ភ្នំពេញៈ ​នគរបាល​ខណ្ឌ​ជ្រោយចង្វារ​កំពុង​រៀបចំ​បញ្ជូន​ក្មេង​ទំនើង​ ២ ​នាក់​ ទៅ​សាលាដំបូង​រាជធានី​​ភ្នំពេញ​នៅថ្ងៃនេះ បន្ទាប់ពី​ចាប់ខ្លួន​ពីថ្ងៃ​ទី ​៨ មីនា នៅ​សង្កាត់​ជ្រោយចង្វារ​ពាក់ព័ន្ធ​ករណី​ជិះ​ម៉ូតូ​ទៅ​ទះ​ក្បាល​បុរស​បរទេស​ម្នាក់​រួច​យក​រូបភាព​ទៅ​បង្ហោះ​លើ​ហ្វេសប៊ុក​ជា​ទង្វើ​ដែល​អ្នកច្បាប់​ថា អាច​ប្រឈម​ទោស​ពី​ ១ ​ឆ្នាំ​ទៅ​​ ៣ ​ឆ្នាំ បើ​អំពើ​នោះ​ធ្វើ​​ឡើង​ដោយ​ចេតនា​។

លោក ឯក សេរីវុធ អធិការរង​នគរបាល​ខណ្ឌ​ជ្រោយចង្វារ​ឱ្យដឹងពី​ម្សិលមិញ​ថា ជនសង្ស័យ​ឈ្មោះ ​លឹម ហុងឡេង អាយុ​ ១៨ ​ឆ្នាំ និង​ឈ្មោះ រិទ្ធ ចាន់តារា អាយុ​ ១៧ ​ឆ្នាំ​ គឺ​សមត្ថកិច្ច​​លោក​គ្រោង​បញ្ជូន​បន្ត​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​​ទី​ ១០ ​មីនា​នេះ​។ ប៉ុន្តែ​នេះ​គ្រាន់តែ​ជា​ការគ្រោង​ទេ ព្រោះ​សំណុំរឿង​នៅ​ថ្ងៃនេះ​ (​ថ្ងៃទី​ ៩ ​មីនា​) ​កំពុង​បន្ត​ចាត់ការ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​នៅឡើយ​។

លោក​ថ្លែងថា​៖ «​រឿងនេះ​​យើង​ត្រូវតែ​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​ហើយ ប៉ុន្តែ​យើង​​កំពុង​តែ​ធ្វើការ​មិនទាន់​បញ្ចប់​​ការងារ​។ ​យើង​គ្រោង​បញ្ជូន​ពួកគេ​ទៅ​តុលាការ​នៅ​ថ្ងៃស្អែក​នេះ​ (​ថ្ងៃទី​ ១០ ​មីនា​) បើ​យើង​រៀបចំ​ឯកសារ​ចប់​»​។

លោក ចាន់ ប៊ុនធឿន នាយនគរបាល​ប៉ុស្តិ៍​សង្កាត់​ជ្រោយចង្វារ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​ជនសង្ស័យ​ឈ្មោះ លឹម ហុងឡេង គឺជា​សិស្ស​ថ្នាក់​ទី​ ១១ ​រស់នៅ​ផ្ទះជួល​ក្នុងភូមិ​កៀន​ឃ្លាំង​សង្កាត់-ខណ្ឌ​ជ្រោយចង្វារ​។ ​រីឯ​ឈ្មោះ រិទ្ធ ចាន់តារា គ្មាន​មុខរបរ​​ពិតប្រាកដ​ស្នាក់នៅ​បន្ទប់​ជួល​នៅ​ភូមិ​១ សង្កាត់-ខណ្ឌ​ជ្រោយចង្វារ​រាជធានី​ភ្នំពេញ​។

លោក​បន្តថា ក្រោយ​ទទួល​បញ្ជា​លោក​អធិការនគរបាល​​ខណ្ឌ​ជ្រោយចង្វារ តាមរយៈ​វិទ្យុ​ទាក់ទង និង​កំណត់​អត្តសញ្ញាណ​បាន​តាមរយៈ​ហ្វេសប៊ុក​មក​លោក​ក៏បាន​ចាត់​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចុះ​ស្រាវជ្រាវ​រហូត​ចាប់បាន​ជនសង្ស័យ​តែម្តង​។

លោក​បាន​ថ្លែងថា​៖ «​ជនសង្ស័យ​ទាំង​ ២ ​នាក់​នោះ​សមត្ថកិច្ច​ខ្ញុំ​បាន​បញ្ជូន​បន្តទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វារ​ចាត់ការ​បន្ត​។ ​ចំពោះ​នីតិវិធី​ ឬ​ចំណាត់ការ​បន្ត​យ៉ាងណា​​ទៀត​នោះ ជា​សមត្ថកិច្ច​នគរបាល​ខណ្ឌ​»​។

លោក ចាន់ ប៊ុនធឿន បញ្ជាក់ប្រាប់​តាម​ចម្លើយ​របស់​ក្រុម​ជនសង្ស័យថា មុន​បង្កហេតុ ពួកគេ​បាន​នាំគ្នា​ផឹកស្រា​បៀរ​រហូត​ស្រវឹង​។ ​បន្ទាប់មក​ពួកគេ​ក៏បាន​ជិះ​ម៉ូតូ​ ១ ​គ្រឿង​ចេញពី​កន្លែង​ផឹកស៊ី ដោយ​មាន​ឈ្មោះ លឹមហុងឡេង ជា​អ្នក​ឌុប ឈ្មោះ រិទ្ធ ចាន់​តារា​។ ចៃដន្យ​នៅពេល​កំពុង​ជិះ​ម៉ូតូឌុប​គ្នា​នោះ​ក៏​ឃើញ​បុរស​បរទេស​ម្នាក់​ដែលមាន​ក្បាល​កោរ​ត្រងោល​កំពុង​ជិះ​កង់​ស្រប​ទិស​គ្នា​ក្នុងភូមិសាស្ត្រ សង្កាត់​ជ្រោយចង្វារ​។

ពេលនោះ​ឈ្មោះ លឹម ហុងឡេង បាន​ជិះ​ម៉ូតូ​ទៅ​អែប​ក្បែរ​បុរស​បរទេស​នោះ ហើយ​ឈ្មោះ រិទ្ធចាន់តារា ក៏បាន​ទះ​ក្បាល​បុរស​​នោះ​ពីក្រោយ​មួយ​ទំហឹង ហើយ​​គ្នីគ្នា​ពួកគេ​ ២-៣ ​នាក់​ទៀត ចាំ​ថត​សកម្មភាព និង​នាំគ្នា​សើច​រួច​ជិះ​គេចខ្លួនបាត់​។

លោក ប៊ុនធឿន បាន​ប្រាប់​តាម​សម្តី​ជនសង្ស័យ​ទៀតថា​ ក្រោយមក​ពួកគេ​ក៏បាន​យក​រូបភាព​ទះ​ក្បាល​ជនបរទេស​​នេះ​ទៅ​បង្ហោះ​តាម​ TikTok ​និង​តាម​ហ្វេសប៊ុក​រហូត​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់ខ្លួន​ពួកគេ​ទាំង​ ២ ​នាក់​នោះ​តែម្តង​។

លោក​មេធាវី យុង ផានិត អនុប្រធាន​នាយកដ្ឋាន​ការពារ​ក្តី​ជនក្រីក្រ​នៃ​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា ករណី​នេះ​ពាក់ព័ន្ធ​នឹង​ការប្រើ​អំពើ​ហិង្សា ហើយ​បើ​យោងតាម​មាត្រា​ ២១៧ ​នៃ​ក្រមព្រហ្មទណ្ឌ​ប្រសិនបើ​ការប្រព្រឹត្ត​នោះ​ធ្វើឡើង​ដោយ​ចេតនា​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ១ ​ឆ្នាំ​ទៅ​ ៣ ​ឆ្នាំ និង​ពិន័យ​ប្រាក់​ពី​ ២ ​លាន​ទៅ​ ៦ ​លាន​រៀល​៕

វីដេអូ៖