ភ្នំពេញ: មន្ត្រី​ជំនាញ​អគ្គ​នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​បាន​និង​កំពុង​សាក​សួរ និង​ធ្វើ​កំណត់​ហេតុ​លើ​ជន​ជាតិ​ចិន​ ២៨ នាក់ បន្ទាប់​ពី​ឃាត់​ខ្លួន​កាល​ពីថ្ងៃ​ទី ​១២ ខែ​ មិថុនា​ ពាក់​ព័ន្ធ​ករណី​លួច​ឆ្លង​ដែន​មក​ស្នាក់​នៅនិ​ង​ធ្វើកា​រនៅ​កម្ពុជា​ខុស​ច្បាប់ដោយ​គ្មាន​លិ​ខិត​ឆ្លង​ដែន​ ប៉ុន្ដែ​មន្ត្រី​មិន​ដឹង​ពេលវេលា​ត្រូវ​បញ្ជូន​ទៅ​ប្រទេស​ ចិន ​វិញ​ទេ។

លោក អ៊ុក ហៃ​សីឡា ប្រធាន​នាយក​ដ្ឋាន​ស៊ើប​អង្កេតនិង​អនុវត្ត​នីតិវិធី​នៃ​អគ្គ​នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​បាន​ឲ្យ​ដឹងថា សមត្ថកិច្ច​ជំនាញ​កំពុង​បន្ត​សួរនិង​ធ្វើ​កំណត់ហេតុ​លើ​សំណុំ​រឿងនេះដោយ​មួយ​ចំនួន​មាន​លិខិត​ឆ្លង​ដែន​ប៉ុន្ដែ​គ្មា​ន​​សៀវភៅ​ការ​ងារ និង​មួយ​ចំនួន​ទៀត​ គ្មាន​លិខិត​អ្វី​ទាំងអស់។

ក្នុងនោះ​ក៏មាន​ជន​ជាតិ​ចិន​ ១០ នាក់ បាន​យក​ឯកសារ (លិខិត​ឆ្លង​ដែន និង​លិខិត​ស្នាក់​នៅ) មក​បញ្ជាក់​ជា​បន្ត​បន្ទាប់​ដែរ។

លោក​ថា៖ «ឥឡូវ​នេះ មាន​អ្នក​ខ្លះ​យក​លិខិត​ឆ្លងដែន​មក​បង្ហាញ​សមត្ថ​កិច្ច​យើង​បន្តប​ន្ទាប់​ហើយ ​ឥឡូវ​កំពុង​បន្ត​ពិនិត្យ​មើល​ឯក​សារ​ទាំង​នេះ ប្រសិនបើគាត់​មក​ត្រឹមត្រូវ​តាម​ច្បាប់​ គឺ​យើង​អនុញ្ញាត​ឲ្យ​គាត់​នៅ ហើយ​អ្នកគ្មាន​សៀ​វភៅ​ការ​ងារ​ក៏​យើង​ពិន័យ​គាត់​ដែរ។ អ៊ីចឹង លុះ​ត្រាតែ​គាត់​បំពេញ​លក្ខខណ្ឌ​ការងារ​ត្រឹមត្រូវ​តាម​ច្បាប់​យើង»។

លោក​បន្ថែម​ថា លើស​ពីនេះ បើ​ពួកគេ​មិន​មាន​ឯក​សារ​បញ្ជាក់​ទេ សមត្ថ​កិច្ច​​នឹង​ជូន​ដំណឹង​ទៅ​ស្ថាន​ទូត​ចិន​ប្រចាំ​​កម្ពុជា​ដើម្បី​យក​​ទៅ​ប្រទេស​ចិន​វិញ​ប៉ុន្តែលោក​ថា មិន​ទាន់​អាច​បញ្ជាក់​ពី ពេល​វេលា​បាន​នៅ​ឡើយ​ទេ។

លោក ទៀង ច័ន្ទ​សារ អធិ​ការ​នគរបាល​ខ​ណ្ឌ​ដូន​ពេញ​បាន​ថ្លែង​ពី​ម្សិលមិញថា សមត្ថ​កិច្ច​លោក​​បាន​សហ​ការ​ជា​មួយ​អគ្គ​នាយក​ដ្ឋាន​អន្តោ​ប្រវេ​សន៍ និង​ស្នង​ការដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំពេញ ​ដើម្បី​ចុះ​ឆែក​ឆេរ​ទីតាំង​ការងារ​ និង​កន្លែង​ស្នា​ក់​នៅ​របស់​ជន​ជាតិ​ចិន​ទាំង​នេះ ប៉ុន្ដែ​របាយ​ការណ៍​ផ្សេងៗ លោក​បាន​ប្រគល់​ជូន​អគ្គ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍​ទាំងអស់​ហើយ។

លោក​បញ្ជាក់​ថា៖​ «កម្លាំង​ខ្ញុំ​គ្រាន់​តែ​សហ​ការ​ជាមួយ​កម្លាំង​ជំនាញផ្សេង​ទេ។អ៊ីចឹងរបាយ​ការណ៍ឬ​កំណត់​ហេតុ​អ្វី​ផ្សេងៗ​សួរ​ទៅ​អគ្គ​នាយក​ដ្ឋាន​អន្តោប្រ​វេសន៍ព្រោះ​ជា​ជំនាញ​គាត់»។

តាម​របាយ​ការណ៍​រប​ស់អគ្គ​នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​បាន​បង្ហាញ​កាលពី​ថ្ងៃទី ១២​ មិថុនា​​ថា ប្រតិប​ត្តិការ​នេះមាន​ការ​សម្រ​បស​ម្រួ​ល​ពី​លោក​ ខាំ សុ​ផា​រី ព្រះរាជ​អាជ្ញារង​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធា​នី​ភ្នំពេញ​ដោយ​ចុះ​ត្រួត​ពិនិត្យ​ការ​ដ្ឋាន​សំណង់ នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​ ១០០ ក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌ​ដូនពេញ។

របាយ​ការណ៍​ដដែល​ឲ្យ​ដឹង​ថា ​ក្នុង​ប្រតិ​បត្តិការ​នេះបាន​រក​ឃើញ​កម្មករ​ ៤០ នាក់ ស្រី​ ៥ នាក់ ក្នុង​នោះ​មាន​​ជនជាតិ​ចិន​ ២៨ ​នា​ក់។ ជា​លទ្ធផល​នៃ​ការ​សាក​សួរ​ជន​ជាតិ​ចិន​ទាំង ២៨ នាក់​ នោះគឺមាន​ ១៩ នាក់ មាន​លិខិត​ឆ្លងដែន (គ្មាន​ប័ណ្ណ​ការងារ) និង​ចំនួន​ ៩ ​នាក់​ មិន​មាន​លិខិត​ឆ្លងដែន។

បើតាមរបាយការណ៍ ជនជា​តិ​ចិន​​ ៩ ​នាក់ ដែលគ្មាន​លិខិត​ឆ្លងដែនត្រូវបាន​យកមក​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេសន៍ រីឯ​លិខិត​ឆ្លង​ដែន​របស់​អ្នក​គ្មាន​ប័ណ្ណ​ការងារ​ចំនួន ១៩ ក្បាល​ ក៏​ត្រូវ​បាន​ដក​ហូត ​ដើម្បី​ចាត់ការ​បន្ដ​តាម​ច្បាប់​ផងដែរ។

កាលពី​ខែ ធ្នូ​ ឆ្នាំ ២០១៨ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ​បាន​បណ្តេញ​ជនជាតិ​ចិន​ ២៣៥ នាក់​ ក្នុងនោះ​ស្រី ៣៥ នាក់​ ចេញ​ពី​កម្ពុជា​ទៅ​ប្រទេស​កំណើត​វិញ​តាម​យន្តហោះ​នៅ​​ច្រកទ្វារ​អាកាស​យានដ្ឋាន​​អន្តរជាតិ​ភ្នំពេញ​ក្រោយ​ពី​ការបង្ក្រាប​ករណី​ឆបោក​គំរាម​កំហែង និង​ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ​ទូរគមនាគមន៍ (VOIP) នៅស្រុក​ត្រាំកក់ និង​ស្រុក​បាទី ខេត្តតាកែវ ​នៅ ៤ ទីតាំង​ផ្សេងៗ​គ្នា។

តាម​ស្ថិតិ​របស់អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹងថានៅ​ក្នុង​ឆ្នាំ ២០១៨ មាន​ជនបរទេស​ចំនួន ១ ៣៤៨ នាក់​ ត្រូវ​នឹង ៥២ សញ្ជាតិ​ ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​កម្ពុជា។ រីឯ ៥ ឆ្នាំ​ចុង​ក្រោយ​នេះ មាន​ជន​បរទេស​ ៩៥ សញ្ជាតិ​ ដែល​មាន​សរុប ១៥ ៣៦៦ នាក់​ ត្រូវបាន​បណ្ដេញ​ចេញ​ពី​កម្ពុជា៕