កំពង់ស្ពឺៈ ​សមត្ថកិច្ច​នគរបាល​ខេត្តកំពង់ស្ពឺ​កំពុង​សួរនាំ​ព្រះសង្ឃ ២ អង្គ​ និង​ជន​ក្លែងខ្លួន​ជា​មន្ត្រីនគរបាល ២ នាក់​ដែល​បំពាន​បម្រាម​ឆ្លងកាត់​រាជធានី-ខេត្តហើយ​ត្រូវបាន​សមត្ថកិច្ច​ស្រុក​បសេដ្ឋ​ចាប់ខ្លួន​កាលពី​ម្សិលមិញ។

តាម​ការផ្សាយ​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ឲ្យ​ដឹងថា កម្លាំង​នគរបាល​ពិតជា​បាន​ឃាត់ខ្លួន​មុខសញ្ញា​ចំនួន ៤ អង្គ /នាក់ ប្រាកដ​មែន ដោយសារ​តែ​អ្នក​ទាំងអស់​គ្នា​នោះ បាន​ធ្វើ​ដំណើរ​ល្មើស​នឹង​វិធានការ​របស់​រាជរដ្ឋាភិបាល​ដែល​កំណត់​មិន​អនុញ្ញាត ឱ្យ​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​ពី​តំបន់​មួយ​ទៅ​តំបន់​មួយទៀត ក្នុង​អំឡង​ពេល​នៃ​ការបិទ​ខ្ទប់​រាជធានី​ភ្នំពេញ, ខេត្ដកណ្ដាល នៅ​ចំណុច​ស្ពាន​អង្គ​ដែកកណ្តាល​ស្ថិត​នៅ ភូមិ​អង្គដែកកណ្តាល ឃុំ​ពោធិ៍ម្រាល ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ។

ជនសង្ស័យ​ទាំង ៤ អង្គ/នាក់ នោះ​ពាក់ព័ន្ធ​បទល្មើស​ផ្សេងៗគ្នា​ក្នុងនោះ​សង្ឃ ២ អង្គ ត្រូវ​បាន​ព្រះមេគណ​ខេត្ដ​សម្រេច​ផ្សឹក​ និង​ប្រគល់ជូន​សមត្ថកិច្ច​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ទី ១ ព្រះតេជព្រះគុណ នួន ចិន្តា ព្រះជន្ម ៣៩ វស្សា ជា​ចៅអធិការ​វត្ត​មុនីសោភ័ណ្ឌ ស្ថិតនៅ​ឃុំ​ពោធិ៍ម្រាល ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ និង​ទី ២ ព្រះតេជគុណ ជឹង ម៉េងហៀក ព្រះជន្ម ៣៥ វស្សា ជា​ចៅអធិការវត្ត សែនឧត្តម ហៅ​វត្ត (បឹងសាឡាំ) ស្ថិតនៅ​ឃុំ​ពោធិ៍ម្រាល ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ ចំណែក​ជនសង្ស័យ ២ នាក់​ទៀត សមត្ថកិច្ច​មិន​បញ្ជាក់​អត្តសញ្ញាណ​ទេ។

ព្រះសង្ឃពីរអង្គដែលត្រូវបានឃាត់ខ្លួនដោយ គណៈបញ្ជាការឯកភាពស្រុកបសេដ្ឋ។ហុង មិនា

បើតាម​អគ្គស្នងការដ្ឋាន​វត្ថុតាង​ដែល​សមត្ថកិច្ច​ដកហូត​បាន​មានដូចជា រថយន្ត ២ គ្រឿង ដែល ១ គ្រឿង​ម៉ាក​ PRIUS ពាក់​ស្លាក​លេខ​ភ្នំពេញ 2AY-7780 និង ១ គ្រឿង​ទៀត​ម៉ាក​ Lexus 300 2AC-1129 ។ ក្រៅពីនោះ​មាន​ស្រាបៀរ​ចំនួន ៥ កំប៉ុង -តេឡេ​បញ្ជា ១ គ្រាប់ -ចាន​អាប៉ោង ១ -គ្រាប់​អាប៉ោង​ចំនួន ៤ គ្រាប់ ប្រាក់រៀល ១ ៥៨០០០០ រៀល និង​ប្រាក់​ដុល្លារ 100 ដុល្លារ និង ឯកសណ្ឋាន នគរបាលជាតិ (ក្លែង​ឋានៈ ) ១ ឈុត។

តាម​សេចក្តី​សម្រេច​លេខ ៤៤. សសរ សេចក្តី​សម្រេច​លេខ ៤៩.សសរ របស់​រាជរដ្ឋាភិបាល បាន​ហាមឃាត់​ការធ្វើដំណើរ​ឆ្លងកាត់​ខេត្ត-រាជធានី​ និង​ការបិទ​ខ្ទប់​ភូមិសាស្ដ្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​ខេត្ដ​កណ្ដាល​រយៈពេល ១៤ ថៃ្ង រហូត​ដល់​ថ្ងៃ ទី ២៨ មេសា ដើម្បី​ទប់ស្កាត់​ការរីករាលដាល​ជំងឺ​កូវីដ១៩។

យ៉ាងណាក្ដី ភ្នំពេញ​ប៉ុស្តិ៍​មិន​អាច​ទាក់ទង​សុំ​ការបំភ្លឺ​បន្ថែម​ពី​អាជ្ញាធរ​មូលដ្ឋាន​ជុំវិញ​ករណី​នេះ​បាន​ទេ​នៅ​ព្រឹក​នេះ៕