ខេត្តព្រះសីហនុ៖ មន្ត្រីនគរបាលខេត្តព្រះសីហនុកំពុងបន្តនីតិវិធីសាកសួរជនសង្ស័យ ដែលមានទាំងខ្មែរនិងបរទេសជិត ៤០០ នាក់ ដែលត្រូវបានឃាត់ខ្លួននៅពេលឆ្មក់ចូលបង្ក្រាបក្នុងក្លិបកម្សាន្តមួយនៅក្រុងព្រះសីហនុ កាលពីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី ៣០ ខែកញ្ញា ដោយរកឃើញគ្រឿងញៀនមួយចំនួនធំ។
ស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន្ទ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១ ខែតុលា ថា មន្ត្រីនគរបាលខេត្តព្រះសីហនុ បានឆ្មក់ចូលក្នុងទីតាំងក្លិបមួយកន្លែង ស្ថិតក្នុងភូមិ ៤ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ នៅវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី ៣០ ខែកញ្ញា ដោយបានឃាត់ខ្លួនជនសង្ស័យបានជិត ៤០០ នាក់ រកឃើញគ្រឿងញៀនមួយចំនួនធំ និងកាំភ្លើងខ្លី ២ ដើម។
បើតាមលោក ជួន ណារិន្ទ មកដល់រៀលថ្ងៃទី ១ ខែតុលា នៅមិនទាន់មានព័ត៌មានពេញលេញជុំវិញករណីឃាត់ខ្លួនជនសង្ស័យទាំងខ្មែរ និងបរទេសនេះទេ ព្រោះសមត្ថកិច្ច កំពុងបន្តនីតិវិធីរកឲ្យឃើញអ្នកដែលជាមេក្លោងចែកចាយគ្រឿងញៀន និងអ្នកពាក់ព័ន្ធគ្រឿងញៀនផ្សេងទៀត ដើម្បីញែកឲ្យដាច់និងចាត់ការតាមនីតិវិធី។
លោក ណារិន្ទ បញ្ជាក់ថា អ្នកដែលមិនពាក់ព័ន្ធសារធាតុញៀន និងការជួញដូរគ្រឿងញៀន សមត្ថកិច្ចនឹងកំណត់តាមនីតិវិធី ហើយអប់រំណែនាំ មុនអនុញ្ញាតឲ្យពួកគាត់ត្រឡប់ទៅវិញ។
លោក ថ្លែងយ៉ាងដូច្នេះថា៖ «សូមអធ្យាស្រ័យពេលនេះយើងកំពុងបន្តនីតិវិធី ដោយមានការចូលរួមពីមន្ត្រីជំនាញ ដើម្បីធ្វើតេស្ត វេចខ្ចប់ និងថ្លឹង ដូច្នេះឥឡូវកំពុងដំណើរការ មិនទាន់ដឹងច្បាស់ពិស្តាថា ជាគ្រឿងញៀនប្រភេទអ្វី មានប៉ុន្មានមុខ ហើយទម្ងន់ប៉ុន្មាននៅឡើយទេ» ។
បើតាមនគរបាលខេត្តព្រះសីហនុ ក្នុងប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការដឹកនាំដោយ គណៈបញ្ជាការឯកភាពខេត្ត និងមានការសម្របសម្រួលដោយ លោក ពេញ ពិសិទ្ធ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ។
លោក ពេញ ពៅ ស្នងការរងខេត្តព្រះសីហនុ ទទួលបន្ទុកផ្នែកប្រឆាំងបទល្មើសសេដ្ឋកិច្ច និងគ្រឿងញៀន បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១ ខែតុលា ថា លោកមិនទាន់អាចផ្តល់ព័ត៌មានបានទេ ព្រោះកំពុងជាប់រវល់ខ្លាំងក្នុងការធ្វើកិច្ចការងារនេះតាមនីតិវិធី។
ប៉ុន្តែបើយោងតាមរបាយការណ៍បឋមរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពខេត្ត បានធ្វើការចុះឆែកឆេរភោជនីយដ្ឋានស៊ីនខាយសៀនមិន ជាកម្មសិទ្ធិរបស់ឈ្មោះ Bao Fangze (ជនជាតិចិន) និងបានឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន ៣៨១ នាក់ និងដកហូតបានគ្រឿងញៀនមួយចំនួនធំ រួមទាំងមានអាវុធខ្លី ២ ដើម៕