ភ្នំពេញៈ នគរបាល​ខណ្ឌ​សែនសុខ​កាលពី​ម្សិលមិញ​នៅ​កំពុង​បន្ត​សាកសួរ​បុរស​ស្ត្រី​ជនជាតិ​ចិន​ ២ ​នាក់​ មកពី​កោះតៃវ៉ាន់ បន្ទាប់ពី​ចាប់ខ្លួន​កាលពី​ថ្ងៃទី​ ៥-៦ ខែមករា នៅ​ភូមិ​បាយាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែនសុខ​ពាក់ព័ន្ធ​នឹង​ការ​រក្សាទុក​សារធាតុ​ផ្សំ​គីមី​កែច្នៃ ដើម្បី​ប្រើប្រាស់​សម្រាប់​ផលិត​គ្រឿងញៀន​។

លោក ហួរ ម៉េងវ៉ាង អធិការ​ខណ្ឌ​សែនសុខ​ប្រាប់​ពី​ម្សិលមិញ​ថា​ជនសង្ស័យ​ទាំង​ ២ ​នាក់​ដែល​ជា​ជនជាតិ​ចិន​មកពី​កោះ​តៃវ៉ាន់​ឈ្មោះ ស៊ី អាយអី ភេទ​ស្រី អាយុ​ ២១ ​ឆ្នាំ​ ជា​អ្នកទេសចរ និង​ម្នាក់ទៀត​ឈ្មោះ​ លី តាយឈាវ ភេទ​ប្រុស អាយុ​ ៤១ ​ឆ្នាំ​ ជា​អ្នកបើក​កន្លែង​អ៊ីនធឺណិត​ស្នាក់នៅ​ផ្ទះជួល​លេខ​ ៥៨ ផ្លូវ​បេតុង ភូមិ​បាយាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែនសុខ​។

លោក​ថ្លែងថា​៖ «​ជនសង្ស័យ​ទាំង​ ២ ​នាក់​កំពុង​ឃុំខ្លួន​នៅ​អធិការដ្ឋាន​ដើម្បី​បន្ត​ស្រាវជ្រាវ​រក​គូកន​របស់​ពួកគេ​ទៀត​»​។

លោក​បាន​ឲ្យ​ដឹង​ទៀតថា​នៅវេលា​ម៉ោង​ ៩ ​កន្លះ​យប់​ថ្ងៃទី ៥ ខែ​មករា​សមត្ថកិច្ចរ​បស់​លោក​បាន​បើក​ប្រតិបត្តិការ​ដោយ​មាន​ការចូលរួម​ពី​កម្លាំង​សមត្ថកិច្ច​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួង​មហាផ្ទៃ​ក្រោម​ការសម្របសម្រួល​ផ្នែក​ផ្លូវច្បាប់​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចាប់ខ្លួន​ឈ្មោះ​ លី តាយឈាវ នៅ​ចំណុច​ផ្ទះជួល​លេខ​ ៥៨ ​ផ្លូវ P៩ ភូមិ​បាយាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌសែនសុខ​។

ការឃាត់ខ្លួន​នោះ​សមត្ថកិច្ច​ដកហូត​បាន​អាវុធខ្លី​ចំនួន​ ២ ​ដើម​ដែល​ ១ ​ដើម ម៉ាក ZORAKIM906 ពណ៌​ខ្មៅ​លាយ​ទឹកប្រាក់​លេខ​ ០០០១៣០៧ ​និង​ម៉ាក​ឡុកអីទ្រីស លេខ PAD529 ពណ៌​ខ្មៅ​។ អាវុធ​ទាំង​ ២ ​ដើម​នោះ​មាន​បង់​ ២ ​និង​មាន​គ្រាប់​ចំនួន​ ១៨ ​គ្រាប់ និង​សំបក​គ្រាប់​ទទេ​មាន​ចំនួន ៣៥ ​គ្រាប់ លិខិត​ឆ្លងដែន​ចំនួន​ ៤ ​ក្បាល​។

លោក​បន្តថា ក្រៅពី​ឆែកឆេរ​រកឃើញ​អាវុធខ្លី​ហើយ​នៅក្នុង​បន្ទប់​ស្នាក់នៅ​របស់​ជនសង្ស័យ​ក៏​រកឃើញ​មាន​ម្សៅ​ពណ៌​ស​ថ្លា​ចំនួន​ ៤៨ ​ដបជ័រ​, ថ្នាំ​គ្រាប់​ពណ៌​ក្រហម ៥ ​គ្រាប់​, ក្រាម​សថ្លា ១ ​កូន​ថង់​តូច​, ម្សៅ​ម៉ដ្ឋ​ពណ៌​ស​ ១ កញ្ចប់​តូច​, ម្សៅ​ពណ៌​ក្រាម​សថ្លា ៣០៧ ដបតូច​,​ថ្នាំ​គ្រាប់​ពណ៌​ទឹកក្រូច​ ១៥ ​គ្រាប់​, ម្សៅ​ពណ៌​ទឹកដោះគោ​កន្លះ​ដប​ជ័រ និង​សម្ភារ​មួយ​ចំនួន​ទៀត​ដែល​សង្ស័យថា ជា​សារធាតុ​ប្រើ​សម្រាប់​កែច្នៃ​ធ្វើជា​គ្រឿងញៀន​។

លោក ម៉េងវ៉ាង ឲ្យ​ដឹង​ទៀតថា ក្រោយពី​ចាប់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​នោះ ហើយ​សមត្ថកិច្ច​ចម្រុះ​ក៏​សួរចម្លើយ​ជនសង្ស័យ​រក​គ្នីគ្នា​គេ​បន្ត​ទៀត​ទើប​នៅ​ថ្ងៃទី​ ៦ ខែ​ មករា ឆ្នាំ ២០២០ វេលា​ម៉ោង​ ១ ​កន្លះ​រសៀល​កម្លាំង​នគរបាល​ខណ្ឌ​សែនសុខ​របស់លោក​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ធ្វើការ​ស្រាវជ្រាវ​ និង​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ស៊ី អាយអី ភេទ​ស្រី​នៅ​ផ្ទះ​ជួល​លេខ​ ៥៨ ផ្លូវ P៩ នៅ​ចំណុច​តាមផ្លូវ​បេតុង ភូមិ​បាយាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែនសុខ ដែល​ពាក់ព័ន្ធ​នឹង​វត្ថុតាង​ដែល​សមត្ថកិច្ច​ដកហូត​បាន​ខាង​លើ​៕