កោះកុងៈ ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្តកោះកុង​កំពុង​​ស្វែងរក​មេខ្លោង​គ្រឿងញៀន​ទម្ងន់​ ២០,០៥ ​គីឡូ​ បន្ទាប់ពី​ប្រទះឃើញ​អណ្តែត​លើទឹក​សមុទ្រ​នៅ​ភូមិ​អាឡាតាន់​ឃុំ​ជ្រោយ​ប្រស់​ ស្រុក-ខេត្ត​កោះកុង​កាលពី​ថ្ងៃទី​ ២៨ ​មីនា ដោយ​បាន​សុំ​សហការ​ជាមួយ​ប៉ូលិស​អន្តរជាតិ​។

លោក មីន រស្មី ស្នងការរង​នគរបាល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្តកោះកុង​ឲ្យ​ដឹង​ពី​ម្សិលមិញ​ថា ករណី​គ្រឿងញៀន​នេះ​សមត្ថកិច្ច​កំពុង​បន្ត​ស្រាវជ្រាវ​រក​មេខ្លោង​ដោយ​សុំ​សហការ​ជាមួយ​នគរបាល​អន្តរជាតិ​។

លោក​ថា​៖ «​ករណី​នេះ​យើង​កំពុងបើក​ការស្រាវជ្រាវ​យ៉ាង​ក្តៅគគុក​ និង​ជូនដំណឹង​ដល់​ប៉ូលិស​អន្តរជាតិ​ឲ្យ​ជួយ​ធ្វើការ​នេះ​»​។

លោក​បន្តថា ដើម្បី​បាន​ឃើញ​ជាក់ស្តែង​កាលពី​ថ្ងៃទី​ ៣០ មីនា​​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង​បានបង្ហាញ​ជា​សាធារណៈ​តាមរយៈ​ធ្វើ​សន្និសីទ​កាសែត​​ដោយ​មាន​លោកស្រី មិថុនា ភូថង អភិបាលខេត្ត​កោះកុង និង​ព្រះរាជអាជ្ញារង​នៃ​សាលាដំបូង​ខេត្តកោះកុង​ចូលរួម​ផងដែរ​។

លោក មីន រស្មី បញ្ជាក់ថា​ការរក​គ្រឿងញៀន​នេះ​ដោយសារ​ប៉ុន្មាន​ខែ​មុន​មានការ​រត់ពន្ធ​គ្រឿងញៀន​តាម​ផ្លូវទឹក​ឆ្លងដែន​ពី​ថៃ​ចូល​តាម​ផ្ទៃសមុទ្រ​កម្ពុជា ហើយ​បាន​ធ្លាក់​គ្រឿងញៀន​ចូលក្នុង​ទឹកសមុទ្រ​ក្នុង​ដែនទឹក​ថៃ​។ ចាប់ពី​ពេល​នោះ​មក្ច​នគរបាល​ខេត្ត​បាន​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​ពិសេស​អ្នកនេសាទ​ថា ប្រសិនបើ​ឃើញ​អ្វី​សង្ស័យ​អណ្តែត​ទឹក​សូម​រាយការណ៍​បន្ទាន់​។

លោក​បន្តថា លុះ​នៅ​ព្រឹក​ថ្ងៃទី​ ២៨ ​មីនា ​ប្រជានេសាទ​ម្នាក់​បាន​បើកកាណូត​ទៅ​នេសាទ​ក៏​​ប្រទះឃើញ​កញ្ចប់​ប្លាស្ទិក​អណ្តែត​ទឹកសមុទ្រ និង​បាន​រាយការណ៍​ជូន​សមត្ថកិច្ច ហើយ​ពេល​យក​ពិនិត្យ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឃើញ​កញ្ចប់​តូចៗ​ជាច្រើន​។

លោក​ថា ក្រោយ​បើក​កញ្ចប់​នោះ​សមត្ថកិច្ច​បានធ្វើ​តេស្ត​វត្ថុ​ក្នុង​កញ្ចប់​នោះ​ទើប​ដឹងថា​ជា​គ្រឿងញៀន​ប្រភេទ​មេតំហ្វេតាមីន ​(ICE) ​ម៉ា​ទឹកកក​ដែល​មាន​​ទម្ងន់ ២០,០៥ ​គីឡូក្រាម​៕