ភ្នំពេញៈ នគរបាល​ខ​ណ្ឌ​ពោធិ៍​សែន​ជ័យ នៅ​កំពុង​បន្ត​ធ្វើការ​សាកសួរក្រុម​ក្មេង​ទំនើង ​ដែល​ប្រដាប់​ដោយ​​ដាវ​សាំ​ម៉ូ​រ៉ៃ និង​កាំបិត​ប៉័ងតោចំនួន ​២៨ នាក់ បន្ទាប់​ពី​ត្រូវបាន​​ចាប់​ឃាត់ខ្លួន​កាលពី​យប់​រំលង​អា​ធ្រា​ត្រ​ ឈានចូល​ថ្ងៃទី ០៤ ខែ កុម្ភៈ ឆ្នាំ ២០២១ ខណៈ​ពួក​គេ​​កំពុង​ប្រមូលផ្ដុំ​គ្នា​ នៅលើ​ដងផ្លូវ​វេ​ង​ស្រេង និង​ស្រែក​ឡូឡា​រំខាន​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ នៅក្នុង​មូលដ្ឋាន​ភូមិ​ជ្រៃ​កោង​ ២​ សង្កាត់​ចោម​ចៅ​ទី២។

លោក ម៉ន វុ​ធី អធិការ​នគរបាល​ខ​ណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា ខណៈ​កំពុង​ចុះ​ល្បាត រក្សា​សុវត្ថិភាព សន្តិ​សុខ នាពេល​យប់​នៅតាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ​កម្លាំង​សមត្ថកិច្ច​បាន​ប្រទះឃើញ មនុស្ស​មួយក្រុម​ប្រមូល​ផ្ដុំគ្នា នៅមុខ​ហ្គា​រាស់​សាំង​មួយកន្លែង​ ក្នុងភូមិ​សាស្ត្រ​ខាងលើនេះ ដោយមាន​អ្នកខ្លះ​កាន់ដាវ និង​កាំបិត និង​ស្រែក​ឡូឡា បង្ក​ការភ័យខ្លាច​ដល់​អ្នកដំណើ​រ និង​អ្នកភូមិ​ក្នុង​តំបន់​នោះ ហើយ​កម្លាំង​របស់លោកក៏បាន​បង្ក្រាប​ចាប់​ឃាត់ខ្លួន​ពួកគេ​យក​មក​សួរនាំ​តែ​ម្ដង។

លោក វុ​ធី បាន​បញ្ជាក់ថា៖ «ថ្វីបើ​ក្នុង​យប់​នោះ ពួកគេ​នៅ​ពុំទាន់​ធ្វើ​សកម្មភាព​ហឹ​ង្សា​ណាមួយ​កើតឡើង​ ប៉ុន្តែ​សកម្មភាព​របស់​ពួកគេបាន​បង្ក​ឲ្យ​មានការ​ភ័យខ្លាច​ដល់​អ្ន​កភូមិ និងអ្នកដំណើរ​ឆ្លងកាត់​ក្នុង​តំបន់​នោះ»។

បើតាម​លោក វុ​ធី​ ​ក្នុង​ប្រតិ​បត្តិការ​នោះ កម្លាំង​សមត្ថ​កិច្ច​បាន​ចាប់​រឹបអូស​វត្ថុតាង​មួយចំនួន ​រួមមាន​ម៉ូតូ ១២​ គ្រឿង ដាវ​ចំនួន​ ៥​ ដើម កាំបិត​ប៉័ងតោ​ ២​ ដើម ​និង​គ្រឿង​ញៀន​ប្រភេទ Ice Methamphetamine ចំនួន ៧ កញ្ចប់​តូច។

បន្ទាប់ពី​ឆែកឆេរ​រកឃើញ​គ្រឿង​ញៀន ក្រុមមន្ត្រី​នគរបាល​ជំនាញបាន​យក​សំណាក​ទឹកនោម​របស់​ពួកគេ​ទៅ​ធ្វើ​តេស្តរក​សារធាតុ​ញៀន។ ជា​លទ្ធផលមនុស្ស ១៨ នាក់​ ក្នុង​ចំណោម​ពួកគេ ត្រូវបាន​រកឃើញ​វិជ្ជមាន​សារ​ធាតុ​ញៀន​នៅក្នុង​ទឹក​នោម។

ក្រោយពី​ទទួលបាន​លទ្ធផល​នៃ​ការធ្វើ​តេស្តលើ​សំណាក​ទឹកនោម​របស់​ពួកគេ ក្រុមមន្ត្រី​ជំនាញបាន​ញែក​ពួកគេ​ចេញ​ជា ២ ក្រុម​ដាច់ពីគ្នា ដើម្បី​ងាយស្រួល​ក្នុងការ​ស៊ើបសួរ​ចម្លើយពាក់ព័ន្ធ​ករណី​ប្រមូល​ផ្ដុំគ្នាដោយមាន​ដាវ​ និង​កាំបិត​ច្រូងច្រាង​នេះ ដើម្បី​ឈានទៅ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ចាត់​វិធានការ​បន្ត​តាម​នីតិវិធី​ច្បាប់។

លោក​បាន​បញ្ជាក់​ថា៖ «នៅ​ពេល​នេះ ក្រុម​មន្ត្រី​នគរបាល​ជំនាញ​យើងនៅ​មិនទាន់​បញ្ចា​ប់​ការ​ស៊ើប​ពួកគេ​នៅ​ឡើយ​ទេ»។

លោក​បាន​បន្ថែម​ថា កន្លង​មកមាន​សេចក្ដី​រាយការណ៍​ពី​ប្រជាពលរដ្ឋ​ថា មាន​ករណី​វាយ​ប្រតប់​គ្នា ឆក់​ការ​បូ​ប និង​កាប់​ប្លន់​យក​ម៉ូតូ ពី​អ្នក​ដំណើរ ដែល​ឆ្លងកាត់​តាម​បណ្ដោយ​ផ្លូវ​ក្នុងភូមិ​សាស្ត្រ​ខាងលើនេះ​ នៅពេល​យប់​ផង​ដែរ៕