កំពងធំ៖ នគរបាលព្រហ្មទណ្ឌខេត្តកំពង់ធំ នៅថ្ងៃទី ១៣ ឧសភា នៅតែកំពុងបន្តស្រាវជ្រាវរកអត្តសញ្ញាណជនល្មើសពាក់ព័ន្ធអំពើមនុស្សឃាតសម្លាប់បុរសម្នាក់ នៅភូមិវាលថ្នល់ ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ កាលពីថ្ងៃទី ៩ ឧសភា។
លោក ជា ពឿន ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំបានឱ្យដឹងនៅថ្ងៃទី ១៣ ឧសភាថា ជនរងគ្រោះឈ្មោះ យុត ងឿន ភេទប្រុស អាយុ ៥៩ ឆ្នាំ មានប្រពន្ធ និងមានកូនស្រីចំនួន ៣ នាក់ រស់នៅក្នុងភូមិវាលថ្នល់ ឃុំសាគ្រាម ស្រុកប្រាសាទបល័្លង្ក ខេត្តកំពង់ធំ។
លោកបន្តថា ចាប់តាំងពីមានការកើតនូវអំពើមនុស្សឃាតថ្ងៃទី ៩ ឧសភា ឆ្នាំ ២០២១ មក គឺមន្រ្តីនគរបាលផ្នែកជំនាញព្រហ្មទណ្ឌចាប់ពីថ្នាក់ខេត្ត រហូតដល់ប៉ុស្តិ៍នគរបាលឃុំសាគ្រាមនៅតែបន្តស្រាវជ្រាវ ដើម្បីកំណត់អត្តសញ្ញាណជនដៃដល់។
លោកថ្លែងថា៖ «យើងកំពុងប្រមែប្រមូលព័ត៌មានជុំវិញរឿងនេះ ព្រោះជនរងគ្រោះត្រូវបានគេកាប់សម្លាប់នៅកន្លែងស្ងាត់ជាអំពើឃាតកម្ម ១០០ ភាគរយហើយ»។
លោកបន្តតាមសាក្សីថា៖ «យើងដឹងថា កន្លងមកជនរងគ្រោះធ្លាប់ឈ្លោះទាស់ទែងគ្នា តែប៉ុណ្ណឹងទេ។ ដូច្នេះយើងមិនអាចឈានទៅឃាត់ខ្លួនជនណាម្នាក់បានទេ។ អាហ្នឹងត្រូវទាមទារមានភ័ស្តុតាងអីគ្រប់គ្រាន់បន្តទៀត»។
លោកបានរំឭកតាមសម្តីសាច់ញាតិរបស់ជនរងគ្រោះថា ជនរងគ្រោះមានប្រពន្ធ ឈ្មោះ អាន ស៊ីន អាយុក្រោមជនរងគ្រោះតែ ២ ទៅ ៣ ឆ្នាំប៉ុណ្ណោះ និងមានកូនស្រី ៣ នាក់។ មួយគ្រួសារនេះ មានចម្ការស្វាយចន្ទីផ្ទាល់ខ្លួននៅដាច់ស្រយាលឆ្ងាយពីភូមិ ហើយមិនអាចប៉ាន់ប្រវែងគីឡូម៉ែត្របាន ព្រោះផ្លូវក្រវេចក្រវៀន។
បើតាមមន្ត្រីនគរបាលរូបនេះ ជាធម្មតារៀងរាល់ថ្ងៃ គឺជនរងគ្រោះតែងបរទេះគោទៅចម្ការស្វាយចន្ទីតែម្នាក់ឯង។
ជនរងគ្រោះបានចេញដំណើរពីផ្ទះតាំងពីព្រឹកព្រលឹម ហើយត្រឡប់មកផ្ទះវិញនៅពេលរសៀល។
ប៉ុន្តែនៅថ្ងៃទី ៩ ឧសភា ដែលជាថ្ងៃកើតហេតុនោះ ប្រពន្ធកូនមិនឃើញជនរងគ្រោះត្រឡប់មកផ្ទះវិញ នៅពេលល្ងាច ហើយមានការសង្ស័យក៏នាំគ្នាទៅតាមរកនៅចម្ការ។
ពេលនោះក៏បានប្រទះឃើញជនរងគ្រោះត្រូវបានគេកាប់ដេកស្លាប់ផ្កាប់មុខនៅក្នុងចម្ការស្វាយចន្ទីរបស់គាត់។
បើតាមលោក ជា ពឿន ក្រោយទទួលបានសេចក្តីរាយការណ៍ពីក្រុមគ្រួសាររបស់ជនរងគ្រោះ កម្លាំងសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុនៅព្រលប់ថ្ងៃដដែល ហើយពិនិត្យឃើញសាកសពត្រូវបានជនល្មើសកាប់នឹងវត្ថុមុតចំកញ្ចឹងកពីក្រោយយ៉ាងជ្រៅដួលស្លាប់ផ្កាប់មុខ។
ក្រោយពីនគរបាលជំនាញធ្វើកោសល្យវិច័យរួច ក៏ប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។
ចំណែកលោក ឡាច ហុងដា នាយនគរបាលប៉ុស្តិ៍ឃុំសាគ្រាម ប្រាប់នៅថ្ងៃទី ១៣ ឧសភាដែរថា ពាក់ព័ន្ធអំពើមនុស្សឃាតនេះ គឺសមត្ថកិច្ចមិនទាន់កំណត់បានថា បណ្តាលមកពីអ្វីនោះទេ៕