
អាវុធមួយចំនួន ដែលសមត្ថកិច្ចឆែកឃើញ។ សហការី
ព្រះសីហនុៈ សមត្ថកិច្ចខេត្ដព្រះសីហនុកំពុងសាកសួរពលរដ្ឋចំនួន ១៥ នាក់ដែលបាននាំគ្នាទៅចាប់ដីរដ្ឋរស់នៅ បន្ទាប់ពីសមត្ថកិច្ចបានចុះទៅត្រួតពិនិត្យដល់ទីកន្លែងដែលស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាង ស្រុកព្រៃនប់កាលពីព្រឹកម្សិលមិញ ដោយរកឃើញអាវុធមួយចំនួនមាន ដាវ កាំបិត ចម្ពាមកៅស៊ូ និងកាំភ្លើងកែច្នៃ។
លោក ជួន ណារិន្ទ ស្នងការខេត្ដព្រះសីហនុប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថា ក្រោយលោកអភិបាលខេត្ដបានទទួលដំណឹងថា នៅទីតាំងកើតហេតុខាងលើមានការផ្ទុះអាវុធកាលពីថ្ងៃទី ១៣ ខែ វិច្ឆិកា ដល់ព្រឹកថ្ងៃទី ១៤ ខែ វិច្ឆិកា លោកអភិបាលខេត្ដបានបញ្ជាឲ្យកម្លាំងសមត្ថកិច្ចចុះទៅធ្វើរដ្ឋបាលត្រួតពិនិត្យដល់ទីកន្លែងពលរដ្ឋរស់នៅក៏បានរកឃើញអាវុធមួយចំនួន ទើបឈានដល់ការឃាត់ខ្លួនពលរដ្ឋជាជនសង្ស័យចំនួន ១៥ នាក់ មកសាកសួរនៅស្នងការនគរបាលខេត្ដព្រះសីហនុ។
លោកថ្លែងថា៖ «ដូច្នេះយើងក៏បានចុះទៅធ្វើរដ្ឋបាលនៅកន្លែងនោះគឺមិនមានការផ្ទុះអាវុធផ្ទុះអីទេ។ ក្រោយពេលយើងចុះធ្វើរដ្ឋបាលក៏យើងត្រួតពិនិត្យឃើញមនុស្សមួយចំនួនមានដាវសាមូរ៉ៃមានពូថៅ កាំបិត ចម្ពាម និងកាំភ្លើងកែច្នៃ ទើបយើងប្រមូលយកមកមាន ១៥ នាក់ មកធ្វើការសាកសួរ»។ បើតាមលោក ណារិន្ទ ការចុះទៅត្រួតពិនិត្យរបស់កម្លាំងសមត្ថកិច្ចគឺមិនមានការផ្ទុះអាវុធនោះទេ ប៉ុន្ដែមានអ្នកសារព័ត៌មានមួយចំនួន ពួកគាត់ចូលចិត្ដយកទៅបំភ្លៃ។
លោកស្នងការមិនទាន់អាចបញ្ជាក់បានថា ពលរដ្ឋដែលមករស់នៅ និងមានរក្សាទុកអាវុធផ្សេងៗនោះរស់នៅលើដីរបស់រដ្ឋ ឬបែបណានៅឡើយទេ ប៉ុន្ដែលោកថា បើពលរដ្ឋមានសកម្មភាពបង្កឲ្យមានភាពអសន្តិសុខបែបនេះគឺត្រូវតែធ្វើការឃាត់ខ្លួនមកសាកសួរដើម្បីថែរក្សាសន្តិសុខ។
លោក សរ កក្កដា អភិបាលស្រុកព្រៃនប់ដែលបានចូលរួមដឹកនាំកម្លាំងសមត្ថកិច្ចចុះត្រួតពិនិត្យដល់កន្លែងដែលពលរដ្ឋរស់នៅ និងឈានដល់ឃាត់ខ្លួនកាលពីម្សិលមិញបានបដិសេធធ្វើការបកស្រាយដោយបង្វែរឲ្យសួរទៅរដ្ឋបាលខេត្ដព្រះសីហនុ។
លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលសាលាខេត្ដព្រះសីហនុបានថ្លែងថា លោកមិនទាន់ទទួលបានព័ត៌មានលម្អិតនៅឡើយទេ គិតត្រឹមល្ងាចថ្ងៃព្រហស្បតិ៍ម្សិលមិញ។ លោកបញ្ជាក់ថា៖ «មានករណីនេះបានកើតឡើង ប៉ុន្ដែខ្ញុំមិនទាន់មានព័ត៌មានលម្អិតនៅឡើយទេ ព្រោះកំពុងស្ថិតនៅនីតិវិធីរបស់សមត្ថកិច្ចកំពុងសាកសួរនៅឡើយ»។ ប៉ុន្ដែលោកបញ្ជាក់ថា តំបន់ដែលពលរដ្ឋរស់នៅ និងមានរក្សាទុកអាវុធនោះគឺជាតំបន់គម្របព្រៃឈើ គ្រប់គ្រងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលជាដីរបស់រដ្ឋ។
លោក ភារម្យ បញ្ជាក់ថា៖ «ចំពោះការទៅកាន់កាប់ ការទៅទន្ទ្រាន កាប់ឆ្ការ រហូតដល់មានការប្រដាប់ដោយអាវុធ មានកាំបិត ពូថៅ ផ្សេងៗនោះ គឺជាទង្វើមិនស្របច្បាប់។ ដូច្នេះការងារនេះគឺកំពុងស្ថិតនៅក្នុងនីតិវិធីសមត្ថកិច្ច យើងរង់ចាំរបាយការណ៍លម្អិតពីសមត្ថកិច្ចថា តើរឿងហេតុនោះវាយ៉ាងម៉េច»។
លោក សុខ សុខុម ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា (CNRO) លើកឡើងថា ដីដែលពលរដ្ឋទៅរស់នៅទីតាំងខាងលើជាដីរបស់រដ្ឋ ប៉ុន្ដែមានពលរដ្ឋមួយចំនួនបានទៅចាប់ដីរស់នៅរហូតដល់មានការដណ្ដើមដីគ្នា ឈានដល់ការផ្ទុះអាវុធរវាងពលរដ្ឋ និងពលរដ្ឋ។ «ខ្ញុំមិនគាំទ្រចំពោះសកម្មភាពដែលពលរដ្ឋទាំងនោះបានធ្វើទេ។ ក្រុមនោះជាក្រុមពួកបាញ់បោះឃើញសមត្ថកិច្ចចុះទៅចាប់នោះ។ ដីនោះជាដីស្ថិតនៅតំបន់ពយម៉ាចូវ ដីនោះជាដីរដ្ឋស្ថិតនៅក្នុងតំបន់គម្របព្រៃឈើ»៕