ព្រះសីហនុៈ សមត្ថកិច្ច​កងរាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​កំពុង​សាកសួរ​ជនជាតិ​ចិន​ចំនួន​ ៧ ​នាក់ បន្ទាប់ពី​ចាប់ខ្លួន​បាន​កាលពី​ម្សិលមិញ​ពាក់ព័ន្ធ​នឹង​ករណី​ចាប់​ជនជាតិ​ចិន​ដូចគ្នា​ចំនួន​ ១០ ​នាក់ ​បង្ខាំង​ធ្វើ​ទារុណកម្ម​ជំរិត​ទារប្រាក់​ប្រព្រឹត្ត​នៅ​​ភូមិ​ ៣ សង្កាត់​ ១ ក្រុង​ព្រះសីហនុ ខណៈ​ក្រុម​ជនរងគ្រោះ​ត្រូវបាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​។

ករណីនេះ​បាន​កើតឡើង​នៅ​​ក្នុង​ទីតាំង​បុរី​ ១ ​កន្លែង តែ​ត្រូវ​បាន​បង្ក្រាប​ដោយ​កងរាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​សហការ​ជាមួយ​ព្រះរាជអាជ្ញា​តុលាការ​ខេត្ត​។ ​ការបង្ក្រាប​នេះ​សមត្ថកិច្ច​​ក៏បាន​រឹបអូស​វត្ថុតាង​មួយ​ចំនួន​​ដូចជា ខ្នោះដៃ​ចំនួន​ ១០ ខ្នោះជើង​ចំនួន​ ៤ ក្រណាត់​រុំ​មុខ​ចំនួន​ ២ និង​កាំបិតប៉័ងតោ​ចំនួន​ ១​។

លោក ហេង ប៊ុនទី មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃ​ម្សិលមិញ​មិន​បាន​បញ្ជាក់បន្ថែម​អំពី​ករណី​នេះ​​ទេ ដោយ​លោក​បង្វែរ​ឱ្យទៅ​​សួរ​លោក​ អេង ហ៊ី អ្នកនាំពាក្យ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​វិញ ប៉ុន្តែ​លោក អេង ហ៊ី ​បាន​​ជំរុញ​បន្ត​ឱ្យ​ទៅ​សួរ​ខាង​អយ្យការ​តុលាការ​ដោយ​លោក​អះអាង​ថា ខាង​អយ្យការ​ជា​អ្នក​ដឹកនាំ​បង្ក្រាប​ករណី​នេះ​។

លោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារង និង​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ​បាន​ប្រាប់​ថា ជនជាតិ​ចិន​ទាំងនេះ​កំពុង​ត្រូវបាន​សាកសួរ​នៅ​បញ្ជាការដ្ឋាន​កងរាជ​អាវុធហត្ថ​ខេត្ត​នៅ​ឡើយ ហើយ​មិនទាន់​បាន​បញ្ជូន​មក​តុលាការ​នៅ​ឡើយ​ទេ​។

លោក​បន្តថា ដោយសារ​ពេល​នេះ​ការស៊ើបអង្កេត​មិនទាន់​បញ្ចប់ ដូច្នោះ​លោក​មិន​អាច​បញ្ជាក់បន្ថែម​បានទេ​។

លោក​ថា​៖ «​ឥឡូវ​ហ្នឹង​កំពុង​កសាង​សំណុំរឿង​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ ហើយ​បើ​តាម​នីតិវិធី​ការឃាត់ខ្លួន​ដើម្បី​កសាង​សំណុំរឿង​គឺ​តាមច្បាប់​បាន​រយៈពេល​ ៤៨ ​ម៉ោង ហើយ​បើ​ចាំបាច់​អាច​ពន្យារ​បាន​ ២៤ ​ម៉ោង​ទៀត​»​។

កាលពី​ថ្ងៃទី​ ៣០ ខែ កញ្ញា ជនជាតិ​ចិន​ចំនួន​ ៦ ​នាក់​ ក៏​ត្រូវបាន​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ឃាត់ខ្លួន​ពីបទ​ចាប់​បង្ខាំង​ជនជាតិ​ចិន​ដូចគ្នា​ចំនួន​ ៤ ​នាក់​ផងដែរ​ នៅក្នុង​ភូមិ​ ៥ សង្កាត់​លេខ​ ៤ ក្រុងព្រះសីហនុ​។

ចាប់តាំងពី​ ២០១៨ មក​មាន​ជនជាតិ​ចិន​រាប់រយ​នាក់​ត្រូវ​បាន​អាជ្ញាធរ​ចិន​បញ្ជូន​យន្តហោះ​មក​ដឹក​ត្រឡប់​ទៅ​ប្រទេស​​កំណើត​វិញ​ជា​បន្តបន្ទាប់ ក្រោយ​​ពី​ពួកគេ​ត្រូវបាន​អាជ្ញាធរ​កម្ពុជា​ឃាត់​ខ្លួន​ពីបទ​ល្មើស​ផ្សេងៗ ប៉ុន្តែ​ភាគច្រើន​គឺជា​បទល្មើស​ជំរិត​ទារប្រាក់ ។

លោកស្រី ជៀប សុធារី អ្នក​សម្របសម្រួល​សមាគម​អាដហុក​ប្រចាំខេត្ត​ព្រះសីហនុ​បាន​បង្ហាញ​ក្ដីបារម្ភ​ថា ការកើតឡើង​ញឹកញាប់​នៃ​ករណី​ចាប់បង្ខាំង​មនុស្ស​ជំរិត​ទារប្រាក់​រវាង​ជនជាតិ​ចិន និង​ជនជាតិ​ចិន​នេះ​អាច​ជា​គំរូ​អាក្រក់​មួយ​ជះឥទ្ធិពល​ដល់​ពលរដ្ឋ​ខ្មែរ​ដែល​​អាច​ប្រព្រឹត្ត​តាម​ទង្វើ​បែប​នេះ​លើ​ខ្មែរ​គ្នាឯង​។

លោកស្រី​បាន​បន្តថា ជនជាតិ​ចិន​ដែល​ធ្វើ​សកម្មភាព​ជំរិត​ទារប្រាក់​គឺ​សុទ្ធតែ​ជា​អ្នក​លេងល្បែង​ក្នុង​កាស៊ីណូ ហើយ​បើ​តាម​លោកស្រី​សួរ​បុគ្គលិក​ខ្មែរ​ដែល​កំពុង​បម្រើការ​តាម​កាស៊ីណូ​នានា​ក្នុង​ខេត្ត​ព្រះសីហនុ​គឺ​បាន​អះអាង​ថា​ក្រៅពី​ជនជាតិ​ចិន​ក៏​មាន​ជនជាតិ​ខ្មែរ​មួយចំនួន​តូច​ចូល​លេង​ដែរ​។

លោកស្រី​ថា​៖ «​ខ្ញុំ​ធ្លាប់​ជួប​បុគ្គលិក​ខ្មែរ​យើង​ដែល​គាត់​ធ្វើការ​ក្នុង​កាស៊ីណូ​ធំៗ​ទាំងអស់​ហ្នឹង​។ យើង​សួរ​គាត់​ថា អ្នក​ដែល​ទៅលេង​ក្នុង​កាស៊ីណូ​ទាំងអស់​ហ្នឹង​មាន​ប្រជាពលរដ្ឋ​ខ្មែរ​អត់​?​។ គាត់​ឆ្លើយ​ថា​មាន​ដែរ​គឺ​មួយៗ​។ អ៊ីចឹង​! យើង​ដឹង​ហើយ ល្បែង​តែង​វិនាស ហើយ​ល្បែង​តែង​បង្កើត​ឱ្យ​មាន​បទល្មើស​ផ្សេងៗ​»៕