ខេត្ត​ព្រះសីហនុៈ លោក ​ផៃ ​ប៊ុន​វណ្ណៈ ​អភិបាល​រង​ខេត្ត​ព្រះ​សីហនុ​បាន​បង្ហាញ​ការ​សោក​ស្ដាយ​ចំពោះ​អំ​ពើ​ហិង្សា​ដែល​បាន​កើត​ឡើង​រវាង​អ្នក​ធ្វើ​បាតុ​កម្ម​ និង​កង​កម្លាំង​ប្រដាប់​អាវុធ​ក្នុង​អំឡុង​ពេល​ចុះ​អនុវត្ត​សាល​ដី​កា​តុ​លា​កា​រ​កំពូល​នៅ​ក្នុង​ឃុំបិត​ត្រាំង​ ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហ​នុ​កាល​ពី​ខែ​មករា​កន្លង​មក​នេះ ​ហើយ​បាន​អះ​អាង​ថា​នឹង​ស៊ើប​អង្កេត​រកអ្នក​នៅ​ពី​ក្រោយ​ខ្នង​ដើម្បី​ផ្ដន្ទា​ទោស​តាម​ច្បាប់។​

​លោក​ ប៊ុន​វណ្ណៈ ​បាន​ថ្លែង​នៅ​ក្នុង​សន្និ​សីទកា​សែត​មួយ​កាល​ពី​ថ្ងៃ​ទី​ ៦ ​ខែ​កុម្ភៈនៅ​ក្នុង​ក្រុង​ព្រះ​សី​ហនុ​ មិន​បាន​អះ​អាង​ថា​នរណា​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​នោះ​ទេ​ ប៉ុន្តែ​បាន​បញ្ជា​ក់​ថា​ ដី​នៅ​ទី​នោះ​មាន​ការ​បញ្ជា​ក់​ដោយ​មេ​ភូមិ​ មេឃុំ ​ដែល​ដឹង​ហើយ​ឮ​ហើយ ​ថា​ដី​នោះ​មាន​ម្ចាស់​ ជា​ដី​កម្ម​សិទ្ធិ​របស់​គេ របស់​ក្រុម​ហ៊ុន​នេះ ​ក្រុមហ៊ុន​នោះ​ និង​របស់​រដ្ឋ ​តែ​មេ​ឃុំ​នៅ​តែ​ព្យា​យាម​បញ្ជា​ក់ ថា​បា​ន​ទិញ​លក់ ឬ​មាន​ស្នាម​មេ​ដៃ​ថា​បាន​ទិញ​លក់​ពិត​ប្រា​កដ​ នេះ​ជា​ល្បិច​ន​យោបាយ​​មួយ​របស់​ក្រុម​នោះ។​

​លោក​ ប៊ុន​វណ្ណៈ ​ថ្លែង​​ថា​៖ ​«​នៅ​ឃុំ​បិត​ត្រាំង ​ពី​មុ​ន​មក​មេឃុំ​គឺ​ជា​បេក្ខ​ភាព​សមា​ជិក​របស់​គណ​ប​ក្ស​ ស​ម​ រង្ស៊ី។​ គាត់​ចង់​យក​ប្រៀប​ន​យោ​បាយ​លើ​គណបក្ស​កាន់​អំ​ណា​ច ​គាត់​ចុះ​ហត្ថ​លេ​ខា​ទាំង​អស់​លើ​ឯក​សារ​ទាំង​នោះ​ បើ​ទោះ​ជា​ដឹង​ថា​ ដី​នេះ​ជា​ដី​របស់​គេ​ ដី​នោះ​ជា​ដី​របស់​ក្រុម​ហ៊ុន​ ដោយ​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​មាន​បាតុ​ភាព​បែប​នេះ​កើត​ឡើង​ ដើម្បី​ជា​ផល​ប្រ​យោជន៍​ន​យោ​បាយ​របស់​ខ្លួន»។​

លោក​ ប៊ុន​វណ្ណៈ ​ថ្លែង​​ថា៖​ «យើង​កំពុង​ស្រាវ​ជ្រាវ​រក​មេ​ខ្លោង​ យើង​កំពុង​តែ​ស្រាវជ្រាវ​រក​អ្នក​ដែល​នៅ​ពី​ក្រោយ​ខ្នង​ដែល​ញុះញង់​​ឲ្យ​ប្រជា​ពលរដ្ឋ​ទាំង​អស់​នោះ​មក​ធ្វើ​បាតុ​កម្ម​ ប្រើ​អំពើហិង្សា​នៅ​ទីនោះ។​ (ការ)​ មក​ចាប់​ដី​ មក​លក់​ដី ​ការ​ទិញ​លក់​តៗ​គ្នា​ នៅ​ទីនោះ​ វា​ជា​រឿង​មួយ​ខុស​ទៅ​ហើយ។​ អ៊ឹ​ចឹ​ង​យើង​កំពុង​តែ​វែក​មុខ​រក​ជន​ណា​ដែល​បង្ក​ឲ្យ​មាន​បញ្ហា​នៅ​ទី​នោះ ​យើង​នឹង​ផ្តន្ទា​ទោស​ទៅ​តាម​ច្បាប់»។​

​លោក​ ឡាក់​ ​គៀន​ ​អតីត​មេ​ឃុំ​បិតត្រាំង​ ​កូ​តា​ម​ក​ពី​គណបក្ស​ សម ​រង្ស៊ី​ ក្នុង​ឆ្នាំ​​ ២០០៧​ ​ ​បាន​បដិ​សេធ​ចំពោះ​ការ​ចោទ​​ប្រកាន់​នេះ​ ​ដោយ​អះអា​ង​ថា​ ​គ្មាន​ពាក់​ព័ន្ធ​នឹង​ករណី​នោះ​ទេ ​ហើយ​ក៏​មិន​ស្គាល់​ដី​មាន​ជម្លោះ​នោះ​ដែរ​ ​ដោយ​សារ​កន្ល​ង​មក​ ​មេ​ឃុំ​មាន​ការ​ផ្លាស់​ប្តូរ​គ្រប់​អា​ណត្តិ​ ​ហើយ​តាំង​ពី​លោក​ឈប់​ពី​មេឃុំ​នោះ​មក​ ក៏ឈប់​រស់​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ដែរ។​

​​លោក​ ​គៀន​ ថ្លែង​ថា៖ ​«​បើ​សិន​ជា​គេ​ចោទ​ប្រ​កាន់​ខ្ញុំ​ ​ដូច្នេះ​ខ្ញុំ​គ្មាន​សិទ្ធិ​អ្វី​ទៅ​តតាំង​ជា​មួយ​នឹង​ការ​ចោទ​ប្រកាន់​នោះ​ទេ ខ្ញុំ​មនុស្ស​តូច​តាច​ ​គ្មាន​ជាប់​ពាក់​ព័ន្ធ។​ ​កាល​ខ្ញុំ​ធ្វើ​ជា​មេឃុំ ​វា​តែង​តែ​មាន​ការ​ផ្តល់​ ​និង​ទទួល​ស្គាល់​ការ​ទិញ​លក់​ដី​ហើយ តែ​មិន​ដឹង​ថា​ ​កន្លែង​ណា​ជា​កន្លែង​ណា​ទេ​ ​ព្រោះ​នៅ​ក្នុង​ឃុំ​តែង​តែ​មាន​ហើយ​ ដោយ​សារ​ការ​ទិញ​លក់​ ​គេ​មាន​លិខិត ​និង​ទី​តាំង​ជាក់​ស្តែង​ ​ដែល​យើង​មិន​ដឹង​ ​មិន​ចាំ​ជា​កន្លែង​ណា​ទេ​»​។​

លោក ​សៅ ​សុខា​ មេបញ្ជា​ការ​កង​រាជអាវុធ​ហត្ថ​លើ​ផ្ទៃ​​ប្រ​ទេស​ និង​អគ្គ​មេបញ្ជា​ការរ​ង​នៃ​កង​យោធ​ពល​ខេម​រភូមិន្ទ​បាន​បង្កើត​គណ:កម្មការ​ ដែល​ជាក្រុម​ជំនាញ​ឲ្យ​ស៊ើប​អង្កេត​ទៅ​លើ​អំពើ​ហិង្សា​ដែល​បង្ក​ដោយ​កង​កម្លាំង​ប្រ​ដាប់​អាវុធ​ក្នុង​ការ​អនុ​វត្ត​ច្បាប់​ ​ទោះ​យ៉ាង​ណា​ក៏ដោយ​ការ​ស៊ើប​អង្កេត​មិន​ទាន់​ប្រកាស​បិទ​បញ្ចប់​នៅ​ឡើយ​ទេ។

​ពលរដ្ឋ​ប្រ​មា​ណ​ ៣០០​ នាក់​ និង​កង​កម្លាំង​​សមត្ថ​កិច្ច​ជាង​ ២០០​ នាក់បាន​ផ្ទុះ​អំពើហិង្សា​ក្នុង​ពេល​​ចុះ​អនុ​វត្ត​សាល ដី​កា​​តុលា​ការ​កំពូល​រឿង​ដីធ្លី ​កាល​ពី​ថ្ងៃ​ទី ​២៤​ មករា។​ បាន​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​របួស​ធ្ងន់​ដោយ​គ្រាប់​កាំ​ភ្លើង​កំពុង​សម្រាក​​ព្យា​បាល​​នៅ​មន្ទី​រពេទ្យ​ និង​ម្នាក់​ទៀត​របួស​ស្រាល​ ហើយ​ ៤ នាក់ ​ត្រូវ​បាន​ឃាត់​ខ្លួន​ តែ​ដោះ​លែង​វិញ​នៅ​ថ្ងៃ​​ដ​ដែល​នោះ។ ​ករណី​ប៉ះ​ទង្គិច​នេះ​ត្រូវ​បាន​​អាជ្ញា​ធរ​ដាក់​ការ​សង្ស័យ​ថា ​មាន​ការ​រៀ​ប​ចំ​ទុ​ក​ជា​ស្រេច​នូវដប​សាំង ​កង់ឡាន ​និង​មាន​ពលរដ្ឋ​ដែល​ពុំមាន​ដី​នៅ​កន្លែង​កើត​ហេតុ ដែល​ត្រូវ​បាន​ជួល ដើ​ម្បី​បង្ក​បាតុ​ភាព​ហិង្សា។​

ទោះ​យ៉ាង​ណា​ក៏ដោយ ​លោ​ក​ ផៃ​ ប៊ុន​វណ្ណៈ ​អះអាង​ថា​ ជា​ចេត​នា​របស់​អា​ជ្ញា​ធរ​ចម្រុះ​គឺ​ដើ​ម្បី​អនុវត្ត​សាល​ដីកា​របស់​​​តុ​លា​ការ​កំ​ពូ​ល​ឲ្យ​បាន​ត្រឹម​ត្រូវ​ជូន​អ្នក​ឈ្នះ​ក្តី​តែ​ប៉ុ​ណ្ណោះ​ តែដោយ​សារ​ពលរ​ដ្ឋ​មាន​ភាព​រឹងទ​ទឹង ​និង​ប្រើ​ប្រាស់​ហិង្សា​តតាំង​ជា​មួយ​អា​ជ្ញា​ធរ ទើប​សមត្ថកិច្ច​បាន​ប្រើ​ប្រា​ស់​អា​វុធ​ការពារ​ខ្លួន​។ ​លោក ប៊ុនវណ្ណៈ ​បាន​អះ​អាង​ផង​ដែរ​ថា​ មន្ត្រី​ប៉ូលិស​មួយ​ចំនួន ​ក៏ត្រូវ​បាន​ពិ​ន័យ​ផ្នែក​រដ្ឋ​បាល​រួច​ម​ក​ហើយ ​និង​រង់​ចាំ​បិ​ទ​បញ្ច​ប់​ការ​ស៊ើប​អ​ង្កេត​របស់​គ​ណៈ​កម្មការ​ចំពោះ​កិច្ច​ ដែល​កំពុង​បន្ត​ស្រាវ​ជ្រាវ​ដោយ​មិន​ទាន់​បិទ​បញ្ចប់​នៅ​ឡើយ​ទេ។​

លោក​ អេង​ ហ៊ី​ អ្នក​នាំ​ពាក្យ​នៃ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ បដិ​សេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​កាល​ពី​ម្សិល​មិញ​។​លោក​ ហួត ​វិចិត្រ​ ព្រះ​រាជ​អាជ្ញា​អមសា​លា​ដំ​បូង​ខេត្ត​ព្រះ​សីហនុ​ ប្រាប់​ភ្នំ​ពេ​ញ​ប៉ុស្តិ៍​ពី​ម្សិល​មិ​ញ​ថា ស្ថា​ប័ន​តុ​លាការ​រង់​ចាំ​តែ​រ​បាយ​ការ​ណ៍​ពី​មន្ត្រី​មាន​សម​ត្ថ​កិច្ច ដើ​ម្បី​បន្ត​នីតិ​វិធី​ស៊ើប​អង្កេត​បន្ត​ ដូច្នេះ​នៅ​ពេល​នេះ​ មិន​អាច​បញ្ជា​ក់​​អ្វី​បាន​នៅ​ឡើយ​ទេ។​

​លោក​ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ បាន​ថ្លែង​ថា៖ «​ខ្ញុំ​អត់​ទាន់​បាន​ទទួល​របាយ​ការណ៍​ណា​មួយ​ផង អ៊ឹ​ចឹ​ង​អត់ទាន់​អាច​ឆ្លើយ​កើត»៕​