បន្ទាយមានជ័យ/សៀមរាប: នគរបាល​អន្ដោប្រវេសន៍​ខេត្ត​សៀមរាប​កំពុង​សាកសួរ​ជនសង្ស័យ​បរទេស​ ៦ ​សញ្ជាតិ​សរុប​ ១៩៧ ​នាក់​ (​ស្រី​ ១២៤​ នាក់​) បន្ទាប់ពី​បញ្ជូន​ពី​ខេត្ត​បន្ទាយមានជ័យ​ក្រោយពេល​ចាប់ខ្លួន​កាលពី​ថ្ងៃទី​ ១៩ ខែវិច្ឆិកា ជុំវិញ​ករណី​បើក​ល្បែង​អនឡាញ​ខុសច្បាប់​នៅ​សង្កាត់​/​ក្រុង​ប៉ោយប៉ែត ខណៈ​ជនជាតិ​ខ្មែរ​ ១២ ​នាក់​ផ្សេងទៀត​ត្រូវបាន​ដោះលែង​។

លោក កែវ វណ្ណថន អគ្គនាយករង​អន្តោប្រវេសន៍​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ និង​ជា​អ្នកដឹកនាំ​កម្លាំង​ចុះបង្ក្រាប​ផ្ទាល់​កាលពី​ម្សិលមិញ​បាន​បដិសេធ​ការធ្វើ​អត្ថាធិប្បាយ​លម្អិត​ជុំវិញ​ករណី​នេះ ប៉ុន្ដែ​លោក​បានបញ្ជាក់​យ៉ាងខ្លី​ថា មន្ត្រី​ជំនាញ​បាន និង​កំពុង​បន្ត​សាកសួរ​ជនសង្ស័យ​បរទេស​ទាំង​ ១៩៧ ​នាក់​នោះ​នៅឡើយ​។ ​«​ខ្ញុំ​អត់​ទាន់​អាច​បញ្ជាក់​ពី​ចំណាត់ការ​លម្អិត​ទេ ព្រោះ​សំណុំ​រឿងនេះ​ស្ថិត​នៅក្នុង​ដំណាក់​ការស្រាវជ្រាវ​បន្ត​»​។

លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ដែល​បាន​ដឹកនាំ​សមត្ថកិច្ច​ខេត្ត​ចូលរួម​ក្នុង​ប្រតិបត្តិការ​នេះ មិន​បាន​បញ្ជាក់​ពី​ករណី​នេះ​ទេ​កាលពី​ម្សិលមិញ​ដោយ​លោក​អះអាងថា របាយការណ៍​ពាក់ព័ន្ធ​ត្រូវបាន​ប្រគល់​ជូន​ទៅ​មន្ត្រី​ជំនាញ​អន្តោប្រវេសន៍​អស់​ទៅហើយ​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​អត់​អាច​ជម្រាបជូន​លម្អិត​បានទេ ហើយ​សូម​សួរ​ទៅ​មន្ត្រី​ជំនាញ​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ព្រោះ​ពួក​ខ្ញុំ​មិនមាន​របាយការណ៍​ហ្នឹង​ទៀត​ទេ ហើយ​រឿង​នីតិវិធី​បែបណា​ទៀត​នោះ ខ្ញុំ​អត់​ដឹង​ទេ​»​។

ប៉ុន្ដែ​បើតាម​បណ្ដាញ​សារព័ត៌មាន​ក្នុងស្រុក​មួយ​បាន​ដកស្រង់​សម្ដី​លោក អាត់ ខែម កាលពី​ថ្ងៃទី​ ២០ ខែ​វិច្ឆិកា​ថា ប្រតិបត្តិការ​នេះ​ត្រូវ​បាន​លោក កែវ វណ្ណថន អគ្គនាយករង​អន្តោប្រវេសន៍​ជា​អ្នកដឹកនាំ​កម្លាំងចម្រុះ សហការ​ជាមួយ​សមត្ថកិច្ច​ប្រឆាំង​បទល្មើស​ល្បែង​ពាណិជ្ជកម្ម​ខេត្ត​បន្ទាយមានជ័យ​ដោយ​​មាន​ការសម្របសម្រួល​នីតិវិធី​ពី​លោក​ តេង សាម៉ៃ ព្រះរាជអាជ្ញារង​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ​បាន​ចុះ​ត្រួតពិនិត្យ​គោលដៅ​បើក​ល្បែង​អនឡាញ​ខុសច្បាប់​ចំនួន​ ២ ​កន្លែង​។ ក្នុងនោះ​ទីតាំង​ទី​ ១ នៅផ្ទះ​សំណាក់​នាគទិព្វ​ ២ និង​ទីតាំង​ទី​ ២ ​នៅ​ផ្ទះ​ល្វែង​ក្រុមហ៊ុន​ Paramex (​គ្មាន​ច្បាប់​អនុញ្ញាត​) ​នៅ​ភូមិ​ក្បាលស្ពាន​ ២ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។

លោក​បន្ត​ថា​នៅ​ចំណុច​ទីតាំង​ទី​ ២ ​នេះ​សមត្ថកិច្ច​នគរបាល​បាន​ឃាត់ខ្លួន​ជនជាតិខ្មែរ និង​បរទេស​សរុប​ចំនួន​ ២០៩​​នាក់​ (​ស្រី​ ១៣០ ​នាក់​)​។​ ក្នុងនោះ​មាន​ជនសង្ស័យ​ ៧ ​សញ្ជាតិ​រួមមាន ជនជាតិ​ថៃ​ ១៨៣ ​នាក់ (​ស្រី​ ១១៨ ​នាក់​) ​ឥណ្ឌា​​ ៣ ​នាក់​,​ ម៉ាឡេស៊ី​ ២ ​នាក់​ (​ស្រី​),​ ឥណ្ឌូនេស៊ី​ ២ ​នាក់​, ​តៃវ៉ាន់​ ២ ​នាក់​,​ ឡាវ​ ៥ ​នាក់​ (​ស្រី​ ៤ ​នាក់​) និង​ជនជាតិខ្មែរ​ ១២ ​នាក់​ (​ស្រី​​ ៦ ​នាក់​)​។ ​រីឯ​វត្ថុតាង​មាន​ដូចជា​ម៉ាស៊ីន​កុំព្យូទ័រ​ ១០ ​គ្រឿង និង​ទូរស័ព្ទដៃ​មួយ​ចំនួន​។ ​រីឯ​អគារ​ទីតាំង​ខាងលើ​ត្រូវបាន​បិទ​ជា​បណ្ដោះអាសន្ន​។

លោក​បន្ថែមថា ក្រោយពី​ត្រួតពិនិត្យ​រួចហើយ​កម្លាំងចម្រុះ​បាន​អនុញ្ញាត​ឲ្យ​ជនជាតិ​ខ្មែរ​ចំនួន​ ១២ ​នាក់​ ត្រឡប់​ទៅ​លំនៅឋាន​វិញ​។ ចំណែក​ជនបរទេស​ចំនួន​ ១៩៧ ​នាក់​ (​ស្រី​ ១២៤ ​នាក់​) ត្រូវ​បាន​ឃាត់ខ្លួន​បញ្ជូន​ទៅ​ការិយាល័យ​អន្ដោប្រវេសន៍​នៅ​ខេត្ត​សៀមរាប​ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី​ច្បាប់​។

លោក ធិន ស៊ិនដេត អធិការ​នគរបាល​ក្រុង​ប៉ោយប៉ែត​បាន​ថ្លែងថា លោក​និង​នគរបាល​ក្រុង​ប៉ោយប៉ែត​បាន​ចូលរួម​ ប៉ុន្ដែ​កម្លាំង​របស់លោក​មួយ​ចំនួន​បាន​យាម​ប្រចាំការ​នៅ​ខាង​ក្រៅ​អគារ​ដោយ​ក្រុមមន្ត្រី​ជំនាញ​អន្តោប្រវេសន៍​បាន​ចូល​អនុវត្ត​ប្រតិបត្តិការ​នេះ​ផ្ទាល់​។

លោក​បន្តថា ជនសង្ស័យ​បរទេស​ទាំងនោះ​ត្រូវបាន​បញ្ជូន​ទៅ​ការិយាល័យ​អន្តោប្រវេសន៍​ខេត្ត​សៀមរាប​ដើម្បី​ត្រួតពិនិត្យ សាកសួរ និង​ស្រាវជ្រាវ​បន្ថែមទៀត​។

លោក ស៊ិនដេត បញ្ជាក់ថា​៖ «​ខ្ញុំ​ជម្រាប​តែ​ប៉ុណ្ណឹង​ទេ ហើយ​អាច​សួរ​ទៅ​មន្ត្រី​ជំនាញ​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បន្ថែមទៀត ព្រោះ​ពួកគាត់​អ្នក​ចុះ​អនុវត្ត​ប្រតិបត្តិការ​នេះ​ផ្ទាល់ ហើយ​គាត់​ក៏​ជា​អ្នកជំនាញ​ដែរ​...»​។

គួរ​បញ្ជាក់​ថា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានចេញ​សារាចរ​ណែនាំ​មួយ​កាលពី​ខែសីហា​ឆ្នាំនេះ ឲ្យ​ចាត់​វិធានការ​លើ​ល្បែងភ្នាល់​តាម​ប្រព័ន្ធ​អនឡាញ​ ឬ​ប្រព័ន្ធ​អ៊ីនធឺណិត ក្រោយពេល​ដឹងថា​មាន​ក្រុម​ឧក្រិដ្ឋជន​បរទេស​មួយ​ចំនួន​បាន​ប្រើប្រាស់​ល្បែង​នេះ​ដើម្បី​បោកប្រាស់​ជំរិត​ទារប្រាក់​ពី​ជនរងគ្រោះ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​៕