កំពង់ឆ្នាំង: សមត្ថកិច្ចខេត្តកំពង់ឆ្នាំងកាលពីម្សិលមិញបាននិងកំពុងសួរបុរសជាជនសង្ស័យ ២ នាក់ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់លែង បន្ទាប់ពីកម្លាំងចម្រុះឃាត់ខ្លួន ករណីឈូសឆាយដីព្រៃលិចទឹកនៅភូមិពោធិ៍ ឃុំពោធិ៍ ស្រុកកំពង់លែងកាលពីថ្ងៃទី ២៦ មេសា ប៉ុន្ដែមន្ត្រីមិនទាន់អាចបញ្ជាក់ពីពេលត្រូវបញ្ជូនទៅតុលាការទេ។
លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងបានថ្លែងពីម្សិលមិញថា មន្ត្រីជំនាញកងរាជអាវុធហត្ថស្រុកកំពង់លែងកំពុងសួរជនសង្ស័យ ២ នាក់ និងដកហូតបានត្រាក់ទ័រ ២ គ្រឿង បន្ទាប់ពីឃាត់ខ្លួនករណីឈូសឆាយដីព្រៃលិចទឹកនៅទីតាំងខាងលើនេះ។
លោកបន្តថា ជនសង្ស័យទី១ មានឈ្មោះ វ៉ាន ហ៊ីង អាយុ ៣៦ ឆ្នាំ រស់នៅភូមិក្រឡោមភ្លុក ឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង និងទី២ ឈ្មោះ ឈុំ សៀប អាយុ ៤០ ឆ្នាំ រស់នៅភូមិអារ៉ែន ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។ ផ្ទៃដីដែលពួកគេត្រូវឈូសឆាយមានទំហំ ៥០ ហិកតា ប៉ុន្ដែពួកគេទើបតែឈូសឆាយបានប្រមាណជាង ៣ ហិកតាប៉ុណ្ណោះ។
លោក លី ឡា បញ្ជាក់ថា៖ «មន្ត្រីអាវុធហត្ថស្រុកកំពុងសាកសួរ ប៉ុន្ដែខ្ញុំមិនទាន់ច្បាស់ថា ត្រូវបញ្ជូនទៅតុលាការពេលណាទេ។ ខ្ញុំយល់ថា ប្រសិនបើមន្ត្រីអាវុធហត្ថសួរចប់នៅថ្ងៃទី ២៧ នេះអ៊ីចឹងនៅថ្ងៃទី ២៨ ខែមេសា ខ្ញុំអាចនឹងបញ្ជូនទៅតុលាការហើយ ប៉ុន្ដែបើការងារសាកសួរមិនទាន់ចប់គឺមានតែរង់ចាំបញ្ជូននៅថ្ងៃទី ២៩ តែម្ដង។ យើងបានសាកសួរគាត់មួយចំនួនហើយគឺមិនមានអ្នកនៅពីក្រោយខ្នងទេ គឺគាត់ជាពលរដ្ឋចំណាកស្រុក ខ្វះដីធ្វើស្រែ អ៊ីចឹងគាត់បាននាំគ្នាមកទន្ទ្រានដីនៅតំបន់នេះតែម្ដង»។
លោក សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងបានថ្លែងកាលពីម្សិលមិញថា ករណីនេះសមត្ថកិច្ចជំនាញរបស់លោកកំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំង។ ប៉ុន្ដែមិនទាន់ដឹងថា ធ្វើនៅពេលណាឲ្យជាក់លាក់ទេ។ ការឃាត់ខ្លួនជនសង្ស័យដោយមន្ត្រីកងរាជអាវុធហត្ថស្រុក និងមន្ត្រីជំនាញជលផលខេត្តនេះគឺមានការសម្របសម្រួលពីលោក អ៊ិត សុធា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង។
លោកថា៖ «យើងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ...។ ចំពោះការសួររកអ្នកនៅពីក្រោយខ្នងនេះ ខ្ញុំមិនទាន់ដឹងទេ ទុកឲ្យតុលាការចាត់ចែងទៅតាមនីតិវិធីច្បាប់ ហើយបើតុលាការគេបញ្ជាមកបែបណាទៀត ទើបកម្លាំងយើងអនុវត្តតាមហ្នឹងបន្តទៀត»។
លោក សំ ចាន់ថន អភិបាលស្រុកកំពង់លែងបានថ្លែងពីម្សិលមិញដែរថា លោកបានទទួលព័ត៌មាននេះរួចរាល់ហើយ និងបានប្រគល់សំណុំរឿងនេះទៅមន្ត្រីជំនាញស្រុក និងខេត្តសហការគ្នាបំពេញកិច្ចការនេះ។ ប៉ុន្ដែលោកមិនទាន់បានដឹងច្បាស់ពីរបាយការណ៍លម្អិតទេ។
លោកបានបញ្ជាក់ថា៖ «ខ្ញុំមិនដឹងគេបញ្ជូនទៅតុលាការឬនៅទេ។ ដីតំបន់នេះជាដីព្រៃលិចទឹករបស់រដ្ឋនៅខែវស្សាមានទឹកជន់លិចតំបន់នេះដែលនៅក្រោមការគ្រប់គ្រងរបស់មន្ត្រីជលផល»។
លោកបានបន្ថែមថា ជនសង្ស័យទាំងនេះជាពលរដ្ឋមកពីខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ តែបានធ្វើចំណាកស្រុកមកប្រកបការងារនៅខេត្តកំពង់ឆ្នាំង។ ប៉ុន្ដែប្រហែលពួកគាត់ឃើញដីទំនេរ ទើបនាំគ្នាជួលត្រាក់ទ័រគេមកឈូសឆាយទន្ទ្រានយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។
លោកថា ដីនេះត្រូវបានពលរដ្ឋក្នុងមូលដ្ឋានអាស្រ័យផល ប៉ុន្ដែមិនមានអ្នកណាហ៊ានទន្ទ្រានកាន់កាប់ដីតំបន់នេះទេ៕