ព្រះសីហនុៈ ​នគរបាល​ខេត្ត​ព្រះសីហនុ​កំពុង​សួរ​ជនសង្ស័យ​ ៦ ​នាក់​ពាក់ព័ន្ធ​ករណី​គេចវេះ​ពី​គោលដៅ​ត្រួតពិនិត្យ​ការធ្វើ​​ចត្តាឡីស័ក បន្ទាប់ពី​ឃាត់ខ្លួន​ពីថ្ងៃ​ទី​ ៣១ ខែ​មីនា នៅ​ចំណុច​គោលដៅ​ត្រួតពិនិត្យ​ការធ្វើ​​ចត្តាឡីស័ក​លើ​ផ្លូវ​ជាតិ ​៤ ក្នុង​ស្រុក​កំពង់សីលា​។

លោក ជួន ណារិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ថ្លែងថា ជនសង្ស័យ​ទាំង​ ៦ ​នាក់​កំពុង​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​បន្ត​តាម​នីតិវិធី​។ ​«​ឥឡូវនេះ​មិន​សម្បូរ​រឿង​អ្នក​គេច​ចេញពី​កន្លែង​ធ្វើ​​ចត្តាឡីស័ក​ទេ សម្បូរ​តែ​បងប្អូន​យើង​មួយចំនួន​ចង់ទៅ​នេះ​ទៅនោះ​ទេ ព្រោះ​យើង​អនុវត្ត​វិធានការ​ម៉ឺងម៉ាត់​ទៅ​ករណី​ហ្នឹង​ក៏​លែង​សូវ​មាន​ទេ​»​។

លោក​ ហួត ចាន់ធី អធិការ​នគរបាល​ស្រុក​កំពង់សីលា​ថ្លែង​ថា កម្លាំង​របស់លោក​បាន​ឃាត់​រថយន្ត​ ១ ​គ្រឿង ម៉ាក​កូរ៉ូឡា ពណ៌​ទឹក​ប៊ិក​ពាក់​ស្លាក​លេខ​ភ្នំពេញ 2G-7227 បើក​គេច​ពី​ចន្លោះ​គីឡូម៉ែត្រ 152-153 ចូលទៅ​ផ្លូវ​ល្បឿន​លឿន​ក្នុងភូមិ​ស្ទឹងឆាយ ឃុំ​កំពង់សីលា ស្រុក​កំពង់សីលា ដែល​មាន​​គ្នា​ ៥ ​នាក់ បើកបរ​ដោយ​ជនជាតិ​ខ្មែរ និង​បុរស​ជនជាតិ​ចិន​ ៤ ​នាក់ ស្លៀកពាក់​បន្លំ​ធ្វើជា​ក្រុមការងារ​ផ្លូវ​ល្បឿន​លឿន​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​ចាប់បាន​ ៥ ​នាក់​ក្នុងនោះ​មាន​ខ្មែរ​ម្នាក់​ជា​អ្នក​បើកបរ​បាន​សារភាពថា រូបគេ​ធ្វើ​តាម​បញ្ជា​មេខ្លោង​បុរស​​ជាតិខ្មែរ​ម្នាក់ទៀត​។ ​បន្ទាប់មក​ខ្ញុំ​ក៏បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ខេត្ត​ស្រាវជ្រាវ​បន្ត​ទើប​ឃាត់​បាន​មេខ្យល់​ម្នាក់ទៀត អ៊ីចឹង​បាន​សរុប​ទៅ​មាន​ ៦ ​នាក់​»​។

បើតាម​លោក ហួន ចាន់ធី ជនសង្ស័យ​ជាតិខ្មែរ​បាន​សារភាព​ថា ខ្លួនគេ​ធ្លាប់​ដឹក​ជនជាតិ​ចិន​ពី​ភ្នំពេញ​មក​ខេត្ត​ព្រះសីហនុ​៣​លើក​រួចមកហើយ​។ រីឯ​ជនជាតិ​ចិន​ទាំង​ ៤ ​នាក់​នោះ​បាន​ឆ្លើយថា ពួកគេ​បាន​ធ្វើ​ចត្តាឡីស័ក​រួចហើយ ប៉ុន្តែ​ពុំមាន​ឯកសារ​បញ្ជាក់​ទេ ដោយ​ពួកគេ​មាន​បំណង​ទៅ​ភ្នំពេញ​រួច​បន្តទៅ​ប្រទេស​ចិន​វិញ​។

តាម​ការផ្សាយ​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បានឱ្យ​ដឹងថា វត្ថុតាង​ដែល​សមត្ថកិច្ច​ចាប់បាន​មាន​រថយន្ត​ ២ ​គ្រឿង​ទី​ ១ ​ម៉ាក​កូរ៉ូឡា ពណ៌​ទឹក​ប៊ិក ពាក់​ស្លាក​លេខៈ ភ្នំពេញ 2G-7227 (​មធ្យោបាយ​ធ្វើ​សកម្មភាព​) និង​ទី​ ២ ម៉ាក​កាមរីឆ្លាម ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2T-8385 (​មធ្យោបាយ​ធ្វើ​សកម្មភាព​)​។

លោក ចាន់ធី បញ្ជាក់ថា​ក្នុង​ ១ ​ខែ​ចុងក្រោយ​នេះ​លោក​ឃាត់​បាន​ករណី​គេចវេះ​ពី​គោលដៅ​ត្រួតពិនិត្យ​ការធ្វើ​ចត្តាឡីស័ក​បាន​ ២ ​លើក​ដោយ​លើក​ទី​ ១ ​ឃាត់​បាន​ស្ត្រី​ជាតិចិន​ម្នាក់​ ប៉ុន្តែ​លោក​មិនបាន​ចាំ​ថ្ងៃ​ណា​នោះទេ ចំណែក​លើក​ទី​ ២ ​គឺ​ចាប់បាន​ ៥ ​នាក់​នៅ​ថ្ងៃទី​ ៣១ ខែមីនា ដែលមាន​ខ្មែរ​ម្នាក់ និង​ជនជាតិ​ចិន​ ៤ ​នាក់​៕