ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌច្បារអំពៅបាននិងកំពុងតាមស្វែងរកមុខសញ្ញាជនសង្ស័យពាក់ព័ន្ធនឹងការស្លាប់ក្មេងប្រុសម្នាក់ បន្ទាប់ពីប្រទះឃើញសាកសពនៅគុម្ពត្រែង ក្នុងសង្កាត់ព្រៃកឯង ខណ្ឌច្បារអំពៅ កាលពីរសៀលថ្ងៃទី ២ មេសា។

អធិការខណ្ឌច្បារអំពៅលោកម៉ៅសឿត បានប្រាប់ភ្នំពេញប៉ុស្ដិ៍នៅថ្ងៃទី ៣ មេសានេះថា ក្មេងប្រុសរងគ្រោះរូបនេះឈ្មោះ ជា ផែនហេង អាយុ ១០ឆ្នាំ រស់នៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។ សពត្រូវបានប្រទះឃើញ នៅគុម្ពត្រែង ក្នុងភូមិសាស្ត្រ សង្កាត់ព្រៃកឯង។

លោកបានបញ្ជាក់ថា៖ «ឥឡូវនេះយើងកំពុងបើកការស៊ើបអង្កេតដោយឆែកតាមកាមេរ៉ាសុវត្ថិភាព និង តាមនីតិវិធីផ្សេងទៀតដើម្បីកំណត់មុខសញ្ញាជនដៃដល់»។

ដោយឡែក លោក ជា ពិសី នាយនគរបាលប៉ុស្ដិ៍ព្រៃកឯង បានឱ្យដឹងនៅថ្ងៃនេះដែរថា បន្ទាប់ពី ឪពុកម្តាយក្មេងរងគ្រោះបានដាក់ពាក្យប្ដឹងពីការបាត់ខ្លួនកូនគាត់ កាលពីថ្ងៃទី ៣១ មីនា សមត្ថកិច្ចបានផ្សព្វផ្សាយតាមផេកអធិការដ្ឋានខណ្ឌច្បារអំពៅ និង ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ រហូតដល់ថ្ងៃប្រទះឃើញសាកសព។

លោកបានបន្តថា ការរកឃើញសពនេះ គឺបន្ទាប់ពីបុរសអ្នកដើររកឃ្មុំម្នាក់បានរាយការណ៍ប្រាប់ហើយសមត្ថកិច្ចចាត់កម្លាំងសំដៅទៅទីនោះ និង បានរាយការណ៍ទៅនគរបាលបច្ចេកទេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើកោសល្យវិច័យ។

លោកថា៖ «ខាងកោសល្យវិច័យបានបញ្ជាក់ក្នុងលិខិតថា នៅលើផ្ទៃមុខរបស់ក្មេងរងគ្រោះមានស្នាមប៉ះត្រូវនឹងរបស់រឹងដែលសង្ស័យករណីនេះជាអំពើឃាតកម្ម»៕