ទៅ​សម្លាប់​ប្អូនប្រុស​នាង​អាយុ​ជាង ២ ឆ្នាំ​ម្នាក់ទៀត ខណៈ​​ក្មេងប្រុស​បានឃើញ​សកម្មភាព​រំលោភ​របស់​ខ្លួន កាលពី​ល្ងាច​ថ្ងៃទី ២៩ ខែ ឧសភា នៅ​ភូមិ​គគីរ ឃុំ​បិតត្រាង ស្រុក​ព្រៃនប់។

​លោក កុល ផា​លី ស្នងការរង​​ខេត្ត​ព្រះសីហនុ​ ទទួល​ផែន​ព្រហ្មទណ្ឌបាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ កាលពី​ម្សិលមិញ​ថា ខណៈ​នេះសមត្ថកិច្ច​ជំនាញ​ខេត្ត​ព្រះ​សីហនុ និង​នគ​រ​បា​ល​​ស្រុក​ព្រៃ​នប់​ បាន​សហការគ្នាឈានទៅ​កំណត់​អត្ដ​សញ្ញាណ​ជន​សង្ស័​យ​​បាន​ហើយដោយ​កំពុង​ស្រាវ​ជ្រា​វ​​​រក​កន្លែង​លាក់​ខ្លួន​របស់​ជនល្មើស។

លោក​បញ្ជាក់​ថា​៖ ​«យើង​កំណត់​អត្ត​ស​ញ្ញណ​បាន​ហើយកំពុង​តាម​ចាប់ខ្លួន​។ ឥឡូវនេះគឺ​ខ្ញុំ​មិន​ទាន់​អាច​ប្រា​ប់​​ពី​នីតិវិធី​របស់​សមត្ថកិច្ច​យើង​បានទេ ព្រោះ​យើង​កំពុងធ្វើការងារ​នេះ»។

លោក ហួ យ៉ៃ អធិការ ​ស្រុក​ព្រៃនប់​​ថ្លែងថា សមត្ថកិច្ច​កំពុ​ង​តាម​ចាប់ខ្លួន​ជនល្មើសប៉ុន្ដែ​លោ​ក​សុំ​មិន​បញ្ចេញ​អត្ដ​សញ្ញាណ​ជនសង្ស័យ​នោះ​ទេ។ «សុំ​ទោ​ស​​ផងខ្ញុំ​អត់​ទាន់​អាច​ប្រាប់​អ្វី​ច្រើ​ន​ជាង​នេះ​ទេ ព្រោះ​យើង​កំពុង​ធ្វើ​ការ​លើ​រឿង​នេះ»។

តាម​របាយការណ៍​រប​ស់​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ ​បាន​ឲ្យ​ដឹង​ពី​ម្សិលមិញ​ថា ការ​ស្លាប់​របស់​ក្មេង​ស្រី និង​ក្មេង​ប្រុស​ទាំង​ ២ នាក់​នេះ គឺ​ជា​ករណី​រំលោភ​សម្លាប់ បង្កឡើង​ដោយ​ជនល្មើស​មិនទាន់​ស្គាល់​អត្តសញ្ញាណ។

ការសន្និដ្ឋាន​ដំបូង​សង្ស័យថា ជនល្មើស ​អាចធ្វើ​សកម្មភាព​ចា​ប់​រំលោភ​កុមារី ផ.ល ដែល​មាន​អាយុ​ទើប​តែ​ ១០ ឆ្នាំ បន្ទាប់មក​ធ្វើ​សកម្មភាព​សម្លាប់​ទាំងប្អូនប្រុស​របស់​នាង​ទៀត​ដែល​មាន​ អាយុ​ទើប​តែ​ ២ ឆ្នាំកន្លះ ដែល​កំពុង​ដេក​នៅក្នុង​ផ្ទះ​ជាមួយ​គ្នា។ របាយការណ៍​បន្តថា ក្មេង​ប្រុស​ជា​ប្អូន​បាន​ស្លាប់​ភ្លាម​ៗ​នៅ​ក្នុង​ផ្ទះ ខណៈ​​ក្មេងស្រី​ជា​ប​ង​​​ត្រូវបាន​ក្រុមគ្រួសារ​ព្យា​យា​ម​ដឹក​ទៅ​​សង្គ្រោះ​រហូតដល់​មន្ទីរ​ពេទ្យ​នៅ​រាជធានី​ភ្នំពេញ ប៉ុន្ដែ​បាន​ស្លាប់​នៅលើ​រថយន្ត​នៅ​តាម​ផ្លូវ នៅ​វេលា​ម៉ោង ៨ យប់​ថ្ងៃ​ដដែល​នោះ។

ទោះយ៉ាងណាមន្ត្រីនគរ​បា​ល​​ប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​បិត​ត្រាង​ម្នាក់​ សុំ​មិន​បញ្ចេញ​ឈ្មោះថ្លែងថា មុនពេល​កើតហេតុ ឪពុក​ម្ដា​យ​ក្មេងរងគ្រោះ​ដែល​ជា​កម្មករ​សំណង់ តែងតែ​យក​កូន​ទាំង ២ នាក់​ ទៅ​កន្លែងធ្វើការ​ជាមួយ តែ​នៅ​ថ្ងៃកើតហេតុ ឪពុកម្ដាយ ​មិនបាន​យក​កូន​ទាំង ២ នាក់ ​ទៅជា​មួយ​ទេ​ដោយ​ទុក​កូន​ចោល​នៅ​ផ្ទះ​ ២​ នាក់​បង​ប្អូន ក៏មាន​ជន​​មិន​ស្គាល់មុខ​លួច​ចូលមក​រំលោភ​សម្លាប់​កូន​ទាំង ២ នាក់​យ៉ាង​សា​ហាវ​ព្រៃផ្សៃ​បែប​នេះ។

លោក​បន្តថា៖ «ខ្ញុំ​មិនទាន់​ដឹង​​ច្បាស់​ទេ សមត្ថកិច្ច​យើង ​កំពុងធ្វើការ​លើ​រឿងនេះ តែ​គេ​បាន​សង្ស័យថា ជនល្មើស​អាច​ធ្វើ​សកម្មភាព​ចាប់រំលោភ​កុមារី​អាយុ ១០ ឆ្នាំ បន្ទាប់មក​ធ្វើ​សកម្មភាព​សម្លាប់​ ព្រោះតែ​ខ្លាច​បែកការ ហើយ​ជនល្មើស​ក៏​សម្លាប់​កុមារាជា​ប្អូន​អាយុ ២ ឆ្នាំកន្លះ​ដែល​កំពុង​ដេក​នៅ​ក្នុងផ្ទះ​ជាមួយ​គ្នា​ដែរ»។

លោកស្រី សោម វ​ឌ្ឍ​នា ប្រធាន​ផ្នែក​ផ្តល់​សេវាកម្ម​គាំពា​រ​​កុមារ​ទូទាំងប្រទេសនៃ​អង្គភា​ព​​ការពារ​កុមារ (Child Protection Unit) ​ថ្លែងថា ក្រោយពី​ទទួល​បាន​​ព័ត៌មាន​ពី​សមត្ថ​កិ​ច្ច​​​ភ្លាម លោកស្រី និង​ក្រុម​ការងារ​បាន​ចុះទៅ​ដល់ទី​តាំង​កើត​ហេ​តុ​​ហើយ​ឃើញ​សមត្ថកិច្ច​កំពុង​ធ្វើ​កោសល្យវិច័យ​ លើ​កន្លែង​កើត​ហេតុ និង​ពិនិត្យ​លើ​ទីតាំង​ប្រព្រឹត្ត ដើម្បី​ប្រ​មូ​ល​ភ័ស្ដុតាង​ឈានទៅ​ឃាត់ខ្លួន​ជន​សង្ស័យ។

លោកស្រី​បញ្ជាក់​ថា៖ «​ឥឡូវ​នេះ ខ្ញុំ​អត់​ទាន់​មាន​ព័ត៌មាន​អ្វី​រាយ​ការណ៍​​នៅឡើយ ព្រោះ​យើង​កំពុងធ្វើការ​ងារ​នេះ មិន​ទាន់​​ចប់ ដោយ​សុំ​រង់ចាំ​យើង​ស៊ើបអង្កេត​ចប់​សិន»។

តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ អង្គភាព​ការពារ​កុមារ (Child Protection Unit) បាន​ចេញ​ផ្សាយ​កាលពី​ម្សិលមិញ​ថា វា​ជា​ទង្វើ​ឃោរឃៅ និង​ព្រៃផ្សៃ​ហួស​ពី​ការ​ថ្លែងដែល​ធ្វើ​ឲ្យ​មា​ន​ការ​ភ្ញាក់ផ្អើល​បំផុត ចំពោះ​អ្នក​ស៊ើប​អង្កេត​ឃាតកម្ម​របស់​អង្គភាព​ការពារ​កុមារ។ «យើង​នឹង​ប្រើប្រាស់​រាល់​ធនធាន និង​វិធីសាស្ត្រ​ទាំងអស់ ដែល​យើង​មានដើម្បី​តាមរក​ជនបង្ក​ហេតុ​ក្នុង​ឧក្រិដ្ឋ​កម្ម នេះ ដើម្បី​នាំ​ឃាតករ​ទៅ​ដាក់​ទោស​តាម​ផ្លូវច្បា​ប់​ឲ្យ​ទាល់តែ​បាន»។

ជាមួយគ្នានេះលោកស្រី​ ហៀក ហ៊ី​មុ​ល្លី អភិបាលរង​ខេត្ត​​ព្រះ​​សីហនុ បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​ឈ្វេងយល់​លើកកម្ពស់​បង្ការ​ទប់ស្កាត់ ឆ្លើយតប​ និង​ការ​រំលោភបំពានកេងប្រវ័ញ្ច​ផ្លូវ​ភេ​ទ​​លើ​កុមារ នៅ​ថ្ងៃទី ២៩ ខែ​ ឧសភា​​ ថា ដោយសារ​បច្ចុប្បន្ន​ខេ​ត្ត​​ព្រះសីហនុមានការ​អភិវ​ឌ្ឍ​​លឿន​យ៉ាងគំហុកដែល​ទាម​ទា​រ​​ឲ្យ​អាជ្ញាធរ​ធ្វើ​ផែនការ និង​សកម្មភាព​នៅ​តាម​ចំណុច​គោល​ដៅ​ទេសចរណ៍។

លោកស្រី​បាន​បញ្ជាក់ថា​៖ «​ប្រសិន​បើ​យើង​មិនមាន​វិធាន​ការ​​ទប់ស្កាត់ បង្ការ​បង្ក្រាបបាន​ទាន់​ពេល​វេលា​នោះទេការ​រំលោ​​ភ​បំ​ពាន និង​អំពើ​កេង​ប្រ​វ័​ញ​ផ្លូវ​​ភេទ​លើ​កុមារនឹង​កើត​មាន​ឡើ​ង​​ជាក់​ជាមិនខាន។ ដូច្នេះ​សមត្ថ​​កិច្ច​គ្រប់​ផ្នែក​ ត្រូវ​យក​ចិត្ត​ទុកដាក់​​តាម​​ដាន​ត្រួតពិនិត្យ​រាល់​សក​ម្ម​ភាពធ្វើយ៉ាងណា​កាត់​បន្ថយ​កា​​រ​​រំលោភ​បំពាន​កេង​​ប្រវ័ញ្ច​ផ្លូវ​ភេ​ទ​លើ​កុមារ​ឲ្យ​ខាន​​តែ​បាន»៕