កំពង់ធំ: លោក ទូច សុខា អភិបាលស្រុក​សន្ទុក​បាន​ឲ្យ​ដឹងថា សមត្ថកិច្ច​កំពុង​ស៊ើបអង្កេត​ករណី​អំពើហិង្សា​ដែល​បណ្ដាល​ឲ្យ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ធំ​ ៣ ​នាក់​របួសធ្ងន់ និង​ស្រាល​ក្នុង​ហេតុការណ៍​ប៉ះទង្គិច​គ្នា​ជាមួយ​ប្រជាពលរដ្ឋ​ចំនួន​ជាង​ ១០០ ​នាក់​កាលពី​សប្ដាហ៍​មុន​ ស្ថិត​នៅ​ទីតាំង​តំបន់​ស្ថានីយ​ផ្សព្វផ្សាយ និង​ស្តារ​ព្រៃឈើ​ឡើងវិញ​អន្លង់​ថ្ម ស្ថិត​នៅក្នុង​អូរគគីរ ឃុំ​បឹងល្វា ស្រុក​សន្ទុក ខេត្ត​កំពង់ធំ​។

លោក សុខា ថ្លែង​ថា​៖ «​ខ្ញុំ​មិនទាន់​ដឹង​ពី​ការសម្រេច​បែបណា​ទេ ដោយ​រង់ចាំ​ការស៊ើបអង្កេត​រក​មូលហេតុ​ពិតប្រាកដ​សិន ព្រោះ​មន្ត្រី​យើង​កំពុង​សម្រាក​ព្យាបាល​របួស ហើយ​ដី​ដែល​ពលរដ្ឋ​កំពុង​កាន់កាប់​នេះ​ស្ថិត​ក្នុង​សភាព​មិន​ច្បាស់លាស់​នៅឡើយ​។ អ៊ីចឹង​យើង​នៅ​ស្រាវជ្រាវ​បន្តទៀត​។ តែ​ភ្លាមៗ​ដែល​កើតហេតុ​ហ្នឹង យើង​គ្រាន់តែ​សម្របសម្រួល​រំដោះ​ខ្លួន​ចេញ​ពី​ពលរដ្ឋ​សិន​ប៉ុណ្ណោះ​»​។

លោក សុខា បាន​អះអាង​ថា មន្ត្រី​ដែល​រងរបួស​គឺ​លោក អាំង ប៊ុនថា របួស​ជើង​ខាងស្ដាំ ដោយសារ​ត្រូវ​ដំបង​របស់​ប្រជាពលរដ្ឋ​គប់ រីឯ​លោក តូ រ៉ាត់ រងរបួស​ខ្នង​ធ្ងន់ ដោយសារ​ពូថៅ​របស់​ពលរដ្ឋ​គប់ ខណៈ​ដែល​លោក​កំពុង​នៅក្នុង​រថយន្ត និង​ម្នាក់ទៀត​មិន​ចាំ​ឈ្មោះ​ត្រូវ​ដៃ​ខាងឆ្វេង ប៉ុន្ដែ​មិន​ធ្ងន់ធ្ងរ​ទេ​។

លោក​បន្តថា មុនពេល​កើតហេតុ ក្រុមមន្ត្រី​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ធំ​ចំនួន ៣៥ ​នាក់​បាន​នាំគ្នា​ទៅ​ដាំ​កូនឈើ​ចំនួន​ជាង​ ១ ​ម៉ឺន​ដើម​នៅលើ​ទីតាំង​តំបន់​ស្ថានីយ​ផ្សព្វផ្សាយ និង​ស្តារ​ព្រៃឈើ​ឡើងវិញ អន្លង់ថ្ម​ (​ដី​រដ្ឋ​) ស្រាប់តែ​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ១០០ ​នាក់​មក​អះអាង​ថា ជា​ដី​របស់​ពួកគាត់ ហើយ​នាំគ្នា​មក​ឃាត់​មន្ត្រី​មិន​ឲ្យ​ដាំ​កូនឈើ​ទាំងអស់ ព្រមទាំង​បាន​ដក​កូនឈើ​ដែល​ដាំ​ហើយ​នោះ​ចោល​ទៀតផង​។

លោក សុខា បញ្ជាក់​ថា​៖ «​ក្នុង​អំឡុង​នោះ​មាន​ការតវ៉ា​ខ្លាំង​ពលរដ្ឋ​ជាច្រើន​នាក់​ស្រែក​តវ៉ា ស្រែក​ឡូឡា លើស​ពី​នេះ​ក្នុង​ដៃ​គាត់​មាន​កាំបិត ពូថៅ និង​ដំបង​។ ខណៈ​មន្ត្រី​យើង​បាន​ដកខ្លួន​ថយ​ចេញមក​វិញ ប៉ុន្ដែ​មាន​ពលរដ្ឋ​ ២ ឬ​ ៣ ​នាក់​បាន​គប់​ពូថៅ​មក​លើ​មន្ត្រី​ធ្វើឲ្យ​រងរបួស​មន្ត្រី ៣ ​នាក់ និង​ខូចខាត​ឡាន​រដ្ឋ និង​ឡាន​ផ្ទាល់ខ្លួន​របស់​មន្ត្រី​យើង​ទៀត ប៉ុន្ដែ​ខ្ញុំ​មិនដឹង​ថា​បាន​ផ្ទុះអាវុធ ឬ​យ៉ាង​ណា​ទេ​»​។

លោក ទូច សុខា បញ្ជាក់​បន្ថែមថា​៖ «​ដី​ហ្នឹង​របស់​រដ្ឋ ហើយ​ពួកគាត់​នាំគ្នា​មក​ទន្ទ្រាន​យក​ដី​លក់​ទៅ​ឲ្យ​ក្រុម​ឈ្មួញ​ផ្សេងទៀត ប៉ុន្ដែ​ប្រសិន​បើ​ពួកគាត់​ខ្វះ​ដីធ្លី​មែន គឺ​យើង​អាច​អនុញ្ញាត​ឲ្យ​គាត់​អាស្រ័យផល​។ ពួកគាត់​រំលោភ​ដី​យក​ដី​នេះ មិនមែន​ធ្វើ​កសិកម្ម​ទេ គឺ​យក​ទៅ​លក់​ឲ្យ​ឈ្មួញ អ៊ីចឹង​យើង​មិន​អនុញ្ញាត​ឲ្យ​គាត់​ធ្វើ​បែប​នេះ​ទេ​»​។

លោក ប៊ុន សុធី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ធំ​មិនទាន់​អាច​ទាក់ទង​សុំ​ការបញ្ជាក់​ជុំវិញ​ករណី​នេះ​បានទេ ដោយ​ទូរស័ព្ទ​លោក​គ្មាន​អ្នកទទួល​។

លោក ប៉ែន វណ្ណរិទ្ធ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​កំពង់ធំ​បាន​ឲ្យ​ដឹងថា លោក​បាន​ទទួល​ព័ត៌មាន​នេះ ប៉ុន្ដែ​លោក​មិន​បានដឹង​ស្ថានភាព​ជាក់ស្ដែង​ច្បាស់លាស់​ទេ​។

លោក​ថា​៖ «​ខ្ញុំ​ដឹង​រឿង​ហ្នឹង​អត់​ច្បាស់​ទេ សាកសួរ​ទៅ​មន្ត្រី​ខ្ញុំ​»​។

លោក​ ឈិត ឃឿន មេឃុំ​បឹងល្វា​បាន​ឲ្យ​ដឹងថា ពលរដ្ឋ​នាំគ្នា​មក​រស់នៅ​លើដី​នេះ​មុន​លោក​ចូលកាន់​តំណែង​ឆ្នាំ​ ២០១៧ ដូច្នេះ​មិនបាន​ដឹង​ច្បាស់​ពី​សាវតារ​ដី​ដែល​កំពុង​មាន​ទំនាស់​ថា តើ​ដី​នេះ​ជា​ដី​របស់​រដ្ឋ ឬ​ដី​របស់​ប្រជាពលរដ្ឋ​ទេ​? ព្រោះ​ពលរដ្ឋ​ដែល​កំពុង​រស់នៅ​នេះ​មិនទាន់​មាន​ការចុះបញ្ជី​ដី​ ឬ​បណ្ណកម្មសិទ្ធិ​ស្របច្បាប់​ទេ​។

លោក​បញ្ជាក់ថា​៖ «​ពួកគាត់​រស់នៅ​សព្វ​ថ្ងៃនេះ​មិនទាន់​មាន​បណ្ណ​កម្មសិទ្ធិ​ត្រឹមត្រូវ​ទេ តែ​ពួកគាត់​រស់នៅ​យូរ​ឆ្នាំ​ដែរ​ហើយ​។ ខ្ញុំ​មិនសូវ​ដឹង​ច្បាស់​ពី​សាវតារ​ដី​ហ្នឹង​ដែរ ព្រោះ​ខ្ញុំ​មកកាន់​តំណែង​ក្រោយ​គាត់​រស់នៅ​លើ​ដី​ហ្នឹង​»​។ ភ្នំពេញ​ប៉ុស្តិ៍​មិន​ទាន់​អាច​ស្វែងរក​ប្រភព​ដើម្បី​ទាក់ទង​ប្រជាពលរដ្ឋ​ដែល​ផ្ទុះ​ការតវ៉ា និង​រង​ការចោទប្រកាន់​ពី​អំពើ​ហិង្សា​បាន​ទេ​កាលពី​ម្សិលមិញ​៕