ភ្នំពេញៈ សមត្ថកិច្ច​នគរបាល​ខណ្ឌចំការមន​កំពុង​សាកសួរ​បុរស​ជនជាតិ​ចិន​ ២ ​នាក់ បន្ទាប់ពី​ចាប់ខ្លួន​ពាក់ព័ន្ធ​ផ្ទុះអាវុធ​ខ្លី​ ១ ​គ្រាប់​ កាលពី​យប់​ថ្ងៃទី​ ២៨ មីនា នៅ​ទីក្រុង​កោះពេជ្រ ខណៈ​មន្ត្រី​សង្គម​ស៊ីវិល​ថា សមត្ថកិច្ច​គួរ​មាន​វិធានការ​រឹតបន្តឹង​ចំពោះ​អ្នកប្រើប្រាស់​អាវុធ​ទៅតាម​ច្បាប់​។

លោក យិន សាន អធិការនគរបាល​ខណ្ឌ​ចំការមន​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ករណី​ផ្ទុះអាវុធ​នៅ​ទីក្រុង​កោះពេជ្រ​នោះ​សមត្ថកិច្ច​របស់​លោក​ឃាត់ខ្លួន​បុរស​ជនជាតិ​ចិន​បាន​ ២ ​នាក់ ហើយ​ពេល​​នេះ​កំពុង​បន្ត​សួរ​ពួកគេ​។ ក៏ប៉ុន្តែ​លោក​ថា​ករណីនេះ​មិនទាន់​អាច​ប្រាប់​មកពី​មូលហេតុ​បានទេ ដោយសារ​កំពុង​ស្ថិតក្នុង​នីតិវិធី​សាកសួរ​។ រីឯ​ឈ្មោះ​របស់​ជនសង្ស័យ​ក៏​លោក​មិនទាន់​ប្រាប់​បានដែរ​។

លោក​ថា​៖ «​យើង​កំពុងធ្វើការ​រឿងនេះ ហើយ​យើង​ក៏​មិនទាន់​ដឹង​ច្បាស់​ថា ការផ្ទុះអាវុធ​នោះ​បណ្តាល​មកពី​មូលហេតុ​អ្វី​ដែរ​។ ​ចាំ​ខ្ញុំ​ធ្វើការ​ចប់សព្វគ្រប់​សិន​»​។

ទាក់ទង​នឹង​ការប្រើប្រាស់​អាវុធ​នេះ​លោក​ ធាម ប៊ុនសេង ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​អាវុធជាតិផ្ទុះ​ក្រសួង​មហាផ្ទៃ​មិនអាច​សុំ​ការអត្ថាធិប្បាយ​បានទេ កាលពី​ម្សិលមិញ ដោយ​លោក​ប្រាប់ថា កំពុង​ជាប់រវល់​ចាក់​វ៉ាក់សាំង​។ តែ​យ៉ាងណា​លោក​ធ្លាប់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កន្លងមក​​ថា កម្ពុជា​មាន​ច្បាប់​គ្រប់គ្រង​អាវុធ​ជាតិ​ផ្ទុះ​​ និង​គ្រឿង​រំសេវ​ដែលមាន​ ៦ ​ជំពូក និង​ ២៦ ​មាត្រា​តាំងពី​ឆ្នាំ​ ២០០៥ ​មក​ម្ល៉េះ​។

លោក​បញ្ជាក់ថា​៖ «​ដើម្បី​ទប់ស្កាត់​ការប្រើប្រាស់​អាវុធ​ខុសច្បាប់​ឱ្យ​មាន​ប្រសិទ្ធភាព​យើង​ត្រូវ​ប្រើ​វិធានការ​ក្ដៅ​ដោយ​ដើរល្បាត​ត្រួតពិនិត្យ​តាម​គោលដៅ​មុខសញ្ញា​ដាក់​ប៉ុស្ដិ៍​ឆែកឆេរ​តាម​ដងផ្លូវ​ និង​កន្លែង​សំខាន់ៗ​ដើម្បី​បង្ក្រាប​ការដឹកជញ្ជូន​ និង​ការធ្វើ​ចរាចរណ៍​អាវុធ​គ្រឿងផ្ទុះ​គ្រប់​ប្រភេទ ខុសច្បាប់​»​។

លោក អំ សំអាត នាយករង​អង្គការ​លីកាដូ​បាន​ឱ្យដឹងពី​ម្សិលមិញ​ដែរ​ថា​ក្នុង​រយៈពេល​ចុងក្រោយ​នេះ​ករណី​ហិង្សា​ដោយ​ប្រើ​អាវុធ​បាន​កើតជា​ញឹកញាប់​គួរឱ្យ​បារម្ភ​។ ​កត្កា​នេះ​អាច​មកពី​ការខ្វះចន្លោះ​ក្នុង​ការគ្រប់គ្រង​អាវុធ​ជាតិផ្ទុះ​។

លោក​បន្តថា អ្នកមាន​អាវុធ​ជាប់​ខ្លួន​ខ្លះ​បាន​អួតអាង​អំណាច និង​អាង​មាន​សែស្រឡាយ​រង់ចាំ​ជួយ​អន្តរាគមន៍ ដោយ​ពួកគេ​តែងតែ​យក​អាវុធ​ទៅ​គំរាមកំហែង​បាញ់សម្លាប់​ដៃគូ​ទំនាស់​ ឬ​គំរាម​ពលរដ្ឋ​ស្លូតត្រង់​ដើម្បី​ទាមទារ​ប្រយោជន៍​អ្វីមួយ​តាម​អំពើ​ចិត្ត​។ ​ជាពិសេស​អ្នកមាន​អាវុធ​ក្នុង​ដៃ​តែង​យក​អាវុធ​ទៅ​បង្ហាញ​អំណាច​ និង​ឥទ្ធិពល​ឱ្យ​អ្នកដទៃ​កោតខ្លាច​ជាដើម​។

លោក​បញ្ជាក់ថា​៖ «​បើ​យើង​នៅតែ​គ្រប់គ្រង​អាវុធ​គ្មាន​ប្រសិទ្ធភាព​បែបនេះ​គឺ​ការប្រើប្រាស់​អាវុធ​ក្លាយ​ទៅ​ជា​រឿង​អនាធិបតេយ្យ​នៅ​កម្ពុជា​ដូច្នេះ​មន្ត្រី​ជំនាញ​គួរតែ​យកចិត្ត​ទុកដាក់​បន្ថែម​ទៀត​»​។

តាម​មាត្រា​ ២០ ​នៃ​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​អាវុធ​ចែងថា ជន​ណា​ដែល​បំពាក់​ដាក់​តាម​ខ្លួន​កាន់កាប់​អាវុធ​ប្រើប្រាស់​លក់-ទិញ ខ្ចី​ពី​គេ​ចែកចាយ​ជួសជុល​ដំឡើង​អាវុធ​គ្រឿងផ្ទុះ​គ្រប់​ប្រភេទ​ដោយ​គ្មាន​ការអនុញ្ញាត​នឹងត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ចាប់ពី ៦ ​ខែ​ដល់​ ២ ​ឆ្នាំ​ ដោយ​ត្រូវ​ពិន័យ​ជា​ប្រាក់​ពី​ ៥០ ​ម៉ឺន​រៀល ដល់​ ២ ​លាន​រៀល​ដោយ​មិនទាន់​គិតពី​បទល្មើស​ព្រហ្មទណ្ឌ​។

ចំណែក​មាត្រា​ ២៣ ​ជន​ណា​ដែល​ធ្វើ​ពាណិជ្ជកម្ម​ដោយ​នាំចូល ឬ នាំ​ចេញ​នាំ​ឆ្លងកាត់ ឬ​ស្តុក​អាវុធ​គ្រឿងផ្ទុះ​ និង​គ្រាប់រំសេវ​គ្រប់​ប្រភេទ​ដោយ​គ្មាន​ការអនុញ្ញាត​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ចាប់ពី​ ៥ ​ឆ្នាំ ដល់​ ១០ ​ឆ្នាំ​៕