ភ្នំពេញ៖ ស្នងការនគរបាលរាជធានីភ្នំពេញ កំពុងស្រាវជ្រាវរកអ្នកផ្ញើសារជាសំឡេងដែលបង្ហោះនៅតាមបណ្តាញសង្គម ដែលនិយាយថា ប៉ូលិសចរាចរណ៍នៅសង្កាត់ព្រែកលៀប បានធ្វើការផាកពិន័យអ្នកធ្វើដំណើរម្នាក់ចំនួន ២០ ម៉ឺនរៀល ដោយសារមិនបានពាក់ម៉ាស់ ខណៈដែលសមត្ថកិច្ចនៅមិនទាន់បានធ្វើការផាកពិន័យអ្នកដែលមិនពាក់ម៉ាស់ណាម្នាក់នៅឡើយ។
សារជាសំឡេងដែលត្រូវបានគេចែកចាយបន្តគ្នានៅតាមបណ្តាញសង្គមថ្មីៗនេះ បាននិយាយថា៖ «អាស៊ីហា បងណល់ហែង រឹងទៅព្រែកលៀប ផ្ទះ វណ្ណាមិញឥឡូវប៉ូលិសផាកអស់ ២០ ម៉ឺន (រៀល) ហើយ អត់មានម៉ាស់កូនប្រាប់ហើយថា ប៉ាពាក់ម៉ាស់ប្រយ័ត្នគេផាកអស់ ២០ ម៉ឺន តែប៉ាវារឹងអត់ពាក់ម៉ាស់ឥឡូវគេផាក ២០ ម៉ឺនហើយ ឥឡូវមកដល់ផ្ទះហើយ»។
បន្ទាប់ពីមានការចែកចាយសំឡេងនេះ ស្នងការរងនគរបាលរាជធានីភ្នំពេញ លោក ចេវ ហាក់ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីម្សិលមិញ យ៉ាងខ្លីថា សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវពាក់ព័ន្ធនឹងករណីនេះ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីនប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា សារសំឡេងនោះ ពុំទាន់មានប្រភពច្បាស់លាស់នៅឡើយទេ ខណៈសមត្ថកិច្ចកំពុងស្រាវជ្រាវទៅលើករណីនេះ តែបើមិនពិតទេជននោះនឹងប្រឈមមុខផ្លូវច្បាប់។
លោកបានថ្លែងថា៖ «ពាក់ព័ន្ធការបង្ហោះសារសំឡេងដែលលើកឡើងថា ប៉ូលិសផាកពលរដ្ឋ (អត់ពាក់ម៉ាស់) ដែលធ្វើដំណើរតាមផ្លូវ សុទ្ធតែជាព័ត៌មានដែលគ្មានប្រភពទាំងអស់ ហើយប្រសិនបើមានប្រភពច្បាស់លាស់ សូមរាយការណ៍ជូនសមត្ថកិច្ចថា នៅកន្លែងណា ពាក់ព័ន្ធឈ្មោះណាខ្លះ យើងនឹងចាត់ការ»។ លោកថា អ្វីដែលលោកឃើញកន្លងមកជាសារសំឡេង គ្មានប្រភព ហើយបច្ចុប្បន្នសារព័ត៌មានបំផ្លើស បំភ្លៃ ក្លែងក្លាយ គឺមានច្រើនរាប់មិនអស់ ដែលជាព័ត៌មានបង្កឱ្យមានភាពចលាចលនៅក្នុងសង្គម។
ទោះជាយ៉ាងណាលោកបានគូសបញ្ជាក់ជាថ្មីថា តាមស្មារតីនៃអនុក្រឹត្យ ដែលក្រសួងសុខាភិបាលបានពន្យល់នៅលើហ្វេសប៊ុករបស់ខ្លួន និងនៅតាមបណ្តាញសារព័ត៌មានផង ការពិន័យមិនពាក់ម៉ាស់មិនមែនធ្វើជាទូទៅទេ លុះត្រាតែមានការណែនាំពីក្រសួងសុខាភិបាលថា កន្លែងណាត្រូវតម្រូវឱ្យពាក់ម៉ាស់។
លោកបញ្ជាក់ថា ក្រសួងសុខាភិបាលគេនឹងរៀបចំសេចក្តីសម្រេច និងសេចក្តីប្រកាសមួយក្នុងពេលឆាប់ៗនេះ ដើម្បីកំណត់ពាក់ព័ន្ធករណីការផាកពិន័យចំពោះអ្នកមិនពាក់ម៉ាស់នេះ។
លោកថ្លែងទៀតថា៖ «ថាតើកន្លែងណាដែលជាកាតព្វកិច្ចឱ្យពាក់ម៉ាស់ ហើយបើមិនពាក់ម៉ាស់នឹងត្រូវទទួលពិន័យទៅតាមស្មារតីនៃខ្លឹមសារអនុក្រឹត្យនេះ។ បើមិនពាក់ម៉ាស់នៅកន្លែងដែលក្រសួងសុខាភិបាលកំណត់នោះទេ វិធានការដំបូងការព្រមានការណែនាំ ប្រសិនបើនៅតែមិនអនុវត្តទៀតគេនឹងពិន័យ»។
លោកបន្ថែមបន្ទាប់ពីអនុក្រឹត្យ ស្តីពីវិធានការការពារកូវីដ ១៩ ចូលជាធរមាន ពុំទាន់មានបុគ្គលណាត្រូវបានផ្តន្ទាទោស ឬផាកពិន័យ ដោយយោងតាមអនុក្រឹត្យនេះនៅឡើយទេ។
លោកថា៖ «សង្កេតជាទូទៅ ពុំទាន់មានឃើញថា មានការឃាត់ ឬផាកពិន័យពាក់ព័ន្ធអនុក្រឹត្យនៅឡើយទេ។ មានតែការបង្ហោះចែកចាយសារសំឡេងព័ត៌មាន ដែលគ្មានប្រភពថា ផាកពិន័យមិនពាក់ម៉ាស់នៅកន្លែងនេះ កន្លែងនោះសុទ្ធតែជាព័ត៌មានដែលគ្មានប្រភពទាំងអស់។ មិនដឹងថា ព័ត៌មានពិត ឬមិនពិត ក៏ប៉ុន្តែព័ត៌មានផ្លូវការពីសមត្ថកិច្ចតែម្តងដូចជាមិនទាន់ឃើញមានទេ»។
ទោះជាយ៉ាងនេះក្តី លោក ម៉ាលីន ចាត់ទុកថា ការបំផុសព័ត៌មានមិនពិត ដែលមានចេតនាទុច្ចរិតក្នុងការបង្កភាពចលាចល ឬក៏បំផ្លាញនូវវិធានការរបស់រដ្ឋាភិបាល មិនឱ្យពលរដ្ឋមានជំនឿពាក់ព័ន្ធវិធានការរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់នៃការរីករាលដាលការឆ្លងកូវីដ ១៩ នឹងប្រឈមបទល្មើសព្រហ្មទណ្ឌ។
រាជរដ្ឋាភិបាលកាលពីថ្ងៃទី ១២ ខែមីនា បានចេញអនុក្រឹត្យថ្មី ស្ដីពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងកូវីដ ១៩ និងជំងឺឆ្លងកាចសាហាវផ្សេងទៀត ដែលមាន ៩ ជំពូក និង ៣៩ មាត្រា ព្រមទាំងបាននិរាករណ៍អនុក្រឹត្យចាស់។ អនុក្រឹត្យនេះចែងលម្អិតអំពីវិធានការនានា រាប់ចាប់ពីការធ្វើអនាម័យ ការវាស់កម្ដៅ ការពាក់ម៉ាស់ ការរក្សាគម្លាត ការយកសំណាកទៅពិនិត្យ ការធ្វើចត្តាឡីស័ក ការព្យាបាល ការចាក់វ៉ាក់សាំង ការគ្រប់គ្រង និងការចាត់ចែងសពជាដើម។
តាមមាត្រា ១៩ នៃអនុក្រឹត្យនេះចែងថា បុគ្គលដែលមិនពាក់ម៉ាស់នៅកន្លែងចាំបាច់ដែលក្រសួងសុខាភិបាលបានណែនាំ នឹងត្រូវរងការផាកពិន័យពី ២ សែន រៀល ទៅ ១ លានរៀល ប្រសិនបើបុគ្គលនោះ មិនធ្វើតាមការព្រមានលើកទី១។
ចំណែកមាត្រា ២១ នៃអនុក្រឹត្យនេះចែងថា៖ «ត្រូវផ្តន្ទាទោសជាកពិន័យអន្តរការណ៍ពី ១ លានរៀល ទៅ ៥ លានរៀល ចំពោះបុគ្គលដែលមិនសហការជាមួយមន្ត្រីសុខាភិបាល ដើម្បីយកវត្ថុសំណាកទៅវិភាគរកមេរោគកូវីដ ១៩ ដូចមានចែងក្នុងមាត្រា ១០ នៃអនុក្រឹត្យនេះ។ ការបង់ប្រាក់ពិន័យអន្តរការណ៍នេះ មិនធ្វើឱ្យបុគ្គលដែលប្រព្រឹត្តអំពើល្មើសនេះ រួចផុតពីកាតព្វកិច្ចក្នុងការឱ្យមន្ត្រីសុខាភិបាលយកសំណាកទៅវិភាគរកមេរោគកូវីដ ១៩ នោះទេ»។
អ្នកជំងឺកូវីដ ១៩ ដែលមិនអនុវត្តតាមគោលការណ៍នៃការព្យាបាលក៏នឹងត្រូវផាកពិន័យពី ២ លានរៀល ទៅ ១០ លានរៀលផងដែរ ដូចមានចែងក្នុងមាត្រា ២៤ នៃអនុក្រឹត្យ។ ការផាកពិន័យក៏ធ្វើឡើង ចំពោះបុគ្គលដែលចាត់ចែងសពមានផ្ទុកកូវីដ ១៩ ល្មើសនឹងការណែនាំរបស់ក្រសួងសុខាភិបាលដោយផាកពិន័យពី ៥ លាន ទៅ ២០ លានរៀល។ នេះបើតាមមាត្រា ២៥។
ចំណែកមាត្រា ២៦ ចែងថា៖ «ត្រូវផ្តន្ទាទោសពិន័យអន្តរការណ៍ពី ១០ លានរៀល ទៅ ៥០ លានរៀល ចំពោះគ្រឹះស្ថានសុខាភិបាលឯកជនទាំងអស់ ដែលមិនបានធ្វើការជូនដំណឹងបន្ទាន់ទៅក្រសួងសុខាភិបាលក្នុងករណីពិនិត្យឃើញថា អ្នកជំងឺដែលកំពុងទទួលសេវាព្យាបាលនៅក្នុងគ្រឹះស្ថានរបស់ខ្លួនមានតម្រុយបញ្ជាក់ថា ជាអ្នកជំងឺដែលគេចវេះពីការធ្វើចត្តាឡីស័ក ឬកំពុងគេចចេញពីកន្លែងធ្វើចត្តាឡីស័ក»។
បើតាមមន្ត្រី អនុក្រឹត្យនេះ ធ្វើឡើងដើម្បីអនុវត្តឱ្យស្របទៅតាមច្បាប់ ស្ដីពីវិធានការគ្រប់គ្រងកូវីដ ១៩ និងជំងឺកាចសាហាវប្រកបដោយគ្រោះថ្នាក់ផ្សេងទៀត ដែលប្រមុខរដ្ឋស្ដីទីលោក សាយ ឈុំ បានប្រកាសដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី ១១ ខែមីនា៕
វីដេអូ៖