សៀមរាបៈ សមត្ថកិច្ច​ខេត្ត​សៀមរាប​កំពុង​បើក​ការស្រាវជ្រាវ​រក​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ ដើម្បី​យកមក​ផ្តន្ទាទោស​តាមច្បាប់ បន្ទាប់ពី​ជន​នោះ​បាន​វាយ​សម្លាប់​ប្រពន្ធ​របស់ខ្លួន​នៅ​យប់​ថ្ងៃទី​ ១៩ ខែធ្នូ នៅ​ចំណុច​ផ្ទះ​កម្មករ ស្នាក់នៅ​ក្នុង​ក្រុម​ ២៧ ភូមិ​ក្រួស សង្កាត់​ស្វាយដង្គំ ក្រុង-ខេត្ត​សៀមរាប​។

លោក ដួង សុខា ប្រធានការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្ត​សៀមរាប បាន​ឱ្យដឹងថា មក​ដល់​រសៀល​ថ្ងៃទី​ ២០ ខែធ្នូ សមត្ថកិច្ច​នគរបាល​នៅ​មិនទាន់​ចាប់បាន​ជនសង្ស័យ​នៅឡើយ​ទេ​។

លោក សុខា ថ្លែងថា​៖ «​យើង​កំពុង​ស៊ើបអង្កេត​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ ទោះបី​ពេលនេះ​មិនទាន់​ចាប់បាន ប៉ុន្តែ​សមត្ថកិច្ច​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ​បាន​ហើយ​»​។

លោក អឿន ង៉ិក នាយរង​ប៉ុស្តិ៍នគរបាល​សង្កាត់​ស្វាយដង្គំ​បាន​ឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ ភួង ភាព អាយុ​ ៣៦ ​ឆ្នាំ​ មុខរបរ​កម្មករ​សំណង់​មាន​ស្រុកកំណើត​នៅ​ខេត្ត​កំពង់ចាម ចំណែក​ជនរងគ្រោះ​មាន​ឈ្មោះ ស៊ឹម សម្ព័ស ភេទ​ស្រី អាយុ​ ១៩ ​ឆ្នាំ​មុខរបរ​កម្មករសំណង់​ដូចគ្នា​មាន​ស្រុកកំណើត​នៅ​ភូមិ​ថ្មសិន សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត អ្នក​ទាំង ២ ​ជា​ប្តី​ប្រពន្ធ​នឹង​គ្នា​។

លោក ង៉ិក ដែល​បាន​ដកស្រង់​សម្តី​សាក្សី​នៅក្បែរ​កន្លែង​កើតហេតុ​បាន​ឱ្យដឹង​ថា ប្តី​ប្រពន្ធ​ ១ ​គូ​នោះ​តែង​ឈ្លោះប្រកែក​គ្នា​ជា​ញឹកញាប់ រហូត​ថ្ងៃ​កើតហេតុ​ម៉ោង​ប្រមាណ​ ៩ ​យប់ ជនសង្ស័យ​ជា​ប្តី​ក៏បាន​វាយ​ប្រពន្ធ ដោយ​ប្រើ​ដំបង និង​ដុំថ្ម វាយ​ចំក្បាល ចំណុច​សៀតផ្កា​បណ្តាល​ឱ្យ​ជនរងគ្រោះ​ស្លាប់​ក្នុង​ថ្លុកឈាម​។

របាយការណ៍​របស់​នគរបាល​ប៉ុស្តិ៍​សង្កាត់​ស្វាយដង្គំបញ្ជាក់​ថា មូលហេតុ​នៃ​រឿង​ឃាតកម្ម​នេះ​គឺ​បណ្តាល​មកពី​ការមាន​ទំនាស់​គ្នា​រវាង​ប្តី​ប្រពន្ធ​។ ក្នុងនោះ​តាម​ការពិនិត្យ​របស់​​សមត្ថកិច្ច​ជំនាញ​ទៅលើ​សាកសព​ស្ត្រី​រងគ្រោះ​បាន​សន្និដ្ឋានថា ជនរងគ្រោះ​ពិតជា​បាត់បង់​ជីវិត​ដោយសារ​ករណី​ឃាតករ វាយសម្លាប់​ពិតប្រាកដ​មែន​៕