ភ្នំពេញៈ សមត្ថកិច្ច​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​ក្រសួងមហាផ្ទៃ​បន្ត​សាកសួរ​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​ជិត​ ៤ ​គីឡូក្រាម បន្ទាប់ពី​ចាប់ខ្លួន​បាន​នៅ​ភូមិ​ស្លែងរលើង​ សង្កាត់​អូរបែកក្អម ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​ ១០ ខែ​កញ្ញា ឆ្នាំ​ ២០១៩​។

លោក​ មាស វិរិទ្ធ អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បាន​ប្រាប់​ពី​ម្សិលមិញ​ថា ករណី​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ យ៉េន ជឿន ភេទ​ប្រុស អាយុ​ ២៩ ​ឆ្នាំ​ដែល​សមត្ថកិច្ច​របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ចាប់ខ្លួន​បាន​នោះ​គឺ​កំពុង​បន្ត​សាកសួរ​នៅឡើយ​ទេ​។

លោក​ថ្លែងថា​៖ «​ករណី​នេះ​ប្រសិន​បើ​សមត្ថកិច្ច​យល់ថា​អាច​មាន​អ្នកពាក់ព័ន្ធ គឺ​សមត្ថកិច្ច​នឹង​សុំ​យោបល់​ទៅ​ព្រះរាជអាជ្ញា​ដើម្បី​បន្ត​នីតិវិធី​នៃ​ការឃុំខ្លួន​ទៀត ដើម្បី​ស្រាវជ្រាវ​រក​អ្នកពាក់ព័ន្ធ​»​។

លោក​ប្រាប់ថា មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​មេខ្លោង​ជួញដូរ​គ្រឿងញៀន​ម្នាក់នេះ​នៅក្នុង​ភូមិ​ស្លែងរលើង សង្កាត់​អូរបែកក្អម ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​ ១០ ខែ​កញ្ញា​។ ក្នុង​ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​ដកហូត​បាន​មេតំហ្វេតាមីន (ICE) ​ទម្ងន់ ៣២៥៤,៣១ ​ក្រាម កេតាមីន​ទម្ងន់​ ៣៤៦ ​ក្រាម និង អ៊ិចស្តាស៊ី (MDMA) ​ទម្ងន់ ២៥៣,២៣ ​ក្រាម ដោយ​ដកហូត​បាន​គ្រឿងញៀន​សរុប​ទម្ងន់​ជិត ៤ ​គីឡូក្រាម​។

លោក​បញ្ជាក់​ថា​៖ «​ការ​ឈានដល់​ការចាប់ខ្លួន​មេខ្លោង​នេះ គឺជា​ការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច​ជំនាញ​ក្នុង​ការអនុវត្ត​ផែនការ​នៃ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ ហើយ​ជាមួយ​នឹង​បទបញ្ជា​របស់​សម្តេច​ក្រឡា​ហោម​ [​ស ខេង​] ​ឲ្យ​ខិតខំ​បន្ត​យក​ចិត្ត​ទុកដាក់​បន្ថែម​ទៀត​ដើម្បី​ទទួល​បាន​លទ្ធផល​កាន់តែ​ល្អប្រសើរ​ឡើង​»​។

លោក​បាន​បន្ថែមថា​៖ «​យើង​បន្ត​ស្រាវជ្រាវ​ចំពោះ​កិច្ចការងារ​នេះ ពីព្រោះ​បុគ្គល​នេះ​មិនមែន​ចេះ​ផលិត គ្រឿងញៀន​ដោយ​ខ្លួនឯង​ទេ​។ យើង​ត្រូវ​ស្រាវជ្រាវ​ថា​តើ​គាត់​ទិញ​ ឬ​ទទួល​គ្រឿងញៀន​ពី​នរណា​មក ដូច្នេះ​សមត្ថកិច្ច​ត្រូវ​បន្ត​ការស្រាវជ្រាវ​»​។

លោក​មិនទាន់​អាច​បញ្ជាក់​បានទេ​ថា​តើ​ជនសង្ស័យ​នឹង​បញ្ជូនទៅ​តុលាការ​នៅពេលណា​នោះ​៕