ភ្នំពេញៈ ​នគរបាល​ខណ្ឌ​មានជ័យ​កាលពី​ម្សិលមិញ​បាន​បន្ត​សួរ​មនុស្ស​ ២៧ ​នាក់​ក្នុង​នោះ​​មាន​អ្នកកាសែត​ ១៣ ​នាក់​ផង បន្ទាប់ពី​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​ ២៤ ​ឧសភា​ ពាក់ព័ន្ធ​នឹង​ការបញ្ជល់​មាន់ និង​លេងល្បែង​ស៊ីសង​នៅ​ភូមិ​ដំណាក់​ធំ​ ៣ សង្កាត់​ស្ទឹងមានជ័យ​ទី​ ៣ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ​។

លោក​ ម៉េង វិមានតារា អធិការនគរបាល​ខណ្ឌ​មានជ័យ​ឲ្យ​ដឹង​ពី​ម្សិលមិញ​ថា ករណី​អ្នកកាសែត​​ និង​អ្នកលេង​ល្បែងស៊ីសង​ខុសច្បាប់​នោះ​សមត្ថកិច្ច​លោក​កំពុង​បន្ត​សួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ មុនពេល​បញ្ជូន​បន្តទៅ​តុលាការ​។

លោក​ថ្លែង​យ៉ាងខ្លី​មុន​បិទ​ទូរស័ព្ទ​ថា​៖ «​ខ្ញុំ​មិនទាន់​បញ្ជូន​ពួកគេ​ទៅ​តុលាការ​ទេ កំពុង​កសាង​សំណុំរឿង​តាម​នីតិវិធី​»​។

លោក ម៉េង វិមានតារា មិនបាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការឃាត់ខ្លួន​នេះ​ទេ​។ ​តែ​មន្ត្រី​នគរបាល​ប៉ុស្ដិ៍​សង្កាត់​ស្ទឹងមានជ័យ​ ៣ ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹងថា ការចុះ​បង្ក្រាប​ទីតាំង​លួច​បញ្ជល់មាន់ និង​លេង​អាប៉ោង​នេះ​គឺ​បន្ទាប់ពី​ពលរដ្ឋ​ផ្តល់ព័ត៌មាន​មក​ឲ្យ​សមត្ថកិច្ច​។

លោក​បញ្ជាក់​ថា ក្នុងចំណោម​អ្នក​ដែល​ត្រូវ​ឃាត់ខ្លួន​ក្នុងនោះ​មាន​អ្នកកាសែត​ ១៣ ​នាក់ រីឯ ១៧ ​នាក់​ទៀត​ជា​អ្នក​ភ្នាល់​ល្បែង​បញ្ជល់មាន់​។

លោក​បន្ថែមថា ក្រៅពី​ឃាត់​ខ្លួន​មនុស្ស សមត្ថកិច្ច​បាន​រឹបអូស​វត្ថុតាង​មួយ​ចំនួន​រួមមាន​មាន់​ឈ្មោល​ ៥ ​ក្បាល​ (​ងាប់​ ២ ​ក្បាល​),​ជញ្ជីង​សម្រាប់​ថ្លឹង​មាន់​ ១ ​គ្រឿង​,​ទូរស័ព្ទដៃ​ចាស់​ ២០ ​គ្រឿង និង​ម៉ូតូ​ ៣ ​គ្រឿង​។

លោក ផុស សុវណ្ណ អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន​បាន​ថ្លែង​​ថា កំហុស​អ្នកកាសែត​អ៊ីចឹង​ជួនកាល​ក្រសួង​ហៅ​ចាងហ្វាង​​ព្រមាន​ ឬ​បើ​សមត្ថកិច្ច​ចោទ​ប្រកាន់​ក៏ត្រូវ​ព្យួរការងារ​របស់​គាត់​អ៊ីចឹង​ដែរ​៕