ព្រះវិហារ៖ ​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ខេត្តព្រះវិហារ កំពុង​សហការ​ជាមួយ​សមត្ថកិច្ច​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​នៃ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ជួយ​ដល់​នារី​ខ្មែរ​ម្នាក់​ពី​ប្រទេស​ចិន បន្ទាប់​ពី​នារី​រងគ្រោះ​រូប​នេះ លើក​ដៃ​សំពះ​បង្ហោះ​តាម​ហ្វេសប៊ុក​ពី​ប្រទេស​ចិន សុំ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ជួយ​រំដោះ​នាង​មក​ប្រទេស​កម្ពុជា ​វិញ។

លោកស្រី​ឧត្តម​សេនីយ៍​ត្រី ​ប្រាំង ធីតា ស្នងការរង​ផែន​ការ​ងារ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​ការពារ​អនីតិជន​ខេត្ត​ព្រះវិហារ​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ ​ពី​ថ្ងៃ ១៧ មីនា​ថា នារី​រងគ្រោះ​នោះ ឈ្មោះ អ៊ន សុខជី អាយុ ១៧ ឆ្នាំ រស់នៅ​ភូមិ​អូរខ្លែង​ពណ៌​ឃុំប៉ាលហាល ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ។ ករណី​នេះ​សមត្ថកិច្ច​របស់​លោកស្រី​កំពុង​សហការ​ជាមួយ​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ និង​ក្រសួង​ការ​បរទេស​កម្ពុជា​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃ​ទៀត ដើម្បី​ជួយ​អន្តរាគមន៍​រំដោះ​នារី​រងគ្រោះ​យក​មក​កម្ពុជា​វិញ។

លោកស្រី​បន្តថា នារី​រងគ្រោះ​បាន​បង្ហោះ​សារ​ក្នុង​វីដេអូ​ពី​ថ្ងៃ​ទី ៤ មីនា ឆ្នាំ ២០២១ ប៉ុន្តែ​នាង​មិន​បាន​បញ្ជាក់​ពី​ទីតាំង ​ឬ​តំបន់​ដែល​នាង​កំពុង​រស់នៅ​ប្រទេស​ចិន ​ឲ្យ​បាន​ច្បាស់​ទេ ដោយ​គ្រាន់តែ​រៀបរាប់​ពី​ទុក្ខលំបាក​ដែល​ត្រូវ​គេ​លក់​នាង​បន្ត​ពី​ម្នាក់​ទៅ​ម្នាក់​ប៉ុណ្ណោះ។

លោកស្រី ធីតា បញ្ជាក់​ថា៖ «ការងារ​នេះ​យើង​កំពុងតែ​ធ្វើ​ការ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ជាមួយ​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​នៅ​ភ្នំពេញ និង​អាជ្ញាធរ​ពាក់ព័ន្ធ។ តែ​យើង​ពិបាក​ស្រាវជ្រាវ​ព្រោះ​មិន​ដឹង​ថា ​នាង​នៅ​តំបន់​ណា​ក្នុង​ប្រទេស​ចិន ​តែ​យើង​បន្ត​ស្រាវជ្រាវ​ទៀត»។

ពាក់ព័ន្ធ​ករណី​នេះ លោក ​កុយ គួង អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ​កាល​ពី​ម្សិលមិញ ដោយ​ទូរស័ព្ទ​លោក​គ្មាន​អ្នក​ទទួល។ រីឯ​លោក ជីវផល្លី ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​នៃ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ឆ្លើយ​តាម​ទូរស័ព្ទ​ថា ​លោក​កំពុង​រវល់​មិន​អាច​ឆ្លើយ​ជូន​បាន។

យ៉ាងណា​ក្ដី​លោក​ឧត្តម​សេនីយ៍ឯក ឆាយ គឹមខឿន អ្នក​នាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ប្រាប់​ពីថ្ងៃ ១៧ មីនា​ថា ករណី​នេះ សមត្ថកិច្ច​ជំនាញ​កំពុង​សហការ​ជាមួយ​ប្រទេស​ចិន ​រួច​ហើយ ក៏​ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ លោក​មិន​ទាន់​ដឹង​ពី​លទ្ធផល​ទេ។

ក៏​ប៉ុន្តែ​បើ​តាម​លោកស្រី ប្រាំង ធីតា ករណីនេះ​ សមត្ថកិច្ច​លោកស្រី​ធ្លាប់​បាន​ឃាត់់​ខ្លួន​ស្ត្រី​ឈ្មោះ ​ខេង ហ៊ុន អាយុ ៥៥ ឆ្នាំ និង​ស្ត្រី​ឈ្មោះ ​វឿន ភ័ណ្ឌ អាយុ ៤៤ ឆ្នាំ ដាក់​ពន្ធនាគារ​តាម​បណ្តឹង​របស់​ម្តាយ​នារី​រងគ្រោះ​កាល​ពី​ឆ្នាំ ២០២០ ពាក់ព័ន្ធ​នឹង​ការ​ជួយ​សម្រួល​ឲ្យ​កូនស្រី​គាត់​ឈ្មោះ អ៊ន សុខជី ទៅ​ចិន។

តាមរយៈ​រូបភាព​នារី​រងគ្រោះ​បង្ហោះ​បាន​រៀបរាប់​ថា នាង​សូម​លើក​ម្រាមដៃ ១០ ឲ្យ​បងប្អូន​ខ្មែរ​ជួយ​យក​នាង​ពី​ប្រទេស​ចិន ​មក​កម្ពុជា​វិញ​ផង។ ម្យ៉ាង​នាង​បង្ហោះ​សារ​នេះ​ក៏​ចង់​ឲ្យ​អ្នក​នៅ​កម្ពុជា​បាន​ឃើញ និង​ជួយ​ចែក​រំលែក​ជូន​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ឃើញ​ដើម្បី​ជួយ​នាង​វិល​មក​កម្ពុជា​វិញ។

នារី​រងគ្រោះ​បាន​បញ្ជាក់​ថា៖ «ខ្ញុំ​ចាញ់​បោក​មេ​ខ្យល់​តាំង​ពី​ឆ្នាំ ២០១៩ ពេល​នោះ​ខ្ញុំ​ទើប​មាន​អាយុ ១៥ ឆ្នាំ។ គេ​យក​ខ្ញុំ​មក​លក់​នៅ​ប្រទេស​ចិន ​តាំង​ពី​អាយុ ១៥ ឆ្នាំ។ គេ​ឃុំឃាំង​ខ្ញុំ​មិន​ឲ្យ​ខ្ញុំ​ទាក់ទង​ទៅ​អ្នក​ផ្ទះ​ខ្ញុំ​ទេ​គេ​វាយដំ​ខ្ញុំ ទាត់​ធាក់​ខ្ញុំ គេ​ឃុំឃាំង​ខ្ញុំ​ក្នុង​បន្ទប់។ ខ្ញុំ​អត់​ចង់​នៅ​ប្រទេស​ចិន ​ទៀត​ទេ ខ្ញុំ​ខ្លាច​គេ​វាយ​ធ្វើ​បាប​ខ្ញុំ​ទៀត គេ​លក់​ខ្ញុំ​ពី​ម្នាក់​ទៅ​ម្នាក់»។

ដោយ​ឡែក អ្នកស្រី ​ឌុច អ៊ីម ជា​ម្តាយ​នារី​រងគ្រោះ​បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្ដិ៍ ​ពីថ្ងៃ ១៧ មីនា​ថា នៅ​អំឡុង​ឆ្នាំ ២០១៩ ស្ត្រី​ឈ្មោះ ​ខេង ហ៊ុន និង​ឈ្មោះ ​វឿន ភ័ណ្ឌ ដែល​រស់នៅ​ភូមិ​ជិត​គ្នា​បាន​មក​បញ្ចុះបញ្ចូល​ឲ្យ​កូនស្រី​អ្នកស្រី ឈ្មោះ អ៊ន សុខជី ឱ្យ​យក​ប្តី​ចិន ដោយ​ប្រាប់​ថា នៅ​ចិន​គេ​រក​លុយ​បាន​ច្រើន។ ប៉ុន្តែ​គាត់​បាន​ប្រកែក​មិន​ព្រម​ឲ្យ​កូន​ទៅ​ព្រោះ​ខ្លាច​ប្តី​ចិន​ធ្វើ​បាប តែ​ឈ្មោះ​ ខេង ហ៊ុន អះអាង​ថា គ្មាន​អ្នក​ណា​ធ្វើ​បាប​ទេ ហើយ​ថា បើ​កូន​គាត់​គ្មាន​អត្តសញ្ញាណប័ណ្ណ គឺ​គេ​ធ្វើ​បាន​ភ្លាម​មិន​ពិបាក​ទេ។

បើ​តាម​អ្នកស្រី ​ឌុច អ៊ីម ក្រោយ​មក​ស្ត្រី​មេខ្យល់​បាន​បង្ហោះ​រូប​បុរស​ចិន​ចំនួន ៤ នាក់ (បុរស​ចំណាស់ ២ នាក់ បុរស​វ័យ​ក្មេង ២ នាក់) ឲ្យ​កូន​អ្នក​ស្រី​មើល។ ក្រោយ​ឃើញ​រូបថត​បុរស​ចិន​នោះ កូន​ស្រី​បាន​ប្រាប់​អ្នកស្រី​ថា នាង​ដាច់​ចិត្ត​យក​ប្តី​នៅ​ចិន​ហើយ ព្រោះ​នៅ​ស្រុក​យើង​ពិបាក។ បន្ទាប់​ពី​មាន​ការ​យល់ព្រម​ស្ត្រី​មេខ្យល់​ទាំង ២ នាក់ ​បាន​នាំ​អ្នកស្រី និង​កូនស្រី​មក​ភ្នំពេញ​រត់ការ​ឯកសារ​ធ្វើ​លិខិត​ឆ្លង​ដែន។ បន្ទាប់​មក​ក៏​នាំ​ទៅ​ឡើង​យន្តហោះ​នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ជិះ​ទៅ​ប្រទេស​ចិន ​តែ​ម្តង។

លោកស្រី ម៉ៅ ម៉ាប់ មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ទទួល​បន្ទុក​ស្ត្រី និង​កុមារ​បាន​ថ្លែង​ថា ករណី​នារី​រងគ្រោះ​ឈ្មោះ អ៊ន សុខជី ម្នាក់​នេះ លោកស្រី​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​ពី​មន្ត្រី​របស់​លោកស្រី​ទេ តែ​លោកស្រី​ថា​នឹង​តាម​ដាន​រឿង​នេះ។

លោកស្រី​បន្ត​ថា បើ​និយាយ​ពី​ការ​ជួញដូរ​មនុស្ស ​គឺ​មេ​ខ្យល់​តែង​ប្រើ​គ្រប់​មធ្យោបាយ​ដោយ​ខ្លះ​ប្រាប់​ជន​រងគ្រោះ​ថា ទៅ​រក​ការងារ​ធ្វើ​បាន​ប្រាក់​ខែ​ពី ៥០០ ទៅ ១ ០០០ ដុល្លារ ដោយសារ​គេ​ដឹង​ថា ស្ថានភាព​ជីវភាព​ពលរដ្ឋ​ខ្វះខាត​ខ្លាំង​ដែល​ខ្លះ​ជំពាក់​បំណុល​ធនាគារ​ក៏​មាន។

លោកស្រី​បញ្ជាក់​ថា៖ «វិធី​បោកប្រាស់​របស់​មេខ្យល់​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ដូចជា​មាន​អ្នក​ជួយ​រត់​ឯកសារ​ឲ្យ​មាន​អ្នក​ជូន​ជន​រងគ្រោះ​ទៅ​ដល់​ព្រំដែន​ហើយ​មាន​អ្នក​នាំ​បន្ត​ទៅ​ដល់​គោលដៅ​ប្រទេស​ចិន ​តែម្តង។ បន្ទាប់​ពី​ទៅ​ដល់​ហើយ​មាន​អ្នក​ទទួល​ជន​រងគ្រោះ ទៅ​រក​កន្លែង​ស្នាក់នៅ​អ៊ីចឹង​ទៅ»។

លោកស្រី​បន្ត​ថា អំពើ​ជួញដូរ​មនុស្ស​នេះ មាន​ទាំង​ជួញដូរ​ពលកម្ម​ជួញដូរ​ផ្លូ​វភេទ និង​មិនមែន​ទៅ​តែ​ប្រទេស​ចិន​ ទេ មាន​ទៅ​ម៉ាឡេស៊ី និង​ថៃ​ផង ហើយ​ខេត្ត​ជា​គោលដៅ​ដែល​មេ​ខ្យល់​តែងតែ​អូស​ទាញ​ជន​រងគ្រោះ​ភាគច្រើន​ គឺ​មាន​ខេត្ត​កំពង់ចាម ខេត្ត​ត្បូងឃ្មុំ ខេត្ត​បាត់ដំបង និង​ខេត្ត​ព្រះវិហារ៕