ក្រចេះ/ស្ទឹងត្រែងៈ គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​កំពុង​បន្ដ​ស៊ើបអង្កេត​ករណី​រថយន្ដ​ធុន​ធំ​ ៩ ​គ្រឿង​​ ផ្ទុកឈើ​ប្រណីត​លេខ​ ១ ​និង​លេខ​ ២ ​ក្រោយពី​ឃាត់​បាន​កាលពី​ម្សិលមិញ​នៅ​ស្រុក​ស្នួល ខេត្ដ​ក្រចេះ ខណៈ​រថយន្ត​នេះ​កំពុង​ដឹកឈើ​ឆ្លងដែន​ឆ្ពោះ​ទៅ​កាន់​ប្រទេស ​វៀតណាម​។

លោក អេង ហ៊ី អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​បាន​ប្រាប់​ភ្នំពេញប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា​៖ «​យើង​កំពុង​បន្ដ​ធ្វើការ​លើ​ករណី​នេះ​។ ពេលនេះ​យើង​មិន​ទាន់​ដឹងថា យ៉ាងម៉េច​ទេ​។ ខ្ញុំ​កំពុង​ធ្វើការ​លើ​ការងារ​នេះ​»​។ លោក​ សាន្ត ប៊ុនថាន មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ខេត្ត​ក្រចេះ​បដិសេធ​ធ្វើការ​បកស្រាយ​ជុំវិញ​ករណី​នេះ​។

យ៉ាងណាក្តី​លោក ហេង ស្រស់ សកម្មជន​ព្រៃឈើ​ថ្លែង​កាលពី​ម្សិលមិញ​ថា ឈើ​កែច្នៃ​នាំចេញ​ចំនួន​ ៩ ​រថយន្ត​ធំ​ជា​របស់​ក្រុមហ៊ុន​សៀម៉ុន​ (​ខេមបូឌា​) ​អេហ្គ្រីកខលឈ័រ ខមប្រេអេនស៊ីវ ឌីវេឡុបម៉ិន CO.LTD ជា​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ​។

លោក​អះអាង​ថា រថយន្ត​ដឹកឈើ​ទាំង​ ៩ ​គ្រឿង​នេះ​បាន​ដឹកឈើ​កែច្នៃ​ប្រភេទ​លេខ​ ១ ​និង​លេខ​ ២ ​ដោយ​គ្រោង​ដឹក​ចេញពី​ក្រុមហ៊ុន សៀម៉ុន​ដែល​មាន​ទីតាំង​ក្នុង ឃុំ​សេកុង ស្រុក​សៀមប៉ាង​ខេត្ត​ស្ទឹងត្រែង ឆ្ពោះ​ទៅ​កាន់​ច្រកទ្វារ​ព្រំដែន​ត្រពាំង​ស្រែ​ព្រំដែន​ប្រទេស ​វៀតណាម​។ រថយន្ត​ដឹកឈើ​ទាំងនេះ​ត្រូវ​បាន​កម្លាំង​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ ឃាត់​ដើម្បី​ត្រួតពិនិត្យ​។ ក្នុងនោះ​សមត្ថកិច្ច​បាន​រកឃើញ​ថា ឈើ​ទាំងអស់​នេះ​មាន​ច្បាប់​ដឹកជញ្ជូន​ត្រឹមត្រូវ​ចេញ​ពី​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ស្ទឹងត្រែង និង​ក្រុមហ៊ុន​មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​ពាណិជ្ជកម្ម​ឲ្យ​នាំ​ឈើ​កែច្នៃ​ចេញ​ក្រៅ​ប្រទេស​ផង​ដែរ​។

លោក ស្រស់ បាន​ឲ្យ​ដឹងថា​មក​ដល់​ល្ងាច​ថ្ងៃ​ចន្ទ​ម្សិលមិញ​សមត្ថកិច្ច​នៅ​មិនទាន់​អនុញ្ញាត​ឲ្យ​រថយន្ដ​ដឹកឈើ​ទាំង ៩ ​គ្រឿង​នោះ​ដឹក​ចេញ​ទៅ​ប្រទេស​វៀតណាម​នៅ​ឡើយ​ទេ​។

លោក​បញ្ជាក់​ថា​៖ «​បើសិន​ជា​សមត្ថកិច្ច​បើកដៃ​ឲ្យ​រថយន្ត​ដឹកឈើ​នោះ​អាច​ទឹក​ឈើ​ចេញ​ទៅ​ប្រទេស​ វៀតណាម ​បាន​គឺជា​ការមើល​ស្រាល​ចំពោះ​ចំណាត់ការ​របស់​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​ដែល​ធ្លាប់​បាន​ចាត់​វិធានការ​ក្ដៅ​ដើម្បី​ទប់ស្កាត់ បទល្មើស​ធនធាន​ធម្មជាតិ​»​។

គួររំឭក​ថា​លោក សៅ សុខា មេបញ្ជាការ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​កាលពី​ថ្ងៃទី​ ៨ ខែ​ សីហា​ បាន​ប្រាប់​មន្ត្រី​កងរាជ​អាវុធហត្ថ​ទាំងអស់ និង​ក្រុម​គ្រួសារ​កុំ​ឲ្យ​យក​ខ្លួន​ទៅ​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ ទោះ​ក្នុង​ករណី​ឈើ​មាន​ច្បាប់​ ឬ​គ្មាន​ច្បាប់​ក៏ដោយ ព្រោះ​គណៈកម្មការ​ជាតិ​កំពុង​ធ្វើការ​ត្រួតពិនិត្យ​៕