ភ្នំពេញៈ សមត្ថកិច្ច​ជំនាញ​កំពុង​រៀបចំ​បំពេញបែបបទ​ដើម្បី​បណ្តេញ​បុរស​ជនជាតិ​បារាំង​ម្នាក់​ចេញពី​កម្ពុជា បន្ទាប់ពី​កម្លាំង​នគរបាល​អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចាប់ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ស្នាក់នៅ​ដោយ​ខុសច្បាប់ ប្រើប្រាស់​អាវុធ​ខុសច្បាប់​ និង​បង្ក​ការអុកឡុក​វាយ​បំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ​។ នេះ​បើតាម​លោក សាន សុខសីហា អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ពុធ​។

លោក​ សុខសីហា ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍​ថា បុរស​ជនជាតិ​បារាំង ឈ្មោះ BAUDRY SEBASTIEN អាយុ ៤៣ ​ឆ្នាំ​ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន កាលពី​ថ្ងៃទី​ ២៣ ​ខែ​កុម្ភៈ ឆ្នាំ​ ២០២១ នៅ​ចំណុច​បរិវេណ​ក្នុង​បុរី​សុភមង្គល ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​សង្កាត់​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ បន្ទាប់ពី​គាត់​បាន​ផឹកស្រា​ស្រវឹង ហើយ​បង្ក​ការអុកឡុក​វាយ​បំផ្លិចបំផ្លាញ សម្ភារ​មួយចំនួន​នៅក្នុង​គេហដ្ឋាន ដែល​គាត់​បាន​ជួល​ស្នាក់នៅ​។

លោក​បន្តថា ក្រោយពេល​ចាប់ខ្លួន ក្រុម​កម្លាំង​នគរបាល​អន្តោប្រវេសន៍​បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វារ​ធ្វើការ​ឆែកឆេរ​ផ្ទះ​ដែល​គាត់​ស្នាក់នៅ រកឃើញ​ និង​រឹបអូស​វត្ថុតាង​មួយចំនួន​រួមមាន​ស្លឹក​កញ្ឆា​ក្រៀម ដែលជា​ប្រភេទ​រុក្ខជាតិ​ញៀន​ និង​ត្រូវបាន​ហាមឃាត់​ដោយ​ច្បាប់​កម្ពុជា​ចំនួន​ ៣ ​កញ្ចប់​តូច អាវុធ​វែង​ខ្លី​ ២ ​ដើម និង​កាំភ្លើង​បាញ់​សត្វ​ ១ ​ដើម​។

មិនតែ​ប៉ុណ្ណោះ ទិដ្ឋាការ​ស្នាក់នៅក្នុង​ប្រទេស​កម្ពុជា​ របស់​គាត់​បាន​ផុត​សុពលភាព​តាំងពី​ខែ វិច្ឆិកា ឆ្នាំ​ ២០២០ មក​។ លោក សុខសីហា បញ្ជាក់ថា​៖ «​គាត់​ត្រូវបាន​កម្លាំង​នគរបាល​អន្តោប្រវេសន៍​កសាង​សំណុំរឿង​ចោទប្រកាន់​ពីបទ​ស្នាក់នៅ​កម្ពុជា​ខុសច្បាប់ ប្រើប្រាស់​សារធាតុ​ញៀន និង​អាវុធ​ខុសច្បាប់ និង បទ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ​។ នៅពេលនេះ ក្រុមមន្ត្រី​ជំនាញ​កំពុង​រៀបចំ​បែបបទ និង​នីតិវិធី​បណ្ដេញ​ចេញពី​កម្ពុជា​»​។

ចំណែក​លោក ទិត វិសិដ្ឋ ស្នងការរង​ទទួលបន្ទុក​ផ្នែក​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​នៃ​ផែន​ការងារ​អន្តោប្រវេសន៍​បាន​ថ្លែងថា បុរស​ជនជាតិ​បារាំង​រូបនោះ ធ្លាប់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ធ្វើការ​អប់រំ​ណែនាំ​ម្ដង​រួចមកហើយ ពាក់ព័ន្ធ​ករណី​បង្ក​ការអុកឡុក​វាយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ​កាលពី​អំឡុង​ពាក់កណ្ដាល​ឆ្នាំ​ ២០២០​។

លោក វិសិដ្ឋ ថ្លែងថា​៖ «​ដោយសារ​គាត់​ធ្លាប់​ប្រព្រឹត្ត​បទល្មើស ហើយ​ទិដ្ឋាការ​ស្នាក់នៅ​កម្ពុជា​របស់គាត់​បាន​ផុត​សុពលភាព​ទៅហើយនោះ ដូច្នេះ​យើង​ចាំបាច់​ត្រូវ​រៀបចំ​នីតិវិធី​បណ្ដេញ​គាត់​ចេញពី​កម្ពុជា​តែម្ដង​»​។

បើតាម​លោក វិសិដ្ឋ សមត្ថកិច្ច​បាន​ជូនដំណឹង​អំពី​ករណី​បុរស​ជនជាតិ​បារាំង​ឈ្មោះ BAUDRY SEBASTIEN ​ទៅកាន់​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា​កាលពី​រសៀល​ថ្ងៃ​អង្គារ​។ លោក​បន្តថា​៖ «​ខាង​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា ក៏បាន​គាំទ្រ​ឱ្យ​សមត្ថកិច្ច​យើង​អនុវត្ត​នីតិវិធី​ទៅតាម​ច្បាប់​កម្ពុជា​»​។

តំណាង​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា​ពី​ម្សិលមិញ​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ​។

លោក​វិសិដ្ឋ​ក៏បាន​ប្រាប់ឱ្យ​ដឹងទៀត​ថា តាមរយៈ​លទ្ធផល​នៃ​ការធ្វើ​តេស្ត​ទឹកនោម BAUDRY SEBASTIEN មាន​វិជ្ជមាន​សារធាតុញៀន​នៅក្នុង​ខ្លួន ហើយ​ពេលនេះ​មន្ត្រី​នគរបាល​ជំនាញ​បាន​បញ្ជូន​គាត់​ទៅ​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ ដើម្បី​ធ្វើតេស្ត​រក​មេរោគ​កូវីដ​ ១៩ មុនពេល​បណ្ដេញ​ចេញពី​កម្ពុជា​។

លោក​បន្តថា បច្ចុប្បន្ន​លោក BAUDRY SEBASTIEN កំពុង​ត្រូវបាន​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វារ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕