កំពង់ស្ពឺៈ នគរបាល​ព្រហ្មទណ្ឌ​ខេត្តកំពង់ស្ពឺ​កំពុង​ស្រាវជ្រាវ​ ដើម្បី​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ​ពាក់ព័ន្ធ​អំពើ​ឃាតកម្ម​ដុត​សម្លាប់​បុរស​ម្នាក់​ក្នុង​ព្រៃរបោះ​ដែល​ស្ថិតនៅ​ភូមិ​ថ្មី ឃុំ ចំបក់ ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ បន្ទាប់ពី​ពលរដ្ឋ​ប្រទះឃើញ​​សាកសព​ពីថ្ងៃ​ទី​ ២៨ ខែកុម្ភៈ​។

លោក សម សាក់ ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​ខេត្ត​កំពង់ស្ពឺ​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ ពី​ម្សិលមិញ​ថា ករណី​ឃាតកម្ម​​នេះ សមត្ថកិច្ច​របស់​លោក​កំពុង​​បើក​ការស៊ើបអង្កេត​យ៉ាងសកម្ម ដើម្បី​រកមុខ​សញ្ញា​ជនប្រព្រឹត្ត​ល្មើស​ក៏​ដូច​អត្តសញ្ញាណ​ជនរងគ្រោះ​។ ក្រោយពី​មន្ត្រី​ជំនាញ​ពិនិត្យ និង​ធ្វើ​កោសល្យវិច័យ​លើ​សាកសព បង្ហាញថា​​ជនរងគ្រោះ​ត្រូវបាន​គេ​ធ្វើ​ទារុណកម្ម​មុនពេល​ដុត​សម្លាប់​។

ក៏ប៉ុន្តែ​លោក​បាន​បញ្ជាក់ថា​៖ «​រហូត​មក​ទល់​ពេលនេះ​សមត្ថកិច្ច​យើង​នៅ​មិនទាន់​ទទួល​​បាន​លទ្ធផល​ពី​អត្តសញ្ញាណ​របស់​ជនរងគ្រោះ​ទេ ហើយ​យើង​ក៏​សកម្ម​ក្នុង​ការស្វែងរក​ជនល្មើស​ដែរ​។ ​យើង​ក៏​មិនទាន់​អាច​កំណត់​ថា​ចំនួន​ជនល្មើស​ប៉ុន្មាន​នាក់​ដែរ​»​។

លោក សម សាក់ បាន​បន្តថា តាម​ការពិនិត្យ​សាកសព​គឺ​ជនរងគ្រោះ​មាន​អាយុ​ប្រហែល​ ២៥ ​ឆ្នាំ​មាន​សម្បុរស សក់វែង តែ​ត្រូវ​ភ្លើង​ឆេះ​អស់​ខ្លះ​ហើយ​។ ​ជនរងគ្រោះ​ត្រូវបាន​ជនសង្ស័យ​រុំ​នឹង​កន្ទេល​នីឡុង ហើយ​ដុត​សម្លាប់ចោល​ក្នុងព្រៃ​សហគមន៍​ទឹកធ្លាក់​ចំបក់​ស្ថិត​ក្នុង​ភូមិ​ថ្មី ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។ បើ​ពិនិត្យមើល​ស្ថានភាព​នៅក្បែរ​​ទីតាំង​សព​ជនរងគ្រោះ​គឺ​មាន​សភាព​ស្ងាត់​ដែល​ជនល្មើស​អាចមាន​ឱកាស​ប្រព្រឹត្ត​បទល្មើស​លើ​ជនរងគ្រោះ​បាន​។

ដោយឡែក​លោក ភោគសម្បត្តិ នាយការិយាល័យ​នគរបាល​បច្ចេកទេស​កោសល្យវិច័យ​ខេត្តកំពង់ស្ពឺ​បាន​បញ្ជាក់​បន្ថែម​​កាលពី​ម្សិលមិញ​ដែរ​ថា សាកសព​មាន​ដាំ​ត្បូង​នៅ​ធ្មេញ​លើ​ផ្នែក​ខាង​ផ្នែក​ស្តាំ ពាក់អាវ​ក្រណាត់ ពណ៌​ស និង​មាន​អាវយឺត​ពណ៌​ក្រហម​នៅ​ខាងក្នុង​។ ​

សាកសព​ត្រូវ​បាន​ជនល្មើស​រុំ​កន្ទេលនីឡុង​ពណ៌​ស លាយ​ពណ៌​ខៀវ​ដុត​ស្ទើរតែ​ឆ្អិន​សាច់ និង​មាន​ស្នាម​ចាក់​នៅលើ​ទ្រូង​ចំនួន​ ៨ ​កន្លែង ដើមដៃ​ឆ្វេង​ ១ ​កន្លែង ស្នាម​វាយ​លើ​ថ្ងាស​ឆ្វេង​ ១ ថ្ងាស​ស្តាំ​ ១ និង​ក្បាល​ខាងលើ​ច្រើន​កន្លែង​ទៀត​។

ទោះយ៉ាងណា លោក សាយប៊ុនថន អធិការនគរបាល​ស្រុក​ភ្នំស្រួច​ប្រាប់​ពី​ម្សិលមិញ​ថា សាកសព​ជនរងគ្រោះ​ត្រូវ​បាន​អ្នកភូមិ​ប្រទះ​ឃើញ​នៅ​ម៉ោងជាង ១​ រសៀល​ថ្ងៃទី​ ២៨ ខែ កុម្ភ: ឆ្នាំ​ ២០២១ ខណៈ​ពេល​ភ្លើង​កំពុង​ឆេះ​លើ​សាកសព ហើយ​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​៕