បន្ទាយ​មាន​ជ័យ៖ សមត្ថកិច្ច​កំពុង​សាកសួរ​បុរសជា​មេខ្យល់ ​២ នាក់ ​ខណៈ​ពលករ​ប្រុស​ស្រី ១៧ នាក់​ផ្សេង​ទៀត ​ត្រូវ​បញ្ជូន​ទៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក ​បន្ទាប់​ឃាត់ខ្លួន​កាលពី​យប់​ថ្ងៃទី ២២ ​ឧសភា នៅ​ភូមិ​ជោគ​ជ័យ ​ឃុំ​អូរ ​៣ ជាន់ ស្រុក​អូរជ្រៅ​ ខេត្ត​បន្ទាយមានជ័យ​ នៅ​ពេល​បម្រុង​នាំ​គ្នា​ឆ្លង​ដែន​ខុស​ច្បាប់​ទៅ​ប្រទេស​ថៃ។

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយ​មានជ័យ​ប្រាប់​នៅ​រសៀល​ថ្ងៃទី ២៣ ​ឧសភា​ថា ​មេខ្យល់​ទាំង ២ ​នាក់​ នោះ ​ទី១- ឈ្មោះ ពៅ បូរី អាយុ ៤១ ឆ្នាំ រស់នៅ​ភូមិ​ជោគ​ជ័យ ឃុំ​អូរ​៣ជាន់ ស្រុក​អូរ​ជ្រៅ  និង​ទី២- ឈ្មោះ​ ម៉ៅ​ ដែន អាយុ​ ២៦ ​ឆ្នាំ រស់នៅ​ភូមិ​បឹង​ប្រា​សាទ ឃុំ​អូរ​ ៣ ជាន់ ​ស្រុក​អូរ​ជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ ។

លោក​ថ្លែងថា៖​ «បុរស​មេខ្យល់​ទាំង ២ ​នាក់​នេះ ​កំពុង​ត្រូវ​មន្ត្រី​ជំនាញ​សាកសួរ ​ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​តុលា​ការ​ចាត់​ការ​តាម​ច្បាប់​ហើយ»​។

ដោយ​ឡែក​ លោក​ ម៉ាន់ ធី អធិការរង​ស្រុក​អូរជ្រៅ និង​ជា​សមាជិក​គណៈ​កម្មការ​ទប់ស្កាត់​ពលករ​ឆ្លង​ដែន​ឱ្យដឹង​នៅ​រសៀល​ថ្ងៃទី ២៣​ ឧសភា​ថា កាលពី​យប់​ថ្ងៃទី ២២​ ឧសភា​ ខណៈ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ប្រចាំការ​នៅ​ចំណុច​គោលដៅ​ស្ថិតនៅ​ភូមិ​ជោគ​ជ័យ​ឃុំអូរ​ ៣ ​ជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ​ បានឃើញ​មនុស្ស​ ១ ក្រុម​ បាននាំគ្នា​លួច​ដើរ​ឆ្លងកាត់​គោល​ដៅ​របស់​សមត្ថ​កិច្ច​បម្រុង​ឆ្លង​ដែន​ចូលទៅ​ប្រទេស​ថៃ។ នៅពេល​នោះ​កម្លាំង​សមត្ថកិច្ច​បាន​ស្ទាក់​ចាប់​បាន​មនុស្ស​ប្រុស​ស្រី​រួមទាំង​ក្មេង​តូច​ម្នាក់​សរុប​ ១៧​ នាក់ និង​មាន​បុរស ២​ នាក់​ ជា​មេខ្យល់​ផង។

លោក​បន្តថា​ ក្រោយ​ឃាត់ខ្លួន​សមត្ថកិច្ច​បាន​រាប់​ចំ​នួន​ឃើញ​មាន​មនុស្ស​ស្រី​ចំនួន ៨ ​នាក់ (រាប់ទាំង​ក្មេងស្រី​តូច​ម្នាក់​ផង) និង​ប្រុស ​១១​ នាក់​ ក្នុង​នោះមាន​ទាំង​មេខ្យល់​ ២ នាក់​ផង​។

លោក​ប្រាប់​ថា៖ «ចំពោះ​ពលករ​ទាំង ១៧ នាក់​ គឺ​សមត្ថកិច្ច​ចម្រុះ​យើង​បាន​បញ្ជូនទៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​នៅ​ស្រុក​អូរជ្រៅ​ហើយ។ ពលករ​យើង​មិន​បាន​ចាប់​ពួក​គាត់​បញ្ជូន​ទៅ​តុលា​ការ​ទេ​ ព្រោះ​ពួក​គាត់​ចាញ់​បោក​គេ​ដែរ​»។

ពាក់​ព័ន្ធ​នឹង​ចំនួន​ពលករ​សរុបដែល​លួច​ឆ្លងដែន​ខុសច្បាប់​ និង​ចំនួន​មេខ្យល់​ដែល​ត្រូវ​ឃាត់ខ្លួន​បញ្ជូនទៅ​តុលា​ការ ​ភ្នំពេញ ​ប៉ុស្ដិ៍​ មិន​អាច​ទាក់ទង​លោក​ស្រី​ រស់ សុ​ផានី អភិបាល​រង​ខេត្ត​បន្ទាយ​មានជ័យ​ និង​ជា​ប្រធាន​គណៈ​កម្មការ​ត្រួត​ពិនិត្យ​ពលករ​ឆ្លង​ដែន​ខុស​ច្បាប់​បាន​ទេ​ នៅ​រសៀល​ថ្ងៃទី ២៣ ​ឧសភា​ ដោយ​សារ​ទូរស័ព្ទ​លោក​ស្រីគ្មាន​អ្នក​ទទួល​៕