ខេត្ត​កណ្ដាល៖ សមត្ថកិច្ច​នគរបាល​ខេត្ត​កណ្តាល កំពុង​តាម​ចាប់​ខ្លួន​ជនសង្ស័យ ៣ នាក់ ពាក់ព័ន្ធ​ករណី​រក្សា​ទុក​អាវុធ​ខុស​ច្បាប់ ខណៈ​ស្ត្រី​ម្នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿង​ញៀន។

លោក មាន សំណាង អធិការ​នគរបាល​ស្រុក​អង្គស្នួល​ខេត្ត​កណ្ដាល បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី ១៨ មេសា​នេះ​ថា សមត្ថកិច្ច​កំពុង​តាម​ចាប់​ខ្លួន​ជន​សង្ស័យ ៣ នាក់ បន្ទាប់​ពី​បាន​រក​ឃើញ​ថា មាន​រក្សា​ទុក​អាវុធ​ខុស​ច្បាប់។

លោក​ថ្លែង​ថា៖ «ជនសង្ស័យ​ទាំង ៣ នាក់​នោះ យើង​បាន​ស្គាល់​អត្តសញ្ញាណ​អស់​ហើយ ពេល​នេះ​យើង​កំពុង​ធ្វើ​សាវតារ ដាក់​កម្លាំង​តាម​ចាប់​ខ្លួន​មក​ផ្តន្ទាទោស​តាម​ច្បាប់ ចំណែក​ស្ត្រី​ពាក់ព័ន្ធ​ករណី​គ្រឿង​ញៀន​បាន​បញ្ជូន​ទៅ​តុលាការ​ហើយ»។

តាម​របាយការណ៍​របស់​សមត្ថកិច្ច​ស្រុក​បាន​បញ្ជាក់​ថា ជនសង្ស័យ​ទាំង ៣ នាក់ មាន​ទី១ ឈ្មោះ ពែល មី ភេទ​ប្រុស អាយុ ២០ ឆ្នាំ រស់នៅ​ភូមិ​ត្រពាំងត្បែង ឃុំ​សំរោងលើ ស្រុក​អង្គស្នួល។ ទី២ ឈ្មោះ ធីម ឌឿន (ហៅ​ពែក) ភេទ​ប្រុស អាយុ ២១ ឆ្នាំ មាន​លំនៅ​ក្នុង​ភូមិ​ត្រពាំងត្បែង ឃុំ​សំរោងលើ ស្រុក​អង្គស្នួល មុខ​របរ​មិន​ពិត​ប្រាកដ ហើយ​ឈ្មោះ​នេះ​ក៏​ស្ថិត​ក្នុង​ដីកា​បង្គាប់​ឱ្យ​ចាប់​ខ្លួន​ពី​បទ​ជួញដូរ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​ផង​ដែរ។ ចំណែក​ជន​សង្ស័យ​ទី៣ មាន​ឈ្មោះ សល់ រស្មី ភេទ​ប្រុស អាយុ ២១ ឆ្នាំ មាន​លំនៅ​ក្នុង​ភូមិ​ត្រពាំង​ត្បែង ឃុំ​សំរោងលើ ស្រុក​អង្គស្នួល មុខរបរ​មិន​ពិត​ប្រាកដ។

ចំណែក​វត្ថុតាង​ដែល​រឹបអូស​រួម​មាន ១- អាវុធ​ម៉ាក Ak ស្វាយបត់​ចំហៀង ១ ដើម បង់ ១ មាន​គ្រាប់ ២៧ គ្រាប់។ ២- អាវុធ​ម៉ាក AK កាត់​ស្វាយ ១ ដើម បង់ ១ មាន​គ្រាប់ ៣០ គ្រាប់ ។ ៣- អាវុធ​ខ្លី​ម៉ាក ប្រាហា ១ ដើម បង់ ១ មាន​គ្រាប់ ៦ គ្រាប់ និង​ស្រោម​អាវុធ ១។ ៤- អាវុធ​ច្នៃ​ប្រើ​ខ្យល់​បាញ់​គ្រាប់​កង់ ៣ ដើម។ ៥- ដាវ ១ ដើម ពូថៅ​ដៃ​ដងឈើ ១ កាំបិត​ប៉័ងតោ ១ និង​កន្ត្រៃ ១។ ៦- ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ១ កញ្ចប់​ធំ ថ្នាំ​ញៀន​ប្រភេទ WY ២ គ្រាប់ និង​ឧបករណ៍​ប្រើប្រាស់​វេច​ខ្ចប់​ថ្នាំ​ញៀន​មួយ​ចំនួន​ទៀត។

លោក មាន សំណាង បាន​បញ្ជាក់​ថា វត្ថុតាង​ទាំង​អស់​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​រួច​ហើយ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ច្បាស់​ថា បញ្ជូន​ទៅ​ពី​ពេល​ណា​ទេ។

កាល​ពី​ថ្ងៃទី ១៦ ខែ​មេសា សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សំរោង​លើ បាន​សហការ​ជាមួយ​នគរបាល​ជំនាញ​ស្រុក​អង្គស្នួល ខេត្ត​កណ្តាល ក្រោម​ការ​សម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ​សាលា​ដំបូង​ខេត្ត ចុះ​ទៅ​ឆែកឆេរ​លំនៅឋាន ១ កន្លែង​របស់​ឈ្មោះ ពែល មី ស្ថិត​ក្នុង​ភូមិ​ត្រពាំងត្បែង ដោយ​បាន​រក​ឃើញ​អាវុធ​អាកា ២ ដើម អាវុធ​ខ្លី ១ ដើម អាវុធ​កែច្នៃ ៣ ដើម រួម​នឹង​សម្ភារ​ខុស​ច្បាប់​មួយ​ចំនួន​ក្នុង​នោះ​ក៏​មាន​ទាំង​ថ្នាំញៀន​ផង​ដែរ។ នេះបើ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក។

សមត្ថកិច្ចសួរចម្លើយជនសង្ស័យបន្ទាប់ពីប្រើប្រាស់កាំភ្លើងកែច្នៃគំរាម​បាញ់​សម្លាប់ ដើម្បី​សុំលុយ ៥ ០០០ រៀល។ រូបថត ប៉ូលិស

ការ​ឆែកឆេ​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​នគរបាល​រដ្ឋបាល​ឃុំ​សំរោងលើ​ទទួល​បាន​សេចក្តី​រាយការណ៍​ថា ឈ្មោះ សល់ រស្មី (ត្រូវ​ជា​ក្មួយ​បង្កើត) បាន​យក​កាំភ្លើង​កែច្នៃ (ប្រើ​ខ្យល់​ដាក់​ហ្គាស់​បាញ់​គ្រាប់​កង់) គំរាម​ថា បាញ់​សម្លាប់ ដើម្បី​សុំលុយ ៥ ០០០ រៀល។

បន្ទាប់​ពី​ស្រាវជ្រាវ​សមត្ថកិច្ច​បាន​ដឹង​ថា ជនសង្ស័យ​ទាំង ៣ នាក់ កំពុង​លាក់​ខ្លួន​នៅ​ផ្ទះ​របស់ ពែល មី ប៉ុន្តែ​ជនសង្ស័យ​ទាំង​នោះ​បាន​រត់​គេច​ខ្លួន មុន​ពេល​សមត្ថកិច្ច​ទៅ​ដល់។ ពេល​នោះ​សមត្ថកិច្ច​បាន​អញ្ជើញ​ស្ត្រី​ម្នាក់ ឈ្មោះ សាឡយ វិច្ឆិកា អាយុ ១៦ ឆ្នាំ មុខ​របរ​មិន​ពិត​ប្រាកដ ត្រូវ​ជា​ប្រពន្ធ​របស់​ជន​សង្ស័យ​ឈ្មោះ ពែល មី ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​សាកសួរ។

តាម​ឈ្មោះ សាឡយ វិច្ឆិកា បាន​ឆ្លើយ​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​ជា​អ្នក​លក់​ថ្នាំញៀន ចំណែក​អាវុធ​ជា​វត្ថុតាង​ទាំងនោះ​ត្រូវ​បាន​ឈ្មោះ ពែល មី ជា​អ្នក​យក​មក​លាក់​ទុក៕