ពោធិ៍សាត់ៈ ​នគរបាល​ប្រឆាំង​គ្រឿងញៀន​កំពុង​បន្ត​សាកសួរ​បុរស​ជនសង្ស័យ​ ៤ ​នាក់​ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់​កាលពី​ម្សិលមិញ បន្ទាប់ពី​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​ប្រភេទ​មេតំហ្វេតាមីន​ចំនួន​ ២៤ ​កញ្ចប់​តូចធំ​កាលពី​ថ្ងៃទី​ ១៩ ​កញ្ញា​ នៅ​ភូមិ​រវៀង ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់​។

លោក ស៊ី សាវិន នាយ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ពោធិ៍សាត់​ប្រាប់​ពី​ម្សិលមិញ​ថា ជន​ទាំង​ ៤ ​នាក់​នោះ ទី​១- ​ឈ្មោះ សេក គឹមសឿន អាយុ​ ៤១ ​ឆ្នាំ ទី​២- ​ឈ្មោះ កុយ កែម អាយុ​ ២៩ ​ឆ្នាំ ទី​៣- ​ឈ្មោះ សោម សំរេច អាយុ​ ៤០ ​ឆ្នាំ​។ ​ពួកគេ​ទាំង​ ៣ ​នាក់​រស់នៅ​ភូមិ​អង្គ្រង ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ និង​ទី​៤- ​ឈ្មោះ មឿន រិន អាយុ​ ៣០ ​ឆ្នាំ​រស់នៅ​ភូមិ​រវៀង ឃុំ​សំរោង​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​ទុក​ពួកគេ​ទាំង​ ៤ ​នាក់​ នៅ​ការិយាល័យ​ខ្ញុំ​មិនទាន់​លើស​កំណត់​ឃុំខ្លួន​ ២៤ ​ម៉ោង​ទេ​។ ​ឥឡូវ​ខាង​ជំនាញ​ខ្ញុំ​កំពុង​បន្ត​សួរ​ពួកគេ​នៅថ្ងៃនេះ​ទៀត​ (​ថ្ងៃ​ ២១ ​កញ្ញា​) ​និង​រៀបចំ​ឯកសារ​ដើម្បី​បញ្ជូន​ទៅ​តុលាការខេត្ត​»​។

លោក​បន្តថា ចំពោះ​វត្ថុតាង​ដែល​ដកហូត​បានរួម​មាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ ២៤ ​កញ្ចប់​ (​ធំ​ ៦ ​កញ្ចប់ និង​តូច​ ១៨ ​កញ្ចប់​) ​ទូរស័ព្ទដៃ​ ១០ ​គ្រឿង ម៉ូតូ​ ៤ ​គ្រឿង រណារយន្ត​ ២ ​គ្រឿង​ និង​ឈើ​អារ​ចម្រុះ​ ១១៣ ​ដុំ​។

លោក ហ៊ុន ចាន់ធា នាយផ្នែក​នគរបាល​ស្រុក​ភ្នំក្រវាញ​ប្រាប់​ពី​ម្សិលមិញ​ដែរ​ថា បទល្មើស​នេះ​មាន​តែ​ឈ្មោះ សេក គឹមសឿន ប៉ុណ្ណោះ ជា​អ្នក​ចែកចាយ រីឯ​ ៣ ​នាក់​ទៀត​ជា​អ្នកប្រើប្រាស់​។

លោក​ឲ្យ​ដឹងថា ការបង្ក្រាប​នេះ​គឺ​សមត្ថកិច្ច​ជំនាញ​ស្រុក​ភ្នំក្រវាញ​ជា​អ្នក​ចុះ​អនុវត្ត​ផ្ទាល់ ដោយ​ដំបូង​ចាប់បាន​ឈ្មោះ សេក គឹមសឿន ពេល​គេ​កំពុង​រៀបចំ​ចែកចាយ​ថ្នាំញៀន​ដល​អ្នក​ប្រើ​។

លោក​ថា​៖ «​បន្ទាប់ពី​ឃាត់​បាន​មេ​ចែកចាយ​ហើយ សមត្ថកិច្ច​យើង​បាន​ឲ្យ​ជនសង្ស័យ​នាំទៅ​ចាប់បាន​អ្នកប្រើប្រាស់​ ៣ ​នាក់​ទៀត​...​ករណី​គ្រឿងញៀន​បង្កបញ្ហា​ច្រើន​យ៉ាង​ណាស់ មិន​ត្រឹមតែ​បំផ្លាញ​ខ្លួនឯង និង​គ្រួសារ​ទេ តែ​វា​ប៉ះពាល់​ដល់​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​ផង​»​។

តាម​របាយការណ៍​ស្តីពី​លទ្ធផល​បង្ក្រាប​គ្រឿងញៀន​របស់​ក្រសួងមហាផ្ទៃ​បង្ហាញថា ក្នុង​រយៈពេល​ ៦ ​ខែ​ដើម​ឆ្នាំ​នេះ សមត្ថកិច្ច​បង្ក្រាបបាន​ជាង​ ៤ ​ពាន់​ករណី​ដែល​កើន​ ២៧ ​ភាគរយ​ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៩​។

ជាមួយ​គ្នា​នេះ​ឃាត់ខ្លួន​ជនល្មើស​បាន​ជាង​ ៨ ​ពាន់​នាក់ កើន​លើស ២៦ ​ភាគរយ​ក្នុង​នោះ​​រួមមាន ជនជាតិខ្មែរ ៨ ៣៦៩ ​នាក់​ វៀតណាម​ ៩៦ ​នាក់ ជនជាតិ​ឡាវ​ ២ ​នាក់​,​ ថៃ​ ៣ ​នាក់​,​ ជនជាតិ​ចិន​ ១៣ ​នាក់​,​ មីយ៉ាន់ម៉ា​ម្នាក់ ឥណ្ឌូនេស៊ី​ម្នាក់​,​ សិង្ហបុរី​ម្នាក់​,​ ជប៉ុន​ម្នាក់ និង​ជនជាតិ​នីហ្សេរីយ៉ា​ម្នាក់​៕