មណ្ឌល​គិរីៈ ស​មត្ថ​កិច្ច​នគរ​បាល​ខេត្ត​មណ្ឌ​លគិរី​កំពុង​សាក​សួរ​មនុស្ស​ ៤​ នាក់ ​(ជា​ប្ដីប្រពន្ធ) ពាក់​ព័ន្ធ​ករណី​លួច​ដាំ​ដើម​កញ្ឆា​ចំនួន​ជិត ៧ ០០០​ ដើម​ មាន​ទីតាំង​ស្ថិតនៅ​ចំណុច​អូរ​ទេរ ​ក្នុងភូមិ​ពូ​ហ្យា​ម ឃុំ​សែន​មនោ​រម្យ ​ស្រុក​អូររាំង​ ក្រោយពី​សមត្ថ​កិច្ច​បាន​ចុះ​បង្ក្រាប​ដល់ទី​តាំង​ និង​ធ្វើ​ការ​បំផ្លាញ​ចោល​កាល​ពី​ថ្ងៃទី​ ៤​ ខែ​មេសា។

អធិ​ការ​នគ​របាល​ស្រុក​អូររាំង លោក ​វ៉ាន់ ដា​នី​ន នៅ​ថ្ងៃទី​ ៥​ មេសា​នេះ​បានប​ដិ​សេធបំ​ភ្លឺ​ជុំវិញ​ករណីនេះ​​​ ដោយ​លោក​គ្រាន់តែ​ថា​ ឥឡូវ​នេះកំ​ពុងស្ថិ​ត​ក្នុងការ​ស្រាវជ្រាវ​បន្ថែម​ដោយ​សមត្ថ​កិច្ច​កំពុង​សាក​សួរ​ព័ត៌មាន​ពី​ម្ចាស់​ដី​ដែល​ពួក​គាត់​ជា​បងប្អូន​ជន​ជាតិដើ​ម​ភាគ​តិច​ព្នង​។

លោក​ថា៖ «សូម​អធ្យា​ស្រ័យ​ជុំវិញ​រឿងនេះ​យើង​កំពុង​ធ្វើការ​ស្រាវ​ជ្រាវរ​ក​មេខ្លោង​នៅ​ពីក្រោយ​ការដាំ​ដើម​កញ្ឆា​នេះ​ អីចឹង​អត់​ទាន់​អាច​បញ្ជាក់​យ៉ាង​ណា​បាន​ទេ។​

ក៏ប៉ុន្តែ​តាម​របាយ​ការណ៍​រប​ស់​សមត្ថ​កិច្ច​នគរបាល​ប្រឆាំង​គ្រឿង​ញៀន​ខេត្តម​ណ្ឌលគិ​រីបាន​ឲ្យ​ដឹងថា ទី​តាំង​ដាំ​ដុះ​ដំណាំ​កញ្ឆា​ចំនួន​ទាំង ​២​ ទីតាំង​ ស្ថិតនៅ​ចំណុច​អូរ​ទេរ[អូរ​ក្បាល​ព្រះ​ព្រំប្រ​ទល់​ជាប់​ក្រុង​សែន​មនោ​រម្យ ក្នុង​ភូមិ​ពូ​ហ្យា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង​ខេត្ត​មណ្ឌល​គិរី។ ទី​តាំង​ទី១ មា​ន​ផ្ទៃដី​ទំហំ ១៥​ ម៉ែត្រ​គុណ ១២០ ​ម៉ែត្រ និង​ទីតាំង​ទី២​ មាន​ផ្ទៃដី​ទំហំ​ ១០​ ម៉ែត្រគុណ ១​៥ ម៉ែ​ត្រ។​

ក្នុង​ប្រតិ​បត្តិ​ការ​បង្ក្រាប​នេះ​កម្លាំង​ជំនាញ​បាន​ដកហូត​​វត្ថុ​តាង​ទាំង ​២ ទី​តាំង ​រួមមា​នដំ​ណាំ​កញ្ឆា​សរុប​ចំនួ​ន ៦ ​៩១០ ដើម [បំផ្លាញ​ចោល​នៅ​ហ្នឹង​កន្លែង] ​ធុង​បាញ់​ថ្នាំ​ចំនួន ​១ ធុង​ស្រោច​ទឹក​ចំនួន ១​ ម៉ាស៊ីន​ប៉ូ​ម​ទឹក​ចំនួន ​២ គ្រឿង និង​ចប​ចាំង​ស្មៅ​ចំនួន​ ៣។

លោក​ ស៊ុម សោ​ភ័​ណ្ឌ ស្នងការ​រង​ទទួលប​ន្ទុក​ផែន​ប្រឆាំង​គ្រឿង​ញៀននៃ​ស្នងការដ្ឋា​ន​នគ​បាល​ខេត្តម​ណ្ឌល​គិរីប្រាប់​​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃ ៥​ មេ​សានេះ​​ថា ក​រណី​នេះមាន​ពលរដ្ឋ​បាន​រាយ​ការណ៍​ទៅ​សមត្ថកិ​ច្ច​ហើយ​ក្រោយពី​មាន​​បញ្ជា​ពី​លោក​ស្ន​ង​កា​រ​កម្លាំ​ង​ចម្រុះ​ចុះទៅ​ពិនិត្យ​ដល់​កន្លែង​ដាំ។

លោក​បាន​ថ្លែងថា​៖ «មាន​ប្រជា​ពល​រដ្ឋ​រាយការណ៍​ថា​ មាន​ដំណាំ​មួយ​ប្រភេទ​ដូចជា​មិនដែល​ឃើញ អ៊ីចឹង​លោកស្ន​ង​ការ​បាន​បញ្ជា​ឲ្យ​ខាង​សមត្ថ​កិច្ច​យើង​ចុះទៅ​ពិនិត្យ​មើល​ទើប​ដឹងថា ​នោះ​ជា​ដំណាំ​កញ្ឆាហើយ​គាត់​ក៏​បញ្ជា​ឲ្យ​បំផ្លាញចោល​តែម្តងទៅ»។

លោក ​សោ​ភ័​ណ្ឌ ប្រាប់​ថា នៅពេល​សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​កន្លែង​ដាំមិនបាន​រកឃើញ​ម្ចាស់​ដី​នោះទេ ប៉ុន្តែក្រោយមកសមត្ថកិច្ច​បាន​ទាក់ទង​ទៅ​ពួកគាត់​បាន​ហើយ​ពួក​កាត់​ក៏​ចូលខ្លួន​មក​បំភ្លឺ ​ជុំវិញ​រឿង​ដាំ​ដើម​កញ្ឆា​នេះ។

លោកថា៖ ​«ពេល​ថ្ងៃ​គាត់​មិននៅ​យើង​ចុះទៅ​អត់​បាន​ជួប​គាត់​ទេ ដល់ពេល​ក្រោយពី​គាត់​ចូលមក​វិញ​យើង​ទាក់ទងបាន​ទៅ​ក៏​ហៅ​ពួកគាត់​មក​បំភ្លឺ​នៅ​ស្នងការដ្ឋាន។ ពួកគាត់​ជា​ប្រជា​ពលរដ្ឋ​បាន​ចូលរួម​សហការដោយ​ធ្វើដំណើរ​មក​អង្គភាព​យើង​ទាំង​យប់​មក​សម្រាក​នៅ​កន្លែង​យើង​ហើយ​ព្រឹក​ឡើង​ថ្ងៃទី ៥​ មេសា ​ហ្នឹង​បានបន្ត​ការ​សាក​សួរ​ពួក​គាត់»​។

តាមរយៈ​ការសាកសួរ​ពលរដ្ឋ ៤ នាក់ ​ដែលជា​ម្ចាស់​ដីលោក​ សោភ័​ណ្ឌ ​បញ្ជាក់​ថា ជ​នស​ង្ស័យ​ជា​មេខ្លោង​ក្នុង​ការ​ដាំ​ដើម​កញ្ឆា​នេះ គឺ​មនុស្ស​មកពី​ខេត្ត​ផ្សេង [​ខេត្ត​តាកែ​វ] ដោយ​បាន​លាក់​អត្តស​ញ្ញាណ​ហើយ​ទៅ​បោក​ប្រាស់​ប្រជាព​លរដ្ឋ​ឲ្យដាំ​ដើម​កញ្ឆា​ នៅក្នុង​ចម្ការ​ដំណាំ​ហូប​ផ្លែ​ដែល​ប្រជា​ពលរដ្ឋ​កំពុង​ដាំ​ដែល​មាន​ត្រប់​ត្រឡាច​ល្ពៅ​ជាដើម​ ដោយ​កុហក​ថា ជា​ដើម​ស្បៃរឿង និង​ស្ពៃ​បារាំង។ «ពលរដ្ឋ​ ៤ នាក់​​ហ្នឹង ​ប្រពន្ធ​មិនសូវ​ដឹង​ប៉ុន្មាន​ទេ គាត់​បាន​ដាំ​តែ​ត្រប់​ល្ពៅ ​អីហ្នឹង​ទេ ព្រោះ​ជន​សង្ស័យ​មក​ទាក់​ទង​តែ​ប្តី ដោយ​កុហក​ថា​ ជា​ដំណាំ​ស្បៃរឿង និង​ស្ពៃ​បារាំង ដាក់​ដាំចន្លោះៗដំណាំ​របស់​ពួកគាត់​ដាំ​ហូប​ផ្លែ​ហ្នឹង»។

បើតាម​លោក​ សោ​ភ័​ណ្ឌ ជនសង្ស័យ​ជា​មេខ្លោង​នៅ​ពីក្រោយ​ការដាំ​ដើម​កញ្ឆា​នេះបានរៀបចំ​បច្ចេកទេស​ក្នុង​ការដាំ​ដោយ​ខ្លួន​ឯង និង​បាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ដាំ​ដោយ​អះអាង​ប្រាប់​ពលរដ្ឋ​ថា​ ដំណាំ​នោះ​មាន​ទីផ្សារ​ខ្ពស់​ហើយ​អាច​រក​ចំណូល​បាន​ច្រើន។

លោកថា៖​ «ខាង​ជន​សង្ស័យ​ជា​អ្នក​បណ្តុះ អ្នក​ដាំ​អ្នក​អី​ទាំង​អស់​ទេ ក្នុង ១ ខែ​គេ​ទៅ​មើល​ម្តង ​២ ដង​អ៊ីចឹ​ង​ទៅ។ អ៊ីចឹង​ពី​ទីតាំង​ហ្នឹង ទីតាំង​ទី១ វា​រាង​ធំ​បន្តិច ​អាហ្នឹង​គាត់​ជួយ​គ្នា​ដាំ​ជាមួយ​ជន​សង្ស័យ​ ចំណែក​កន្លែង​ទីតាំង​ទី២ វា​រាង​តូច ជន​សង្ស័យ​គាត់​ទៅ​ដាំ​តែ​ម្នាក់​ឯង»៕