ភ្នំពេញ: សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ​កំពុង​បន្ត​នីតិវិធី​សាកសួរ​មនុស្ស​មួយចំនួន​ទៀត​ក្នុង​ចំណោម​ ១៣ ​នាក់ (​ជនបរទេស​ ៥ ​នាក់​) ​ដែល​ត្រូវបាន​ឃាត់​ក្នុង​រយៈពេល​ ២ ​ថ្ងៃ​ពាក់ព័ន្ធ​នឹង​ការផលិត និង​ការលក់​ឧបករណ៍​ក្លែងក្លាយ​សម្រាប់​ធ្វើតេស្ត និង​ការពារ​កូវីដ​ ១៩ បន្ទាប់ពី​មាន​មនុស្ស​ ៤ ​នាក់​ទើប​ត្រូវ​បានអនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ក្រោយពេល​អប់រំ​រួច​។

លោក ឆាយ គឹមខឿន អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា ក្នុង​ចំណោម​មនុស្ស​ ១៣ ​នាក់​ ដែល​សមត្ថកិច្ច​ជំនាញ​ឃាត់ខ្លួន​នៅ​ថ្ងៃទី​ ២៩ និង​ ៣០ ខែមីនា​នោះ​គឺ​មាន​ ៤ ​នាក់​ ត្រូវបាន​សមត្ថកិច្ច​អប់រំ ហើយ​អនុញ្ញាត​ឲ្យ​វិល​ទៅផ្ទះ​វិញ រីឯ​មនុស្ស​ ៩ ​នាក់​ទៀត ​កំពុង​ស្ថិតក្នុង​នីតិវិធី​សាកសួរ​នៅឡើយ​។

លោក​បន្តថា​មនុស្ស​ ៩ ​នាក់​នោះ ​ត្រូវ​បាន​ឃាត់ខ្លួន​ពេល​សមត្ថកិច្ច​បើក​ប្រតិបត្តិការ​បង្ក្រាប​ទូទាំងប្រទេស​ចំនួន​ ១២ ​ករណី​ ក្នុង​នោះ​មាន​ ៩ ​ករណី​ នៅក្នុង​រាជធានី​ភ្នំពេញ ២ ​ករណី​ នៅ​ខេត្ត​ព្រះសីហនុ និង​ ១ ​ករណី​ នៅ​ខេត្ត​សៀមរាប​។ ចំពោះ​អ្នក​ដែល​ត្រូវបាន​អប់រំ​ហើយ​អនុញ្ញាត​ឲ្យ​ទៅផ្ទះ​វិញ​នោះ​គឺ​​ជា​អ្នកលក់​តាម​អនឡាញ ដែល​ពួកគាត់​មិនមាន​ផលិតផល​ក្នុង​ស្ដុក​ទេ ហើយ​ប្រសិន​បើ​មាន​គេ​កុម្ម៉ង់​ទិញ​ទើប​ទៅ​យក​ពី​អ្នកផ្សេង មក​លក់​បន្ត​។

លោក ឆាយ គឹមខឿន បញ្ជាក់ថា​៖ «​សមត្ថកិច្ច​បាន​រឹបអូស​ឧបករណ៍​ក្លែងក្លាយ​មួយចំនួន​ធំ​ក្នុង​នោះ​មាន​ម្ជុល​ធ្វើតេស្ត​ឈាម​ ២១ ​ដើម ឧបករណ៍​តេស្ត​បន្ទាន់​ ១៣ ​កេស​ (​នៅ​ភ្នំពេញ​) និង​ ៤៨ ​កញ្ចប់ (​នៅ​ព្រះសីហនុ​) សម្លៀក​បំពាក់ ៤០០ ​កុំប្លេ និង​ម៉ាស់​ក្លែងក្លាយ​ ១៩១ ៥០០ ​ម៉ាស់​ផងដែរ​។ ​ទោះ​យ៉ាងណា​ករណី​លក់​ផលិតផល​មិន​ត្រឹមត្រូវ​នេះ​ទាក់ទង​សន្ដិសុខ​ជាតិ​ទាំងមូល​ដូច្នេះ​យើង​ត្រូវតែ​ការប្រឆាំង​នឹង​ជន​ឆ្លៀតឱកាស​ទាំងអស់​នេះ​ដោយ​បន្ត​ចុះ​ប្រតិបត្តិការ​បន្តបន្ទាប់​ទៀត​»​។

លោក ឡី សុភាព ប្រធាន​សមាគមសហព័ន្ធ​វិនិយោគិន​កម្ពុជា និង​ជា​ប្រធាន​សមាគម​អ្នកលក់​ឱសថ​កម្ពុជា​បាន​ថ្លែង​ពី​ម្សិលមិញ​ថា លោក​គាំទ្រ​ចំពោះ​ប្រតិបត្តិ​ការបង្ក្រាប​របស់​សមត្ថកិច្ច​លើ​អ្នក​ឆ្លៀតឱកាស​ប្រកបមុខរបរ​រកស៊ី​មិន​ស្មោះ​ត្រង់នេះ​។ ​បើ​មាន​អាជីវករ​រកស៊ី​មិន​ត្រឹមត្រូវ​ស្រប​ពេល​ដែល​ប្រទេសជាតិ​កំពុង​រងគ្រោះ​ដោយ​ជំងឺ​កូវីដ​ ១៩​ បែបនេះ​ នឹង​បង្ក​គ្រោះមហន្ដរាយ​មួយ​កម្រិត​ថែមទៀត​ដល់​អ្នកប្រើប្រាស់​។

លោក​បាន​ជំរុញ​ឲ្យ​សមត្ថកិច្ច​ចាត់​វិធានការ​ឲ្យ​តឹងរ៉ឹង​បំផុត​ចៀសវាង​ការលក់ដូរ​កេងចំណេញ​គ្មាន​គិតពី​ប្រយោជន៍​ជាតិ និង​ផលប៉ះពាល់​ដល់​អ្នក​ប្រើប្រាស់​ផលិតផល​។

លោក​បញ្ជាក់ថា​៖ «​ប្រទេស​យើង​កំពុង​ជួប​គ្រោះ​ពី​ជំងឺ​កូវីដ​១៩​នេះ អាជីវករ​ ឬ​ឱសថការី​យើង មិនគួរ​កេងចំណេញ​ហួសហេតុ​ពេក​ទេ គួរតែ​នាំគ្នា​ធ្វើ​ទាន បរិច្ចាគ​សម្ភារ​ខ្លះ​តាម​ដែល​អាចធ្វើ​ទៅ​បាន ហើយ​បើ​យើង​ម្នាក់ៗ​គិតតែ​ពី​ចំណេញ តើ​អ្នករងគ្រោះ​ជា​ជនជាតិ​យើង​នឹង​ទៅជា​យ៉ាងណា​បើ​គាត់​គ្មាន​លទ្ធភាព​ទិញ​របស់​ថ្លៃៗ​នោះ​? »​។

ការបង្ក្រាប​នេះ​ក្រោយពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ដាក់បទបញ្ជា​យ៉ាង​ម៉ឹងម៉ាត់ ហើយ​កាលពី​ថ្ងៃទី​ ២៩ ខែមីនា លោក នេត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​បាន​បញ្ជា​ឲ្យ​នគរបាល​ទូទាំង​ប្រទេស សហការ​ជាមួយ​នគរបាល​នាយកដ្ឋាន​​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ស្រាវជ្រាវ និង​ចាប់​ឃាត់ខ្លួន​ម្ចាស់​ឱសថស្ថាន​រូប​ណា​ដែល​លក់​ឧបករណ៍​ធ្វើតេស្ត និង​ការពារ​ជំងឺ Covid-19 គ្មាន​ការអនុញ្ញាត​ស្របច្បាប់​។

ជាមួយ​គ្នា​នេះដែរ​កាល​ថ្ងៃទី​ ៣០ ខែមីនា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបាន Fresh News ដកស្រង់​ប្រសាសន៍​ថា រាជរដ្ឋាភិបាល​បានសម្រេច​បញ្ជា​ទិញ​ម៉ាស់​ពី​ ៣ ​លាន​ កើន​ដល់​ ៥ ​លាន​ ២ ​សែន​ម៉ាស់​សម្រាប់​ចែកចាយ​ជូន​ពលរដ្ឋ និង​ផ្តល់ជូន​គ្រូពេទ្យ​កម្ពុជា​នៅក្នុង​អំឡុងពេល​មាន​បញ្ហា Covid-19 នេះ​។

លោក​បាន​ចាត់​ឲ្យ​ក្រសួង​សុខាភិបាល​បញ្ជា​ទិញ​ពី​ក្រៅប្រទេស​ចំនួន​ ៤ ​លាន​ម៉ាស់ និង​បញ្ជា​ទិញ​ពី​រោងចក្រ​ផ្ទាល់​នៅ​ខេត្ត​ព្រះសីហនុ​ចំនួន​ ១ ​លាន​ ២ ​សែន​ម៉ាស់​។ ​ចំពោះ​រោងចក្រ​ផលិត​ម៉ាស់​នៅ​ខេត្ត​ព្រះសីហនុ ក្រោយពី​​បញ្ជា​ទិញ​ទំនិញ​ហើយ រោងចក្រ​នេះ​នឹង​ក្លាយ​ជា​រោងចក្រ​ផលិត​ម៉ាស់​សម្រាប់​ផ្គត់ផ្គង់​ឲ្យ​រដ្ឋ​ដើម្បី​ប្រើប្រាស់​នៅក្នុង​ស្រុក​តែម្តង​។

ក្រៅពី​រោងចក្រ​ផលិត​ម៉ាស់​នេះ​លោក​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជា​ឲ្យ​រោងចក្រ​មួយទៀត​ដែល​មាន​សមត្ថភាព​អាច​ផលិត​ទឹក​អាល់កុល​ជាង​ ១០ ០០០ ​លីត្រ ក្នុង​ ១ ​ថ្ងៃ​ សម្រាប់​ជា​ទំនិញ​ផ្គត់ផ្គង់​ឲ្យ​រដ្ឋ​ផងដែរ​ដោយ​ទុក​អាល់កុល​ជា​ទំនិញ​យុទ្ធសាស្ត្រ​សម្រាប់​ប្រើប្រាស់​ក្នុង​កាលៈទេសៈ​នៃ​ការរីករាលដាល​ជំងឺ​ Covid-19 នៅ​កម្ពុជា​។

លោក​បាន​បញ្ជាក់ថា ពេលនេះ​ម៉ាស់​ប្រៀប​ដូចជា គ្រាប់កាំភ្លើង​ដែល​ត្រូវ​បម្រុង​ទុក ដើម្បី​ការពារ​ខ្លួន ខណៈ​ថវិកា​ដែល​ចំណាយ​ទៅលើ​ការទិញ​ម៉ាស់ អាល់កុល និង​អាវ​សម្រាប់​ផ្គត់ផ្គង់​ដល់​គ្រូពេទ្យ​នោះ​ត្រូវបាន​លោក​អះអាងថា ជា​ថវិកា​របស់​សប្បុរសជន​ដែល​បាន​បរិច្ចាគ​ជា​បន្តបន្ទាប់​ដល់​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ ​១៩ កន្លង​មក​នេះ​៕