បាត់ដំបងៈ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​អត្តសញ្ញាណ បុរស​ម្នាក់​ដែល​បើកបរ​រថយន្ត បុក​ម៉ូតូ​ និង​បន្ត​ទៅបុក​រថយន្ត​ ១ គ្រឿង​ទៀត ធ្វើឱ្យ​ក្មេងស្រី​ ២ ​នាក់ និង​ស្ត្រី​ចំណាស់​ម្នាក់​ស្លាប់ ខណៈ​បុរស​ម្នាក់ទៀត​បាន​រងរបួសធ្ងន់​នៅ​តាម​បណ្តោយ​ផ្លូវ ៥៧B ក្នុងភូមិ​ស្វាយជ្រំ ឃុំ-ស្រុក បវេល ខេត្តបាត់ដំបង កាលពី​ល្ងាច​ថ្ងៃទី​ ២៤ ឧសភា​។

លោក ចាន់ សុធី ប្រធាន​ការិយាល័យ​ចរាចរណ៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ឱ្យដឹង​នៅ​ថ្ងៃទី​ ២៥ ឧសភា ថា ក្មេងរងគ្រោះ​ស្លាប់​ទី១- ​ឈ្មោះ​ រ៉ាន់ សាន់ ភេទ​ ស្រី អាយុ​ ១៨ ​ឆ្នាំ ទី​២- អ៊ុល សេង ភេទ​ ស្រី អាយុ ១៦ ​ឆ្នាំ ​ពួកគេ​រស់នៅ​ក្នុងភូមិ​ដូន​អាវ ឃុំ-ស្រុក​បវេល ខេត្ត​បាត់ដំបង​។

ចំណែក​ភាគី​រថយន្ត​នីស្សាន់​មាន​ស្រី​ម្នាក់​ស្លាប់​ឈ្មោះ​ កុយ អេង អាយុ​ ៥២ ​ឆ្នាំ និង​ប្តី​របួសធ្ងន់​។ ជនរងគ្រោះ​ទាំង​ ២ ​នាក់​ប្តី​ប្រពន្ធ​រស់នៅ​ភូមិ​បវេល​ ១ ​ឃុំ-ស្រុក​បវេល ខេត្តបាត់ដំបង​។

លោក​ថ្លែងថា​៖ «​ករណីនេះ​យើង​កំពុង​ស្រាវជ្រាវ​ដើម្បី​កំណត់​អត្តសញ្ញាណ​ជនល្មើស​ជា​ម្ចាស់​រថយន្ត LEXUS ដើម្បី​នាំខ្លួន​ជននេះ​ចូលខ្លួន​មក​ដោះស្រាយ​តាមច្បាប់​ជាមួយ​ជនរងគ្រោះ ព្រោះ​បុរស​ម្ចាស់​រថយន្ត​នោះ​ជា​អ្នក​បង្កហេតុ​»​។

ទោះយ៉ាងណា​បើតាម​លោក វរសេនីយ៍ឯក​ សុខ សារិន អធិការនគរបាល​ស្រុក​បវេល​ប្រាប់​តាម​សាក្សី ដែល​ឃើញ​ហេតុការណ៍​ថា ដំបូង​ឡើយ​គេ​បានឃើញ​រថយន្ត​ ១ ​គ្រឿង ​ម៉ាក LEXUS LS400 ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ 2AX-9396 បើកបរ​ដោយ​បុរស​ម្នាក់​បើកបរ​ពី​លិច​ក្នុង​ភូមិសាស្ត្រ​ស្រុក​បវេល ទៅ​ទិស​កើត​ដែល​ទំនង​សំដៅទៅ​ទីរួមខេត្ត​បាត់ដំបង​។

ដោយសារ​រថយន្ត LEXUS នោះ​បើក​ក្នុង​ល្បឿន​លឿន ក៏​រេ​ចង្កូត​ទៅបុក​ពីក្រោយ​ម៉ូតូ​ ១ ​គ្រឿង ​របស់​ក្មេងស្រី​រងគ្រោះ​ដែល​ជិះ​ឌុប​គ្នា ក្នុង​ទិសដៅ​ស្របគ្នា​ពេញ​មួយ​ទំហឹង​តែម្តង​។

គេ​បានឃើញ​ក្មេងរងគ្រោះ​ទាំង​ ២ ​នាក់​ ត្រូវ​រថយន្តបុក​ប៉ើង ហើយ​រថយន្ត​បង្ក​បាន​បុក​រុញ​ម៉ូតូ​ក្មេងរងគ្រោះ​ទៅបុក​ផ្អឹប​នឹង​រថយន្ត​ម៉ាក​នីស្សាន់​ ១ ​គ្រឿង​ទៀត ​ដែល​បើក​បញ្ច្រាស​ទិស​គ្នា​ (​ពី​ទិសខាងកើត​ទៅ​លិច​) ​បណ្តាល​ឱ្យ​រថយន្ត​នីស្សាន់​ ១ ​គ្រឿង​នោះ ​ក្រឡាប់​ធ្លាក់​ផ្លូវ​ខាងស្តាំ​ដៃ​ជាច្រើន​ត្រឡប់​ធ្វើឱ្យ​ស្ត្រី​ចំណាស់​ម្នាក់​ត្រូវ​កៀប​នឹង​ដែក​រថយន្ត​បណ្តាល​ឱ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​។

រីឯ​បុរស​ជា​ប្តី​អ្នកបើករថយន្ត​របួស​ធ្ងន់​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង​។

លោក​បន្តថា ក្រោយ​កើតហេតុ ពលរដ្ឋ​បាន​រាយការណ៍​ទៅ​នគរបាល​ប៉ុស្តិ៍​ឃុំ​បវេល ហើយ​នគរបាល​ឃុំ​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច ដើម្បី​ចុះជួយ​អន្តរាគមន៍​បន្ទាន់​ក្នុង​ការជួយ​សង្គ្រោះ​ជនរងគ្រោះ​។ ភ្លាមៗ​នោះដែរ លោក​ក៏បាន​រាយការណ៍​ទៅ​ជំនាញ​ផ្នែក​ចរាចរណ៍​ខេត្តបាត់ដំបង ដើម្បី​ចុះ​វាស់វែង​ធ្វើ​កំណត់ហេតុ​បញ្ជូន​ទៅ​តុលាការ ខណៈ​អ្នក​ដែល​បើកបរ​រថយន្ត​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​រត់​គេចខ្លួនបាត់​។

លោក​ប្រាប់ថា​៖ «​សមត្ថកិច្ច​ស្រុក​បវេល​យើង គ្រាន់តែ​ទៅ​ជួយ​សហការ ដើម្បី​សម្រួល​បញ្ហា តែ​ខាង​ខេត្ត​គាត់​ជា​អ្នក​អនុវត្ត​នីតិវិធី​ច្បាប់​។ រថយន្ត LEXUS ជា​អ្នកបង្ក​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នេះ​»​។

លោក​ សុខ សារិន បញ្ជាក់ថា ចំពោះ​វត្ថុតាង​រថយន្ត​ទាំង​ ២ ​គ្រឿង​ និង​ម៉ូតូ​ក្មេងស្រី​រងគ្រោះ ត្រូវ​បាន​មន្ត្រី​ចរាចរណ៍​ខេត្ត​ដឹក​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​នៃ​ស្នងការ​នគរបាល​ខេត្តបាត់ដំបង​ហើយ ដើម្បី​រង់ចាំ​ម្ចាស់​រថយន្ត LEXUS បង្កហេតុ​ចូល​ខ្លួន​ដោះស្រាយ​តាមផ្លូវ​ច្បាប់​។

ចំណែក​សាកសព​ត្រូវបាន​សមត្ថកិច្ច ប្រគល់ជូន​ក្រុម​គ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​រៀងៗ​ខ្លួន​៕