ភ្នំពេញៈ សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី-ភ្នំពេញ​កំពុង​បន្ត​ការសាកសួរ​ជនជាតិខ្មែរ​ និង​ចិន​ចំនួន​ ៦៥ ​នាក់ ក្រោយពី​បង្ក្រាប​បាន​នៅ​ភោជនីយដ្ឋាន​មួយ​ឈ្មោះ ហុកសិបប្រាំមួយ​ដឺក្រេ ផាប​&​ឡោញ ​ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​ ២ ខណ្ឌ​បឹង​កេងកង​កាលពី​រំលង​អធ្រាត្រ​ឈានចូល​ថ្ងៃទី​ ១២ តុលា ដោយ​រឹបអូស​បាន​សារធាតុ​ញៀន​មួយចំនួន ។

លោក សាន សុខសីហា អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ភ្នំពេញ​-​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា​៖ «​ឥឡូវ​​យើង​មិនទាន់​អាច​ប្រាប់​ព័ត៌មាន​លម្អិត​ជុំវិញ​ករណី​នេះ​បានទេ​ព្រោះ​ពេលនេះ ក្រុម​ការងារ​ជំនាញ​កំពុង​បន្ដ​សាកសួរ និង​ស៊ើបអង្កេត​បន្តទៀត​។ ​បច្ចុប្បន្ន​ក្រុម​សមត្ថកិច្ច​ជំនាញ​កំពុង​បន្ត​ការសាកសួរ​ពួកគាត់​ (​ជនជាតិខ្មែរ និង​ចិន​ ៦៥ ​នាក់​) នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី-ភ្នំពេញ​»​។

បើតាម​លោក សុខសីហា កាលពី​យប់​រំលង​អធ្រាត្រ​ឈានចូល​ថ្ងៃទី​ ១២ ខែតុលា កម្លាំង​ស្នងការដ្ឋាន​នគរបាល​រាជធានី-ភ្នំពេញ​បាន​ចុះបង្ក្រាប​នៅ​ភោជនីយដ្ឋាន​មួយកន្លែង​ឈ្មោះ ​ហុកសិប​ប្រាំមួយ ដឺក្រេ ផាប & ឡោញ​។ ​

នៅក្នុង​ប្រតិបត្ដិការ​នេះ​​សមត្ថកិច្ច​ឃាត់​បាន​ជនជាតិខ្មែរ និង​ជនជាតិ​ចិន​សរុប​ចំនួន​ ៦៥ ​នាក់​ (​ស្រី​ ២១ ​នាក់​ប្រុស​ ៤៤ ​នាក់​) និង​ថ្នាំញៀន​មួយចំនួនធំ​។ ក៏ប៉ុន្តែ​លោក​មិនទាន់​​អាច​បញ្ជាក់​លម្អិត​ពី​ករណី​បាន​​នៅឡើយ​ទេ​។

លោក​បាន​ថ្លែងថា​៖ «​យើង​យកបាន​ភ័ស្ថុតាង​មួយចំនួន​ហើយ​ក្នុងនោះ​ក៏មាន​សារធាតុញៀន​ផងដែរ​។ ​ប៉ុន្ដែ​ពេលនេះ យើង​កំពុង​ស្រាវជ្រាវ​បន្ថែមទៀត​សិន ព្រោះ​ការងារ​នេះ​យើង​មិនអាច​បញ្ជាក់​ខ្លី​ក្នុង​ពេលនេះ​បានទេ​»​។

លោក ស៊ឹម ពិសិដ្ឋ អធិការ​នគរបាល​ខណ្ឌ​បឹងកេងកង​​កាលពី​ម្សិលមិញ​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ការបង្ក្រាប​ករណីនេះ ដោយ​លោក​គ្រាន់តែ​បានបញ្ជាក់​យ៉ាងខ្លី​ថា ការងារ​នេះ​កំពុងស្ថិត​នៅក្នុង​សមត្ថកិច្ច​របស់​នគរបាល​រាជធានី​៕