ភ្នំពេញៈ ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង អាជ្ញាធរ​មាន​សមត្ថកិច្ច​កំពុង​ធ្វើការ​ស៊ើបអង្កេត​ករណី​ដែល​ក្រុមគ្រួសារ​នៃ​សព​បាន​ចោទប្រកាន់​មន្ទីរពហុព្យាបាល​ម៉ាយហ៊ែល​ស្ថិតនៅ​រាជធានី​ភ្នំពេញ​ពី​បទ​ធ្វេសប្រហែស​ក្នុង​ការវះកាត់​បណ្តាល​ឱ្យ​កូន​របស់ខ្លួន​ស្លាប់​។

អ្នកស្រី ស៊ឹម សម្បត្តិ អាយុ ៥០ ​ឆ្នាំ​ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ព្រៃស្នួល ឃុំ​រវៀង ស្រុក​សំរោង ខេត្ត​តាកែវ​កាលពី​ថ្ងៃទី​ ២២ ខែ​មករា បានដាក់​ពាក្យបណ្តឹង​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ដោយ​ប្តឹង​ម្ចាស់​មន្ទីរ​ពហុព្យាបាល​ម៉ាយហ៊ែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ម័ល ខណ្ឌដង្កោ ថា​បាន​វះកាត់​ជំងឺ​ពោះវៀន​ដុះខ្នែង​លើ​ឈ្មោះ អ៊ី បញ្ញា ត្រូវជា​កូនប្រុស​ខុស​លក្ខណៈ​បច្ចេកទេស និង​ធ្វេសប្រហែស​ក្នុង​វិជ្ជាជីវៈ​ដោយ​មិន​ទទួលខុសត្រូវ​ក្នុង​ការព្យាបាល​បន្ត​។ ជនរងគ្រោះ​ឈ្មោះ អ៊ី បញ្ញា អាយុ​ ២២ ​ឆ្នាំ​ មុខរបរ​ជា​អ្នកសារព័ត៌មាន​បាន​ទទួល​មរណភាព​នា​ថ្ងៃទី​ ៣០ ខែមករា បន្ទាប់ពី​ផ្ទេរ​ចេញពី​មន្ទីរ​ពហុព្យាបាល​ម៉ាយហ៊ែល​ទៅ​មន្ទីរពេទ្យ​រុស្ស៊ី​។

លោក ជីម ស៊ីថា អធិការ​នគរបាល​ខណ្ឌដង្កោ​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា ក្រោយពី​ទទួល​បាន​ពាក្យបណ្តឹង ក្រុមការងារ​របស់​លោក​បាន​ចុះ​ធ្វើការ​អង្កេត និង​កសាង​សំណុំរឿង ដើម្បី​ប្រមូល​ព័ត៌មាន​ផ្តល់​ជូន​ស្ថាប័ន​មាន​សមត្ថកិច្ច ពោលគឺ​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​។

លោក​ថា​៖ «​យើង​បាន​ទាក់ទង​នៅ​ស្ថាប័ន​មាន​សមត្ថកិច្ច ហើយ​កំពុងធ្វើការ​រឿងនេះ ជាពិសេស​ខាង​សុខាភិបាល​ដែលមាន​ជំនាញ​នេះ ដើម្បី​ចូលរួម​ធ្វើការ​នេះ​។ ម្សិលមិញ​ (​ថ្ងៃទី​ ៣០ មករា​) យើង​បាន​សម្ភាស​សួរ​ខាង​មន្ទីរពហុ​ព្យាបាល​ម៉ាយហ៊ែល​រួចហើយ​យើង​គ្រោង​ទៅ​សម្ភាស​ខាង​មន្ទីរពេទ្យ​រុស្ស៊ី​បន្ថែមទៀត ថា​តើ​ការងារ​នេះ ស៊ីចង្វាក់​គ្នា​ឬ​អត់​ដើម្បី​យើង​ប្រមូល​ព័ត៌មាន​។ ខាង​ខ្ញុំ​ធ្វើការ​តាម​ជំនាញ​របស់ខ្ញុំ ហើយ​ខាង​មន្ត្រី​សុខាភិបាល គាត់​នឹង​ធ្វើ​ទៅតាម​ជំនាញ​របស់គាត់​»​។

ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​លោក ងី មានហេង បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា ក្រសួងសុខាភិបាល​រួម​នឹង​មន្ទីរ​សុខាភិបាល​បាន​ចុះ​អង្កេត​ដល់​ទីតាំង​រួចហើយ ដើម្បី​ធ្វើ​របាយការណ៍​បឋម ហើយ​ជនរងគ្រោះ​ពិតជា​បាន​ចូល​វះកាត់​ពោះវៀន​ដុះខ្នែង​នៅ​មន្ទីរ​ពហុព្យាបាល​ម៉ាយហ៊ែល​ពិតមែន​។

លោក​ថា​៖ «​តាម​របាយការណ៍ បន្ទាប់មក​អ្នកជំងឺ​មាន​អាការ​មិន​ស្រួល​ក៏បាន​បញ្ជូនទៅ​មន្ទីរពេទ្យ​សូវៀត ហើយ​មន្ទីរពេទ្យ​សូវៀត​ជួយសង្គ្រោះ​វះកាត់​ម្តងទៀត ពេល​វះ​ទៅ​ឃើញ​មាន​រលាក​លំពែង​បន្ថែម ហើយ​គ្រូពេទ្យ​ក៏​ជួយ​សង្គ្រោះ​បន្ត​»​។

ទាក់ទង​ការចោទប្រកាន់ថា វះកាត់​ខុស​បច្ចេកទេស​លោក ងី មានហេង បញ្ជាក់ថា​៖ «​រឿងនេះ​មិនមែន​អ្នកណា​អាច​និយាយ​បាន​ទេ ព្រោះ​មាន​ក្រុម​បច្ចេកទេស​សុខាភិបាល ១ ​ក្រុម​ទៀត កាលណា​មាន​ភាពមិន​ប្រក្រតី​ក្រុមបច្ចេកទេស​នោះ​នឹង​ចុះទៅ​ធ្វើការ​អង្កេត​»​។

ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​ទាក់ទង​ប្រធាន​មន្ទីរ​ពហុព្យាបាល​ម៉ាយហ៊ែល​បាន​នៅឡើយ​ទេ ប៉ុន្តែ​បុគ្គលិក​ផ្នែក​គណនេយ្យ​ដែល​លើក​ទូរស័ព្ទ​បាន​ឆ្លើយថា ខ្លួន​ពុំ​ទទួល​បាន​ព័ត៌មាន​ពី​ការចោទប្រកាន់​នេះ​នៅ​ឡើយ​ទេ​។

នៅក្នុង​ពាក្យបណ្តឹង​របស់​អ្នកស្រី ស៊ឹម សម្បត្តិ បញ្ជាក់​ថា​កាលពី​ព្រឹក​ថ្ងៃទី​ ១៨ ខែ មករា ឆ្នាំ​ ២០២១ ក្រុមគ្រូពេទ្យ​នៃ​មន្ទីរពហុ​ព្យាបាល ម៉ាយហ៊ែល បាននាំគ្នា​សម្រេច​ធ្វើការ​វះកាត់​ជំងឺ​ពោះវៀន​ដុះ​ខ្នែង​ឱ្យឈ្មោះ អ៊ី បញ្ញា​។ ក្រោយ​លទ្ធផល​វះកាត់​បាន ៣ ​ថ្ងៃ​ ស្ថានភាព​ជំងឺ​របស់​ឈ្មោះ អ៊ី បញ្ញា មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ខ្លាំង​ដូចជា​ហើមពោះ ពិបាក​ដកដង្ហើម ហើយ​ពេល​ក្រុមគ្រួសារ អ្នក​ថែទាំ​ជំងឺ​ព្យាយាម​ទាក់ទង ហៅ​ពេទ្យ​ដែល​វះកាត់​នោះមក​ពិគ្រោះ​ ឬ​តាមដាន​ជំងឺ​ម្តងៗ គ្មាន​គ្រូពេទ្យ​ទទួល​ខុសត្រូវ​ច្បាស់លាស់​ឡើយ​។

ដោយសារ​បញ្ហា​នេះ និង​ដោយសារ​អ្នកជំងឺ​មាន​អាការ​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​ពី​ ១ ​ថ្ងៃ​ទៅ​ ១ ​ថ្ងៃ​ធ្វើឱ្យ​ក្រុមគ្រួសារ​អ្នកស្រី​អស់ជំនឿ​លើ​មន្ទីរ​ពហុព្យាបាល ម៉ាយហ៊ែល ទើប​សម្រេចចិត្ត​សុំ​ចេញ​ពី​មន្ទីរពេទ្យ​នេះ​នៅ​ថ្ងៃទី​ ២០ ខែ​ មករា ឆ្នាំ​ ២០២១ ដោយ​ទៅ​ព្យាបាល​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ សូវៀត​វិញ​ម្តង​។

ពាក្យបណ្តឹង​បន្តថា​៖ «​ក្រោយមក​ស្ថានភាព​អ្នកជំងឺ​មាន​អាការ​មិន​ធូរស្រាល​ឡើយ​ហើយ​ក្រុមគ្រូពេទ្យ​ជំនាញៗ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ សូវៀត បង្ហើប​ប្រាប់ថា អ្នកជំងឺ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ណាស់ បណ្តាល​មកពី​ការព្យាបាល​របស់​ក្រុម​គ្រូពេទ្យ​វះកាត់​នៅ​ខាងក្រៅ ព្យាបាល​ខុស​បច្ចេកទេស និង​វិជ្ជាជីវៈ​»​។

យោងតាម​ពាក្យបណ្តឹង​ដដែល​បន្តទៀត​ថា ឈ្មោះ អ៊ី បញ្ញា មុនពេល​វះកាត់​គឺ​មាន​អាការ​នឹងនរ​ធម្មតា គ្រាន់តែ​ចុកពោះ​តិចតួច អាច​បើកបរ​ឡាន​ខ្លួនឯង តាំងពី​ស្រុក​រហូត​មកដល់​មន្ទីរពហុព្យាបាល ម៉ាយហ៊ែល ដើម្បី​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​អំពី​​មូលហេតុ​នៃ​ការចុកពោះ​។

នៅពេល​នោះ​ក្រុមគ្រូពេទ្យ​បាន​និយាយថា ឈ្មោះ អ៊ី បញ្ញា មាន​បញ្ហា​ពោះវៀន​ដុះខ្នែង​ត្រូវ​វះកាត់​ជាបន្ទាន់ ហើយ​គ្រូពេទ្យ​សន្យា​ថា វះកាត់​រយៈពេល​តែ ២ ​ថ្ងៃ គឺ​អ្នកជំងឺ​ជា​ហើយ បើ​មិន​វះកាត់​ទេ​អាច​មាន​បញ្ហា​ដល់​អាយុជីវិត​៕

វីដេអូ៖