កណ្ដាលៈ នគរបាល​ស្រុក​ស្អាង​កំពុង​តាម​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ករណី​វាយ​ប្រពន្ធ​បណ្តាល​ឲ្យ​ស្លាប់​ពេល​បញ្ជូន​​ដល់​មន្ទីរពេទ្យ​កាលពី​ថ្ងៃទី​ ១០ ​ឧសភា​ នៅក្នុង​ភូមិ​ព្រែកខ្មែរ ឃុំ​ស្អាងភ្នំ ស្រុក​ស្អាង ខេត្តកណ្តាល​។

លោក រស់ ចន្ថា អធិការនគរបាល​ស្រុក​ស្អាង​ប្រាប់​ពី​ម្សិលមិញ​ថា ជនសង្ស័យ ឈ្មោះ​ជួន សារ៉ន អាយុ​ ៣៧ ​ឆ្នាំ​។ រីឯ​​ស្ត្រី​រងគ្រោះ​ឈ្មោះ នី ឡេហ្សា អាយុ​ ២២ ​ឆ្នាំ​ជា​កម្មការិនី​រោងចក្រ​។ ពួកគេ​រស់នៅ​ភូមិ​ពាមសាលា ឃុំ​ស្អាងភ្នំ ស្រុក​ស្អាង ខេត្ត​កណ្តាល​។ ជនសង្ស័យ​បានគេច​ខ្លួន​បន្ទាប់ពី​វាយ​ប្រពន្ធ​ស្លាប់​។

លោក​ថា​៖ «​ករណីនេះ​សមត្ថកិច្ច​ខ្ញុំ​កំពុង​តាម​ចាប់​ជនសង្ស័យ​ហើយ​យើង​កំពុង​ដុតដៃ​ដុតជើង​ធ្វើ​ការងារ​នេះ​»​។

លោក​ លន ចាន់ថា នាយ​នគរបាល​ប៉ុស្តិ៍​ឃុំ​ស្អាងភ្នំ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា​ករណីនេះ​សមត្ថកិច្ច​មិនទាន់​អាច​សន្និដ្ឋាន​បាន​ថា មកពី​មូលហេតុ​អ្វី​ទេ ប៉ុន្តែ​សាច់ញាតិ​ស្ត្រី​រងគ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា ប្តី​ប្រពន្ធ​នេះ​ទើបតែ​ធ្វើ​សំបុត្រ​លែងលះ​ប្រហែល​ ១ ​ខែ​មុន​ថ្ងៃកើតហេតុ​។

លោក​បាន​បន្ថែមថា តាម​សាក្សី​មុនពេល​កើតហេតុ​នៅ​ម៉ោង​ជាង​ ៤ ​រសៀល​ថ្ងៃ​ ១០ ​ឧសភា គេ​ឃើញ​ស្ត្រី​រងគ្រោះ​ជិះ​ម៉ូតូ​ម្នាក់ឯង​ដល់​ផ្លូវ​បេតុង​ចូល​វត្ត​ស្អាងភ្នំ ក្នុង​ភូមិ​ព្រែកខ្មែរ ឃុំ​ស្អាងភ្នំ ស្រុក​ស្អាង​។ ពេលនោះ​ស្រាប់តែ​គេ​ឃើញ​ប្តី​ស្ត្រី​នោះ​ជិះ​ម៉ូតូ​តាម​ហើយ​បើក​ម៉ូតូ​កៀរ​​ម៉ូតូ​ស្ត្រី​រងគ្រោះ​បណ្តាល​ឲ្យ​ដួល និង​​បាន​វាយ​ស្ត្រី​រងគ្រោះ​ត្រូវ​ដើមទ្រូង​ ១ ​ដៃ​ដួល​ផ្កាប់មុខ ហើយ​ត្រូវ​សាច់ញាតិ​ដឹកយក​មន្ទីរពេទ្យ​ស្រុក ប៉ុន្តែ​ជនរងគ្រោះ​ស្លាប់​បន្ទាប់ពី​បញ្ជូន​ដល់​មន្ទីរពេទ្យ​។

ជុំវិញ​ករណីនេះ​សមត្ថកិច្ច​នគរបាល​ស្រុក​ស្អាងភ្នំ​ម្នាក់​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹងថា បើ​តាម​សាច់ញាតិ​ស្ត្រី​រងគ្រោះ​ថា មុន​កើតហេតុ​ ១ ​ខែ​ប្ដី​ប្រពន្ធ​នេះ​បាន​ឈ្លោះ​គ្នា​ដោយ​ប្ដី​ចោទ​ប្រពន្ធ​ថា​មាន​ទំនាក់ទំនង​ជាមួយ​បុរស​ផ្សេង​។

រីឯ​លោក ស វិចិត្រ មេឃុំ​ស្អាងភ្នំ​ឲ្យ​ដឹងថា ប្តី​ប្រពន្ធ​នេះ​មាន​កូន​ ២ ​នាក់​ប្រុស​ម្នាក់ និង​ស្រី​ម្នាក់ តែ​លោក​មិនដឹង​ពី​​អាយុ​កូនៗ​នោះទេ​។ ​លោក​ថា អំឡុង​ខែមេសា ពួកគេ​បាន​ទៅសុំ​ធ្វើលិខិត​លែងលះ​គ្នា​នៅ​ឃុំ​ស្អាង​ភ្នំ ប៉ុន្តែ​អាជ្ញាធរ​ឃុំ​មិន​បាន​សម្រេច​ទេ​។

លោក​បន្តថា​៖ «​កាលណា​គេ​ប្តឹង យើង​ហៅ​គាត់​ទាំង​សងខាង​សម្រុះសម្រួល​គ្នា​ហើយ​បើ​ឯកភាព​ថា​ជានា​គ្នា​វិញ​យើង​ធ្វើ​​ជា​កិច្ចសន្យា​បញ្ជាក់ថា​រួមរស់​ជាមួយ​គ្នា​វិញ​។ ​អាហ្នឹង​យើង​ចុះហត្ថលេខា​ឲ្យ​»​។

លោក​ថា ការលែង​គ្នា​គឺ​អាជ្ញាធរ​ឃុំ​​គ្មាន​សិទ្ធិ​ចុះហត្ថលេខា​ឲ្យ​ទេ តែបើ​ពួកគាត់​នៅតែ​លែងលះ​គ្នា​គឺជា​រឿង​របស់​ពួកគាត់​៕