កំពត: អាជ្ញាធរ​ខេត្ត​កំពត​កំពុង​វាយ​តម្លៃ​ការ​ខូចខាត​ និង​ស្រាវជ្រាវ​រក​មូលហេតុ​ពិត​ប្រាកដ បន្ទាប់​ពី​មាន​ឧបទ្ទេវហេតុ​អគ្គិភ័យ​​ឆេះ​ផ្សារ​សាមគ្គី​ត្រពាំង​រពៅ​ស្ទើរ​ទាំង​ស្រុង ក្នុង​ឃុំ​ព្រែក​ត្នោត ស្រុក​ទឹក​ឈូ ខេត្ត​កំពត កាល​ពី​ព្រលប់​ថ្ងៃទី ៧ ខែ ​សីហា ខណៈ​សមត្ថកិច្ច​សន្និដ្ឋាន​ថា មក​ពី​ទុស្សេ​ចរន្ត​អគ្គិសនី ប៉ុន្ដែ​មិន​មាន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ។

លោក ម៉ៅ ច័ន្ទ​មធុរិទ្ធ ស្នងការ​នគរបាល​ខេត្ត​កំពត​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាល​ពី​ម្សិលមិញ​ថា ខណៈ​នេះ អាជ្ញាធរ​ខេត្ត​បាន ​និង​កំពុង​ស្រង់​ស្ថិតិ​អាជីវករ ​ចំនួន​តូប​ដែល​កំពុង​លក់ដូរ​​ក្នុង​ផ្សារ និង​ទំហំ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​ ​។ ចំពោះ​តួលេខ​បឋម​ តូប​អាជីវករ​ដែល​កំពុង​លក់​ដូរ​សរុប​មាន ១៨៧ ​តូប​ក្នុង​នោះ​ឆេះ​អស់​ទាំង​ស្រុង ​១៤៧ ​តូប ដែល​បណ្ដាល​មក​ពី​ទុស្សេ​ចរន្ត​អគ្គិសនី​។

លោក​បន្ត​ថា ប្រតិបត្តិការ​ពន្លត់​អគ្គិភ័យ​នោះ​ សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន ​៥ ​គ្រឿង ក្នុង​នោះ ​២ ​គ្រឿង ​មក​ពី​អធិការដ្ឋាន​ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះសីហនុ ដោយ​ប្រើ​​ទឹក​អស់ ​៣៥ ​រថយន្ត ។ ​ករណី​នេះ ​មិន​បាន​ឆេះ​ឆ្លង​ដល់​ផ្ទះ​ពល​រដ្ឋ​ដែល​នៅ​ជិត​ទេ រីឯ​អ្នក​គ្រោះថ្នាក់​ក៏​ពុំ​មាន​ដែរ​​។

លោក ច័ន្ទ​មធុរិទ្ធ បញ្ជាក់​ថា​៖ ​«ផ្សារ​ហ្នឹង​ឆេះ គឺ​បណ្ដាល​មកពី​ទុស្សេ​ចរន្ត​អគ្គិសនី ហើយ​យើង​កំពុង​ស្រាវជ្រាវ​បន្ថែម​ ដើម្បី​ដឹង​កាន់​តែ​ច្បាស់ ហើយ​ទំហំ​នៃ​ការ​ខូច​ខាត​នោះ យើង​មិន​ទាន់​ដឹង​ទេ លោក​អភិបាល​ខេត្ត​បាន​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​​ស្រង់​ស្ថិតិ​ហ្នឹង ហើយ​គួរ​ជួយ​គាត់​យ៉ាង​ណា​ទៀត​នោះ គឺ​យើង​កំពុង​ពិភាក្សា​គ្នា»​។

លោក ភី ឌក នាយ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ឃុំ​ព្រែក​ត្នោត​បាន​ថ្លែង​ថា នៅ​ក្នុង​ផ្សារ​នេះ មិនមាន​អាជីវករ​ស្នាក់​នៅ​ពេល​យប់​ទេ ពោល​គឺ​ពួក​គាត់​បាន​ត្រឡប់​ទៅ​ផ្ទះ​រៀងៗ​ខ្លួន ​បន្ទាប់​ពី​ឈប់​លក់ដូរ​នៅ​ពេល​ថ្ងៃ ដោយ​បាន​រើ​អីវ៉ាន់​ដាក់​ក្នុង​តូប រួច​ចាក់​សោ​ ប៉ុន្ដែ​មាន​សន្ដិសុខ​យាម​នៅ​ខាង​ក្រៅ​​ផ្សារ​ដោយ​មិន​អាច​ចូល​ទៅ​ខាង​ក្នុង​ផ្សារ​បាន​ទេ។​

លោក​បន្ត​ថា មុន​មាន​អគ្គិភ័យ​ឆេះ​នេះ គេ​ឃើញ​ប្រព័ន្ធ​អគ្គិសនី​ មាន​លក្ខណៈ​ញាក់ៗ​ ប៉ុន្ដែ​ត្រូវ​បាន​គេ​ជួសជុល​ឡើង​វិញ ​«កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ហ្នឹង គឺ​ភ្លើង​វា​ដូច​ជា​ញាក់ៗ​ ហើយ​ភ្លើង​ហ្នឹង​ភ្លឺ​ភ្លិបភ្លែតៗ និង​បណ្ដាល​ឲ្យ​ឆេះ​ទូទឹកកក​អាជីវករ​ម្នាក់ ប៉ុន្ដែ​យើង​គ្រប់គ្រង​ទាន់​ពេល​ លុះ ​២ ​ថ្ងៃ ​ក្រោយ​មក​ក៏​មាន​ហេតុការណ៍​នេះ​ទៅ»​។

លោក ស៊ុន រ៉ាវុធ ហៅ​ទ្រី ជា​ម្ចាស់​ផ្សារ​សាមគ្គី​ត្រពាំង​រពៅ​នេះ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា លោក​សោកស្ដាយ​ណាស់​ចំពោះ​ហេតុការណ៍​នេះ ដោយ​ធ្វើ​ឲ្យ​ខាតបង់​ទាំង​អស់​គ្នា គឺ​លោក​ក៏​ខាត​ច្រើន​ រីឯ​អាជីវករ​ក៏​ខាតបង់​ច្រើន​ដែរ​ព្រោះ​វា​ជា​ហេតុការណ៍​ដែល​គេ​មិន​អាច​ដឹង​មុន​។

លោក​បន្ត​ថា​ មុន​កើត​ហេតុ​ប្រព័ន្ធ​អគ្គិសនី​មាន​បញ្ហា ដោយ​មាន​ភ្លើង​ញាក់ៗ ហើយ​លោក​ក៏​បាន​ជូន​ដំណឹង​ទៅ​មន្ត្រី​អគ្គិសនី​ដើម្បី​ចុះ​មក​ជួសជុល​បន្ទាន់ ​«ពួក​គាត់​បាន​ជួសជុល​រួចរាល់​ហើយ ​ប៉ុន្ដែ​ខ្ញុំ​មិន​ដឹង​ជា​មូលហេតុ​អ្វី​ទេ បាន​ជា​វា​ឆាបឆេះ​នៅ​ពេល​យប់​ទៅ​វិញ ព្រោះ​ពេល​យប់​អាជីវករ​​យើង​គាត់​តែង​បិទ​ភ្លើង តែ​ថ្ងៃ​ហ្នឹង​ប្រហែល​មាន​អ្នក​ភ្លេច​បិទ​ភ្លើង​ហើយ»​។

អ្នកស្រី ដួង សុភក្ដិ ជា​ម្ចាស់​ហាង​លក់​ទូរស័ព្ទ​នៅ​ជាប់​ផ្សារ​នេះ​បាន​ថ្លែង​ថា ផ្ទះ​អ្នកស្រី​នៅ​ជិត​ផ្សារ​នោះ ​ប៉ុន្ដែ​ភ្លើង​មិន​ឆេះ​ដល់​ទេ។ មុន​ពេល​ភ្លើង​ឆេះ អ្នកស្រី​បាន​ឃើញ​អណ្ដាត​ភ្លើង​ចេញ​ពី​តូប​មួយ​នៅ​ចំ​កណ្ដាល​ផ្សារ​ ប៉ុន្ដែ​អ្នកស្រី​មិន​បាន​ស្គាល់​តូប​លេខ​ប៉ុន្មាន​ទេ​។

អ្នកស្រី​បន្ត​ថា ភ្លាមៗ​នោះ នគរបាល​ប៉ុស្ដិ៍​ព្រែក​ត្នោត​ បាន​សុំ​ជំនួយ​អន្តរាគមន៍​ពី​ថ្នាក់​ស្រុក និង​ខេត្ត​ដើម្បី​ជួយ​ពន្លត់ ប៉ុន្ដែ​រថយន្ត​សង្គ្រោះ​ស្រុក​ទឹក​ឈូ​មាន​ចំនួន​តិច រង់ចាំ​ជំនួយ​មក​ពី​ខេត្ត និង​ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះសីហនុ​ទៀត​ទើប​យឺតយ៉ាវ «ផ្សារ​ហ្នឹង​គេ​ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី ដល់​ពេល​មាន​អគ្គិភ័យ​កើត​ឡើង​អ៊ីចឹង​ទៅ ​គឺ​វា​ឆេះ​លឿនណាស់ ​ហើយ​ឡាន​ទឹក​ក៏​មក​យឺត​ទៀត ព្រោះ​នៅ​ឆ្ងាយៗ អ៊ី​ចឹង​ក៏​ពិបាក​បន្ទោស​គាត់​ដែរ​»៕