ភ្នំពេញៈ សមត្ថកិច្ចនៃអគ្គស្នងការនគរបាលជាតិកំពុងសាងសួរជនសង្ស័យជាតិចិនចំនួន ២៦ នាក់ បន្ទាប់ពីឃាត់ខ្លួនកាលពីថ្ងៃសុក្រនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យពាក់ព័ន្ធនឹងបទឧក្រិដ្ឋដែលអាចនឹងបញ្ជូនទៅប្រទេសចិនវិញ ក្រោយរៀបចំនីតិវិធីចប់។
កាលពីថ្ងៃទី ១៣ ខែធ្នូ សមត្ថកិច្ចចម្រុះកម្ពុជា ចិន បានចុះឆែកឆេរក្នុងលំនៅឋានចំនួន ២ កន្លែងនៅក្រុងប៉ោយប៉ែត ហើយឃាត់ខ្លួនក្រុមជនជាតិចិនប្រុសស្រី ២៦ នាក់ពាក់ព័ន្ធនឹងករណីចាប់ជំរិតនៅប្រទេស ចិន ហើយបានរត់មកលាក់ខ្លួននៅកម្ពុជា។
លោក តេង សាម៉ៃ អ្នកនាំពាក្យសាលាដំបូងខេត្តបន្ទាយមានជ័យបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃអាទិត្យថា បន្ទាប់ពីទទួលបានដីកាអនុវត្តរបស់ប្រទេស ចិន សមត្ថកិច្ចចម្រុះដែលមានភាគីចិនចូលរួមផងដែរនោះបានឈានដល់ការឃាត់ខ្លួនជនសង្ស័យ ២៦ នាក់នៅ ២ ទីតាំងផ្សេងគ្នាដោយទីតាំង ១ នៅបុរីសាន ស៊ានហូ ក្នុងភូមិគីឡូម៉ែត្រ ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែតដោយឃាត់ខ្លួនជនសង្ស័យប្រុសស្រីជាតិចិន ២ នាក់ និងទីតាំងទី ២ នៅភូមិអូរជ្រៅ សង្កាត់-ក្រុងប៉ោយប៉ែត ដោយបានឃាត់ខ្លួនជនសង្ស័យជនជាតិចិន ២៤ នាក់ក្នុងនោះស្រី ៤ នាក់។
លោកបញ្ជាក់ថា៖ «យើងបានបញ្ជូនជនជាតិចិនហ្នឹងទៅក្រសួងមហាផ្ទៃរង់ចាំបញ្ជូនទៅក្រៅប្រទេសដែលជាប្រទេសគេវិញ។ ការងារហ្នឹង យើងគ្រាន់តែសហការតែប៉ុណ្ណោះ ខាងអយ្យការខេត្តបន្ទាយមានជ័យ ចុះផ្ទៀងផ្ទាត់ដីកាចាប់ និងឈ្មោះរបស់ជនជាតិចិនដែលមាននៅក្នុងទីតាំងនេះ»។
លោក អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានប្រាប់បន្ថែមកាលពីម្សិលមិញថា ក្រោយឃាត់ខ្លួនភ្លាមៗសមត្ថកិច្ចបានបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីចាត់វិធានការតាមនីតិវិធី ព្រោះជនសង្ស័យទាំងនោះជាប់ពាក់ព័ន្ធនឹងករណីចាប់ជំរិតនៅប្រទេសចិន។
លោកបញ្ជាក់ថា៖ «ក្រោយចាប់ខ្លួនជនសង្ស័យទាំងនោះរួចមក សមត្ថកិច្ចចងដៃនឹងខ្សែសុវត្ថិភាព រួចដឹកតាមរថយន្តក្រុងប្រភេទ ៤៥ កៅអី ចេញពីក្រុងប៉ោយប៉ែតទាំងព្រលប់តែម្ដង ដើម្បីយកទៅចាត់ការទៅតាមនីតិវិធីច្បាប់នៅក្នុងប្រទេសចិននាពេលខាងមុខ»។
លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានបញ្ជាក់យ៉ាងខ្លីកាលពីម្សិលមិញថា ករណីនេះជំនាញកំពុងសាកសួរក្រុមជនសង្ស័យទាំងនោះ និងបន្តឃុំខ្លួនដើម្បីរង់ចាំនីតិវិធីបន្ត។ លោកបញ្ជាក់ថា៖ «ឲ្យជំនាញគេធ្វើការសិន ត្រូវធ្វើកំណត់ហេតុ ធ្វើអីច្រើនទៀត។ ទុកពេលឲ្យយើងធ្វើការសិនណាកុំឲ្យបែករឿងច្រើន»។
យ៉ាងណាលោក ឆាយ គឹមខឿន មិនបានបញ្ជាក់ពីពេលវេលានៃការបញ្ជូនពួកគេទាំង ២៦ នាក់នោះទៅប្រទេសកំណើតវិញនោះទេ។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យអង្គការសមាគមអាដហុកបានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា ជាទូទៅករណីនៃការសហការជាមួយប៉ូលិសបរទេសដើម្បីបង្ក្រាបបទល្មើសផ្សេងៗនៅលើទឹកខ្លួនគឺជារឿងដែលកម្រកើតមាន លុះត្រាតែជាបទល្មើសអន្តរជាតិ។
ប៉ុន្តែករណីនេះលោកមិនច្បាស់ថា ជនសង្ស័យទាំងនោះមានកំហុសពិតប្រាកដឬយ៉ាងណាទេដែលលោកចង់ឲ្យមានការស៊ើបអង្គេតឲ្យបានច្បាស់ ព្រោះការបញ្ជូនជនសង្ស័យទៅប្រទេសកំណើតវិញក៏មិនមែនសុទ្ធតែល្អដែរ។
លោកថា៖ «យើងពិបាកក្នុងការស៊ើបអង្កេត ថាតើជនជាតិទាំងអស់ហ្នឹងប្រាកដជាមានបទល្មើសនៃការប្រព្រឹត្តបែបហ្នឹងមែនអត់?យើងខ្លាចថា អ្នកទាំងអស់ហ្នឹងឲ្យតែចាប់មានការចោទប្រកាន់ស្របពេលប្រទេសចិន កំពុងមានបញ្ហាផ្នែកសកម្មជនទាមទារតវ៉ាមួយចំនួន»។
លោកបានបញ្ជាក់ថា៖ «យ៉ាងណាក៏ដោយ យើងមិនគាំទ្រឲ្យមានជនល្មើសឲ្យមកប្រព្រឹត្តបទល្មើសក្នុងទឹកដីនៃប្រទេសយើងទេ។ ប្រសិនជាមានការប្រព្រឹត្តនូវបទល្មើសក្នុងទឹកដីយើង គួរតែមានការផ្តន្ទាទោសតាមច្បាប់ប្រទេសយើង»។
តាមរបាយការណ៍របស់ក្រសួងមហាផ្ទៃបានដឹងថា គិតចាប់តាំងពីឆ្នាំ ២០១៤ ដល់ខែកក្កដាឆ្នាំនេះអាជ្ញាធរកម្ពុជាបានបណ្តេញចេញជនជាតិចិនដែលប្រព្រឹត្តបទល្មើសជាង ២ ៧០០ នាក់ ដោយផ្អែកតាមកិច្ចព្រមព្រៀងរវាងប្រទេសទាំង ២ និងស្របតាមច្បាប់ស្តីពីអន្តោប្រវេសន៍របស់កម្ពុជា ខណៈគិតត្រឹមខែសីហាឆ្នាំនេះមានជនជាតិចិនប្រមាណ ២០ ម៉ឺននាក់ កំពុងស្នាក់នៅកម្ពុជាក្នុងនោះមានជាង ៧៨ ០០០ នាក់ កំពុងរស់នៅខេត្តព្រះសីហនុ៕