កំពង់ស្ពឺៈ លោក វ៉ី សំណាង អភិបាល​ខេត្ត​កំពង់ស្ពឺ​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា សមត្ថកិច្ច​កំពុង​បន្ត​ស៊ើបអង្កេត​រក​មេខ្លោង​ដែល​នៅ​ពីក្រោយ​ទីតាំង​ផលិត​បារី​ម៉ាក ៥៥៥ ក្លែងក្លាយ​របស់​ជនជាតិ​ចិន ខណៈ​ជនជាប់​សង្ស័យ​ពី​ ២ ​ទៅ​ ៣ ​នាក់​ កំពុង​ត្រូវ​បាន​ឃាត់ខ្លួន​សួរនាំ​។

កាលពី​ថ្ងៃទី​ ១១ ​មិថុនា សមត្ថកិច្ច​ខេត្ត​កំពង់ស្ពឺ និង​ក្រុមមន្ត្រី​ពី​នាយកដ្ឋាន​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​របស់​ក្រសួង​មហាផ្ទៃ​បាន​ចុះបង្ក្រាប​ទីតាំង​ផលិត​បារី​ម៉ាក​៥៥៥​ក្លែងក្លាយ​របស់​ជនជាតិ​ចិន​ស្ថិត​នៅ​ក្នុងភូមិ​ចេក ឃុំ​អូរ ស្រុក​ភ្នំស្រួច ដោយ​រឹបអូស​បាន​បារី​ជាង ១ ​ពាន់ប៊ិក ម៉ាស៊ីន​ផលិត​បារី​ ២ ​គ្រឿង និង​សម្ភារ​ផ្សេងៗ​មួយ​ចំនួន​ទៀត​។

លោក វ៉ី សំណាង ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃអាទិត្យ​ថា ក្រោយ​ការចុះ​បង្ក្រាប​ជន​ជាប់​ពាក់ព័ន្ធ​ចន្លោះ​ពី​ ២ ទៅ ៣ ​នាក់ (​ជា​ជនជាតិចិន​) ​ត្រូវ​បាន​បញ្ជូន​ភ្លាមៗ​មក​ក្រសួង​មហាផ្ទៃ​។ លោក​បន្តថា ក្រោយពី​សាកសួរ​ចប់ ពួកគេ​ទាំងនោះ​ត្រូវ​បាន​បញ្ជូន​ត្រឡប់​មក​ខេត្ត​កំពង់ស្ពឺ​វិញ​ហើយ ដើម្បី​ឲ្យ​សមត្ថកិច្ច​ចាត់ការ​បន្ត​។

លោក​បន្ថែម​ថា សមត្ថកិច្ច​បាន​សាកសួរ​ជន​ជាប់​ពាក់ព័ន្ធ​ទាំងនោះ​ដើម្បី​ស្វែងរក​មេខ្លោង ខណៈ​លោក​មិន​អាច​បញ្ជាក់​លម្អិត​អ្វី​បន្ថែមទៀត​បាន​ទេ ព្រោះ​ស្ថិត​ក្នុង​ការស៊ើបអង្កេត​។ «​យើង​កំពុង​ខិតខំ​ស្រាវជ្រាវ​រក​មេខ្លោង​អាច​មាន ២ ទៅ ៣ ​នាក់​ដែល​ជា​អ្នក​នៅ​ពីក្រោយ​ពិតប្រាកដ​»​។

បើតាម​លោក វ៉ី សំណាង បារី​ដែល​បាន​ផលិត​ក្នុង​ទីតាំង​នេះ​គឺ​សម្រាប់​នាំ​ចេញទៅ​ប្រទេស​ចិន ដោយ​មិន​បាន​ចែកចាយ​លក់​នៅក្នុង​ប្រទេស​កម្ពុជា​នោះទេ​។ លោក​ថា​៖ «​បារី​ទាំងនេះ​គាត់​ទើប​តែ​ផលិត​...​រឿង​វា​អ៊ីចេះ​ទេ គឺ​ទាក់ទង​នឹង​ការបើក​ទីតាំង​នេះ​ខ្ញុំ​សន្និដ្ឋាន​ថា ដោយសារ​តែ​ប្រទេស​យើង​នេះ វត្ថុធាតុដើម​ក្នុង​ស្រុក​យើង​នេះ​មាន​តម្លៃ​សមល្មម ដែល​អាច​ផលិត​បាន ទើប​គាត់​ជ្រើសរើស​កម្ពុជា​។ គ្រាន់តែ​ទីតាំង​នេះ​ខុស​មួយ​ដោយ​មិនបាន​សុំច្បាប់ អនុញ្ញាត​គឺ​ខុសច្បាប់​»​។

លោក សម សាមួន ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ​ថ្លែង​ពី​ម្សិលមិញ​ថា កាលពី​ចុះបង្ក្រាប​ភ្លាមៗ​គឺ​មាន​មនុស្ស​ជាប់​ពាក់ព័ន្ធ​ចំនួន​ ៧ ​នាក់​ ត្រូវ​បាន​ហៅ​ទៅ​សួរនាំ​។ ប៉ុន្តែ​ក្រោម​នីតិវិធី​នៃ​ការស៊ើបអង្កេត​នេះ លោក​មិន​អាច​ធ្វើការ​អត្ថាធិប្បាយ​អ្វី​បន្ថែមទៀត​ទេ​។

លោក​ថា​៖ «​ការបង្ក្រាប​នេះ​គឺ​ដឹកនាំ​ដោយ​មន្ត្រី​នៃ​ក្រសួងមហាផ្ទៃ​ខាង​សមត្ថកិច្ច​ខេត្ត​គ្រាន់តែ​ចូលរួម​សហការ​ប៉ុណ្ណោះ​។ ចំពោះ​វត្ថុតាង គេ​កំពុង​យក​សំណាក​បារី​ទាំងនោះ​ទៅ​ពិសោធ​នៅ​ភ្នំពេញ ដើម្បី​ដឹង​ពី​សារធាតុ​ផ្សេងៗ​នៅក្នុង​ហ្នឹង ប៉ុន្តែ​លទ្ធផល​យ៉ាងម៉េច​នោះ​មិនទាន់​ដឹង​ទេ​»៕