កំពង់ធំ៖សមត្ថ​កិច្ច​កងរាជ​អាវុធហត្ថ​ខេត្តកំពង់​ធំ​កំពុង​ប្រមូល​ព័ត៌មាន​ពីសា​ក្សី និង​កំពុង​សាកសួរ​ជន​សង្ស័យ​ជា​មន្ត្រី​អាវុធហត្ថ​ម្នាក់​ បន្ទាប់​ចាប់ខ្លួន​ពីថ្ងៃ​ទី ២៩ ​ឧសភា​ ពាក់ព័ន្ធ​ករណីចា​ក់​អតីត​ភរិយារបួសធ្ងន់​ នៅ​ភូមិ​ត្បូង​ទឹក ឃុំ​មាន​រិ​ទ្ធ ស្រុក​សណ្តាន់​ ខេត្ត​កំពង់ធំ កាលពី​ថ្ងៃទី ២៣ ​ខែ​ឧសភា​ ឆ្នាំ២០២១​។

លោក​អេង​ ហ៊ី អ្នកនាំ​ពាក្យ​កងរាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅថ្ងៃ​ទី ៣០​ ឧសភា​ថា ឈ្មោះ ស្រ៊ន ពេជ្រ​រស្មី ដែល​បាន​ចាក់​អតីត​ភរិយា​ឱ្យ​រង​បួស​នោះ​ សមត្ថកិច្ច​កងរាជ​អាវុធ​ហត្ថ​ខេត្តកំព​ង់ធំ​ចាប់ខ្លួ​នបាន​ហើយ​កាល​ពី​ថ្ងៃទី ២៩ ឧ​សភា​ ហើយ​​ករណី​នេះ​សមត្ថកិច្ច​ជំនាញ​កំពុង​ដំណើរ​កា​រ​តាម​នីតិ​វិធី​ច្បាប់​។

លោក​ថ្លែង​ថា៖«ករណីនេះ​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មានប្រសា​សន៍​បញ្ជាក់ថា បុគ្គល​ដែល​ប្រព្រឹត្ត​ខុស​ច្បាប់ គឺ​មិន​អាច​អត់​ឱន​ឱ្យបាន​នោះទេ ពោល​ត្រូវតែ​ស្រាវជ្រាវ​ចាប់ខ្លួន ដើម្បី​យក​មក​ផ្ដន្ទា​ទោស​តាមផ្លូវ​ច្បាប់​ជា​ធរមាន។ ចំពោះ​ព័ត៌មាន​បន្ត​ទៀត​សូម​សួរ​ទៅ​អយ្យការ​ទៅ»​។

លោក​ព្រះរា​ជអាជ្ញា​រង សាយ វាសនា និង​ជា​អ្នកនាំ​ពាក្យ​អយ្យការ​អម​សា​លាដំបូង​ខេត្ត​កំពង់​ធំបានប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ទី ៣០ ឧសភា នេះ​ថា ករណី​នេះសមត្ថ​កិច្ច​កងរាជ​អាវុធហត្ថ​បាន​ជូន​ដំណឹង​មក​អយ្យកា​រ​អម​សាលា​ដំបូង​ខេត្ត​កំពង់​ធំ​ហើយ​កាលពី​ថ្ងៃទី ២៩​ ឧសភា បន្ទាប់​ពី​ឃាត់ខ្លួន​ជន​សង្ស័យ​បាន​នៅ​ខេត្ត​កំពង់​ធំ។ ដូច្នេះ​មន្ត្រី​កងរាជ​អាវុ​ធហត្ថ​ដែល​ធ្វើ​ការងារ​ផ្នែក​នេះ​កំពុង​សាក​សួរ​ជនសង្ស័យ​នៅ​ទីបញ្ជា​ការ​ដ្ឋាន​កងរាជ​អាវុធ​ហត្ថ​ខេត្តកំពង់​ធំ​នៅឡើយ ​មិនទា​ន់​បញ្ជូន​មក​សាលា​ដំបូង​​ខេត្ត​កំពង់​ធំ​ទេ។ ចំពោះ​មូល​ហេតុពិ​តនៃកា​របង្ក​ហិង្សា​នេះនៅ​ពេលសួ​រសាក្សីជុំ​វិញហេតុ​ការណ៍នេះ​អស់ទើ​បដឹ​ង។

លោក​បញ្ជាក់​ថា៖​«រឿងនេះ​មិនមែន​សួរ​តែ​ជនសង្ស័យ​ម្នាក់​ទេ​គឺ​ ត្រូវ​ហៅ​សាក្សី​ចូល​ឆ្លើយ​បំភ្លឺ​បន្ថែ​មទៀត​ ដើម្បី​បាន​ព័ត៌មាន​សព្វ​គ្រប់​ជុំវិញ​ការបង្ក​របួសស្នា​ម​នេះ។ប៉ុន្តែ​រឿងនេះ​ក៏​មិនយូ​រ​ដែរ​ នឹងត្រូវ​បញ្ជូន​មក​តុលា​ការ​ហើយ»​។

បើតា​ម​ ផេ​ក​ របស់​កងរា​ជអា​វុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បានសរសេរ​កាលពី​យប់​ថ្ងៃទី ២៤ ខែឧសភា​ឆ្នាំ ២០២១ ថា តាម​សេច​ក្តីរាយ​ការណ៍រ​បស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហង្ស ថុល មេប​ញ្ជាការ​កងរា​ជអាវុធ​ហត្ថ​ខេត្តកំព​ង់ធំ បាន​ដឹងថា នៅវេលា​ម៉ោង ​៧ ​កន្លះព្រឹក ថ្ងៃទី ២៣ ខែឧសភា ​ឆ្នាំ ​២០២១ ​ជនស​ង្ស័យ​ឈ្មោះ ស្រ៊ន ពេជ្រ​រស្មី បាន​យក​កាំបិត​ចុង​ស្រួច​ចាក់​ទៅលើ​​ប្រពន្ធ​ដែល​បាន​លែង​លះគ្នា​រួចហើយ​តាម​សាល​ក្រម​លេខ ១៨ (ក) ចុះ​ថ្ងៃទី ១៧​ ខែឧសភា​ ២០២១ ​និង​សំណុំ​រឿង​រដ្ឋប្ប​វេណី​លេខ​ ៨០ ចុះ​ថ្ងៃទី​ ៦ ​ខែ​មេសា​២០២១ របស់​សា​លាដំ​បូង​ខេត្ត​កំពង់ធំ​ ។

តា​មផេ​ក​ដដែលបានបន្តថា ​ការចាក់​នេះបណ្ដា​លឱ្យរបួស​ចំនួន​ ៥​ កន្លែង (ដៃ​ឆ្វេង​ ២ ​កន្លែង,ដៃស្តាំ ២ កន្លែង និង​​កញ្ចឹង​ក ១ កន្លែង) ដោយ​មូលហេ​តុ​មកពី​ខឹង​ប្រពន្ធ​សុំ​លែង។ក្រោយពី​​ទទួល​បាន​ព័ត៌មាន​នេះនៅ​ថ្ងៃទី ២៣​ ឧសភា នោះ​ កម្លាំង​​មូល​ដ្ឋាន​កង​រាជអាវុធ​ហត្ថ​ស្រុក​សណ្តាន់​ បាន​តាម​ចាប់​ឈ្មោះ ស្រ៊ន ពេជ្រ​រស្មី ដែល​កំពុង​គេចខ្លួន​ចូល​ព្រៃ​ចម្ការ​ក្នុង​ភូមិ​ត្បូង​ទឹក ឃុំ​មាន​រិ​ទ្ធ ស្រុក​សណ្តាន់ ។តែ​ដោយសារ ​តំបន់​នោះសម្បូរ​ទៅដោយ​ចម្ការ​ស្វាយចន្ទី ចម្ការកៅស៊ូ និង​ព្រៃរបោះផង​នោះ ​ធ្វើ​ឲ្យ​ជន​ល្មើស​គេច​ខ្លួន​បាត់​។

ប៉ុន្តែ​ដោយ​អនុវត្ត​តាម​បទបញ្ជា​យ៉ាង​ម៉ឹងម៉ាត់​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ដែល​បញ្ជាក់​ថា មិនអាច​អត់​ឱន​ឱ្យបាន ​និង​ត្រូវតែ​ស្រាវជ្រាវ​ចាប់​ខ្លួន​មក​ផ្ដន្ទា​ទោស​តាមផ្លូវ​ច្បាប់​ ​កម្លាំង​កងរាជ​អាវុ​ធហត្ថ​គ្រប់​លំដាប់​ថ្នាក់​ក្នុង​ខេត្តកំ​ពង់ធំ​ក៏​បានស្រាវជ្រាវ​

រហូត​ចាប់​ខ្លួនជន​សង្ស័យ​បាន​នៅ​ថ្ងៃទី ​២៩ ឧសភា តែ​ម្ដង៕​