បាត់ដំបង: មន្ត្រីនៃមន្ទីរបរិស្ថានខេត្តបាត់ដំបងពីម្សិលមិញបាននិងកំពុងស្រាវជ្រាវរកម្ចាស់អាជីវកម្មឡធ្យូងចំនួន ៩ ឡ បន្ទាប់ពីសមត្ថកិច្ចជំនាញបានបង្ក្រាបក្នុងដែនជម្រកសត្វព្រៃភ្នំសំកុះស្ថិតនៅឃុំកំពង់ល្ពៅ ស្រុកសំឡូត ដោយបានរឹបអូសកាំភ្លើងស្នុកដូង ពូថៅ និងខ្សែអន្ទាក់សម្រាប់ទាក់សត្វព្រៃមួយចំនួន ខណៈដែលម្ចាស់ឡធ្យូងបានរត់គេចខ្លួនបាត់។
លោក កត បូរ៉ាន់ ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបងថ្លែងថា ឡដុតធ្យូងទាំង ៩ ឡនេះមានលក្ខណៈតូចៗដែលសមត្ថកិច្ចបានចុះល្បាត ហើយជួបប្រទះឃើញនៅក្នុងព្រៃនៃដែនជម្រកសត្វព្រៃភ្នំសំកុះ ហើយសមត្ថកិច្ចបានរឹបអូសកាំភ្លើងស្នុកដូងចំនួន ២ ដើមដែលសម្រាប់បាញ់សត្វព្រៃមានពូថៅ ២ ដើម និងអន្ទាក់មួយចំនួនទៀត។
លោកបន្តថា ជនសង្ស័យដែលជាម្ចាស់ឡដុតធ្យូងខុសច្បាប់នេះបានរត់គេចខ្លួនបាត់អស់ ខណៈដែលសមត្ថកិច្ចទៅដល់ទីតាំងនោះដោយពួកគាត់ជាអ្នកចំណាកស្រុក មកប្រកបមុខរបរដុតធ្យូងលួចលាក់ ដើរបាញ់សត្វព្រៃ និងកាប់ឈើជាដើម។ ពួកគាត់បានដឹងមុនថា មានមន្ត្រីបរិស្ថានចុះល្បាតទើបពួកគាត់នាំគ្នារត់គេចខ្លួនបាត់អស់។
លោកបញ្ជាក់ថា៖ «ពួកគាត់ចល័ត ប្រសិនពួកគាត់កាប់ព្រៃតំបន់មួយអស់ហើយ គាត់នាំគ្នាទៅកាប់នៅតំបន់ផ្សេងទៀត អ៊ីចឹងគាត់ចល័តរហូតគឺមិនមែនគាត់ធ្វើតែមួយកន្លែងទេ ព្រោះគាត់គ្មានមធ្យោបាយដឹកជញ្ជូនឈើ និងដឹកធ្យូងចេញគឺគាត់ប្រើកាំបិត ពូថៅធម្មតាៗទេ។ ការប្រកបរបររបស់ពួកគាត់នេះប្រសិនបើមិនប្រញាប់ទប់ស្កាត់ទេ គឺហិនហោចទាំងព្រៃឈើ និងសត្វព្រៃផងដែរ»។
លោក បូរ៉ាន់ បន្ថែមថា សមត្ថកិច្ចជំនាញបាននិងកំពុងស្វែងរកម្ចាស់ឡធ្យូងដែលបានបើកអាជីវកម្មខុសច្បាប់ទាំងនេះ ដើម្បីចាត់វិធានការតាមច្បាប់។ បន្ថែមលើនេះមន្ត្រីបរិស្ថានបានដាក់ផែនការចុះល្បាតជាប្រចាំដោយកំណត់ក្នុង ១ សប្ដាហ៍ចុះល្បាត ២ លើក ប៉ុន្ដែប្រតិបត្តិការនេះនៅមានបញ្ហាកង្វះខាតថវិកាសម្រាប់ប្រើប្រាស់ជាមធ្យោបាយធ្វើដំណើរ និងការហូបចុក។
មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃភ្នំសំកុសម្នាក់ សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងពីម្សិលមិញថា លោកបានចុះល្បាតចំនួន ៧ នាក់ ដោយធ្វើដំណើរតាមម៉ូតូ ហើយបានចូលទៅដល់កណ្ដាលព្រៃសំកុស ស្រាប់តែជួបប្រទះឃើញមានឡដុតយកធ្យូងចំនួន ៩ ឡ ប៉ុន្ដែមិនបានឃើញមនុស្សទេ ដោយជនសង្ស័យបានរត់គេចខ្លួនបាត់អស់។
លោកបញ្ជាក់ថា៖ «ពេលដល់ទីតាំងឡធ្យូងហ្នឹង យើងបានវាយកម្ទេចចោល រុះរើរោងស្នាក់នៅរបស់ជនល្មើសចោល ហើយយើងបានរកឃើញសម្ភារល្មើសមួយចំនួនយកមករក្សាទុកនៅស្នាក់ការដែនជម្រកសត្វព្រៃភ្នំសំកុស។ ខ្ញុំអត់ដឹងថា គ្នាគាត់មានប៉ុន្មាននាក់ទេ ព្រោះខ្ញុំទៅដល់ហ្នឹង គេរត់គេចខ្លួនអស់ហើយ»។
របាយការណ៍របស់ក្រសួងបរិស្ថានបានឲ្យដឹងកាលពីម្សិលមិញថា នៅថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០២០ មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃភ្នំសំកុសបានចុះល្បាតក្នុងតំបន់អូរត្រីរ៉ស់ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុសបានឃើញឡដុតធ្យូង ១ កន្លែង មានចំនួន ៩ ឡធ្យូង។ របាយការណ៍បន្តថា កម្លាំងមន្ត្រីឧទ្យានុរក្សបានធ្វើការវាយកម្ទេចចោលទាំងស្រុងនូវឡដុតធ្យូងទាំង ៩ ឡនោះ ហើយសមត្ថកិច្ចជំនាញបាននិងកំពុងតាមស៊ើបរកមុខជនល្មើស ដើម្បីធ្វើការពិន័យមិនឲ្យមានការធ្វើឡធ្យូងនៅក្នុងតំបន់ការពារជាលើកទី ២។
ក្រសួងបរិស្ថានបញ្ជាក់ថា៖ «សមត្ថកិច្ចបានរឹបអូសវត្ថុតាងមួយចំនួនដូចជា កាំភ្លើងស្នុកដូងចំនួន ២ ដើម ពូថៅចំនួន ២ ដើម និងខ្សែអន្ទាក់សត្វព្រៃចំនួន ១០ ខ្សែ។ វត្ថុតាងត្រូវបានកម្លាំងឧទ្យានុរក្សយកមករក្សាទុកនៅស្នាក់ការដែនជម្រកសត្វព្រៃភ្នំសំកុស»៕