ភ្នំពេញៈ អគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន បានបញ្ជាក់ពីម្សិលមិញថា មន្ទីរប្រឆាំងគ្រឿងញៀនបាននិងកំពុងធ្វើការស្រាវជ្រាវទៅលើករណីជនស៊ីវិល ដែលធ្វើសកម្មភាពចាប់គ្រឿងញៀន និងជំរិតទារប្រាក់នៅតាមដងផ្លូវ ជាថ្នូរនឹងការដោះលែងដោយលោកថា បានបញ្ជាឲ្យធ្វើការត្រួតពិនិត្យឡើងវិញនូវសកម្មភាពបង្ក្រាបគ្រឿងញៀននៅភ្នំពេញ។
ប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញ លោក នេត សាវឿន អះអាងថា លោកបានបញ្ជាឲ្យមន្ទីរប្រឆាំងគ្រឿងញៀនធ្វើការស្រាវជ្រាវទៅលើករណីជនស៊ីវិលដែលធ្វើសកម្មភាពចាប់គ្រឿងញៀន និងបង្ខាំងជំរិតទារប្រាក់ជាថ្នូរនឹងការដោះលែង។ សមត្ថកិច្ចនឹងត្រូវតែត្រួតពិនិត្យឡើងវិញនូវសកម្មភាពបង្ក្រាបគ្រឿងញៀននៅភ្នំពេញ។
លោកបញ្ជាក់ថា៖ «ខ្ញុំបានឲ្យមន្ទីរប្រឆាំងគ្រឿងញៀន គឺចាប់ផ្តើមពិនិត្យឡើងវិញរឿងហ្នឹង។ ឥឡូវហ្នឹងយើងកំពុងតែស៊ើបអង្កេតសិន។ នៅពេលដែលយើងធ្វើហើយ យើងនឹងធ្វើការវិនិច្ឆយ ដោយសារតែយើងទើបតែចាប់ផ្តើមធ្វើ យើងមិនអាចវិនិច្ឆយបានទេ»។ លោកឱ្យដឹងទៀតថាអគ្គស្នងការដ្ឋាននគរបាលនឹងចាត់វិធានការតាមវិន័យ និងច្បាប់ចំពោះបុគ្គល ឬមន្ត្រីណា ដែលបានស្ទាក់ចាប់មនុស្សយកទៅវាយខ្នោះ និងបង្ខាំងជំរិតទារប្រាក់ជាថ្នូរនឹងការដោះលែងក្រោមហេតុផលថា ជនរងគ្រោះទាំងនោះជាអ្នកប្រើប្រាស់គ្រឿងញៀន ឬក៏ជួញដូរគ្រឿងញៀន។
លោកថា៖ «ឲ្យតែរកឃើញថាមានបទល្មើស យើងនឹងយកច្បាប់ និងវិន័យមកដាក់ទោសហើយ»។
ជាមួយគ្នានេះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកាលពីថ្ងៃទី ៤ ខែវិច្ឆិកា បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនបកស្រាយបំភ្លឺពាក់ព័ន្ធករណីជនស៊ីវិលមួយក្រុមតែងតែធ្វើសកម្មភាពចាប់គ្រឿងញៀននៅម្តុំបឹងកក់នោះ គឺមិនមែនជាសមត្ថកិច្ចរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនោះទេ។
ប៉ុន្តែស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញក្នុងនាមជាសមត្ថកិច្ចទទួលខុសត្រូវក្នុងដែនដីរាជធានីភ្នំពេញនឹងធ្វើការស្រាវជ្រាវ បង្ការ ទប់ស្កាត់មិនឲ្យក្រុមជនស្លៀកស៊ីវិលទាំងនោះបង្កបញ្ហាទាំងនេះទៀតឡើយ។ កម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តែងតែគោរពបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ថ្នាក់ដឹកនាំ មិនដែលទៅធ្វើសកម្មភាពអ្វីមួយដែលខុសពីការណែនាំ ឬក៏ភារកិច្ចនោះទេ។
ទំព័រហ្វេសប៊ុកដដែលបញ្ជាក់ថា៖ «ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនឹងធ្វើការសហការជាមួយអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដើម្បីចាត់វិធានការមិនឲ្យករណីនេះកើតឡើងទៀតឡើយ»។
ការប្រកាសដាក់វិធានការនេះកើតមានឡើងបន្ទាប់ពីបុរសម្នាក់ដែលប្រើប្រាស់គណនី Facebook ឈ្មោះ Visal Peth កាលពីថ្ងៃទី ៣ ខែតុលា បានបង្ហោះជាវីដេអូមួយសរសេរថា មានមិត្តរួមការងារម្នាក់ត្រូវគេធ្វើស៊ីនៅបឹងកក់អស់ $2 500 បន្ទាប់ពីមិត្តរបស់ខ្លួនបានជិះម៉ូតូតាមផ្លូវនោះ។ នៅចំណុចផ្លូវបឹងកក់ត្រូវបានមនុស្សមួយក្រុមដែលមានឯកសណ្ឋានស៊ីវិល កាន់អាយកូម និងមានស្លាកលេខម៉ូតូនគរបាលបានជិះមកស្ទាក់ចាប់វាយខ្នោះបញ្ជូនទៅប៉ុស្តិ៍ប៉ូលិស។
លោកថា៖ «គេចោទគាត់ថា ជាអ្នកទៅទិញ (គ្រឿងញៀន)។ គាត់មិនហ៊ានប្រកែកទេ ដោយសារគាត់ខ្លាចគេ ហើយធ្វើតាមគេទាំងអស់ ហើយគេធ្វើស៊ីគាត់អស់ ២ ៥០០ ដុល្លារ»។
លោកបន្ថែមថា៖ «មិនមែនតិចនាក់ទេ ដែលត្រូវបានគេធ្វើស៊ី ពីព្រោះពេលខ្ញុំជិះម៉ូតូទៅផ្ទះ ខ្ញុំឧស្សាហ៍ឃើញគេចាប់ ហើយវាយយកតែម្តងនៅកណ្តាលផ្លូវហើយបើគាត់ប្រកែកគេវាយថែមតែម្តង។ នៅពេលដែលពួកគេទៅតាម ពួកគេត្រូវឲ្យលុយដើម្បីដោះលែង»។
ម្ចាស់គណនី Facebook ខាងលើក៏បានសំណូមពរដល់សមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសគឺលោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាជួយបើកការស៊ើបអង្កេតលើករណីនេះផង។
សារព័ត៌មានក្នុងស្រុកមួយឲ្យដឹងថា មានពាក្យបណ្តឹងមួយដែលគោរពជូនលោកឧត្តមសេនីយ៍ឯក ស ថេត ដោយបានរៀបរាប់ពីដំណើររឿងស្រដៀងគ្នានេះ។ ពាក្យបណ្តឹងនោះរៀបរាប់ថាកាលពីថ្ងៃអាទិត្យទី ២០ ខែ តុលា ឆ្នាំ ២០១៩ វេលាម៉ោង ១១ ព្រឹក ពួកគេបានជិះម៉ូតូចេញពីការដ្ឋានត្រឡប់មកផ្ទះវិញ មកដល់ត្រង់ចំណុចខាងក្រោយវត្តនាគវ័ន ស្រាប់តែមានមនុស្សប្រុសមួយក្រុមមាន ៦ ទៅ ៧ នាក់ ស្លៀកពាក់ស៊ីវិលមិនបានបញ្ជាក់ថា ជាប៉ូលិសខាងណានោះទេ បានមកស្ទាក់ចាប់ពួកគេ។
ពាក្យបណ្តឹងបញ្ជាក់ថា៖ «មានម៉ូតូ ៣ គ្រឿងទៀត មកស្ទាក់ពីក្រោយហើយក៏បានវ៉ៃខ្នោះពួកគេទាំង ២ នាក់។ ក្រុមបុរសខាងលើស្ទុះមកវាយលើពួកគេតែម្ដង ដោយវាយចំនួន ៣ ដៃ និងឡើងជង្គង់ត្រង់ពោះ ២ ដង ហើយក៏ធ្វើការឆែកឆេរពួកគេហើយក៏ចោទពួកគេថាជាអ្នកប្រើប្រាស់គ្រឿងញៀន ទាំងដែលពួកគេមិនបានប្រើប្រាស់ទាល់តែសោះ»។
ពាក្យបណ្តឹងបន្តថា បន្ទាប់ពីចោទដូចនេះហើយស្រាប់តែមានបុរសម្នាក់ទៀតជិះម៉ូតូឌីមហុងដា ហុចគ្រឿងញៀន ១ កញ្ចប់តូច ឱ្យពួកគេទាំង ២ នាក់។ បុរសនោះប្រាប់ឱ្យកាន់ ហើយថតដោយគំរាមថា បើមិនព្រមកាន់គ្រឿងញៀនឲ្យថតទេនោះនឹងវាយពួកគេឲ្យងាប់។ ពួកគេទាំង ២ នាក់ បានប្រកែកមិនព្រមតាម ក៏ត្រូវជនទាំងនោះវាយពួកគេទាំង ២ នាក់យ៉ាងដំណំ រហូតដល់ទ្រាំមិនបាននឹងភាពឈឺចាប់ ក៏ព្រមកាន់គ្រឿងញៀនឲ្យថតតាមការគំរាម។ ពួកគេយល់ព្រមឲ្យលុយ ៨០០ ដុល្លារ ជាថ្នូរនឹងការដោះលែង។
លោក មាស សុវណ្ណ ប្រធានសមាគមសង្គ្រោះជនរងគ្រោះដោយគ្រឿងញៀនកម្ពុជាបានថ្លែងថា ពិតជាមានករណីដែលជនស៊ីវិលធ្វើសកម្មភាពចាប់គ្រឿងញៀន បង្ខាំងជំរិតទារប្រាក់ជាថ្នូរនឹងការដោះលែងមែន។ លោកថា នេះធ្វើឲ្យប៉ះពាល់ដល់ការខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋដែលទាមទារឲ្យសមត្ថកិច្ចធ្វើការស្វែងរកការពិត ថាតើពួកគេគឺជាសមត្ថកិច្ច ឬក៏ជនស៊ីវិលធម្មតា។
លោកបានបញ្ជាក់ថា៖ «វាគឺជាចោរចាប់ជំរិតយកលុយ។ សមត្ថកិច្ចចុះបង្ក្រាប គេមានអាជ្ញាធរមូលដ្ឋាន និងមន្ត្រីតុលាការ ហើយមានដីកាត្រឹមត្រូវ។
វាធ្លាប់កើតមានករណីបែបហ្នឹង តែយើងមិនដឹងពួកគេ គឺជាសមត្ថកិច្ច ឬក៏មិនមែនសមត្ថកិច្ចទេ ដូច្នេះហើយត្រូវធ្វើការស្រាវជ្រាវដើម្បីស្វែងរកថា តើពិតជាមានសមត្ថកិច្ចបន្លំខ្លួនមែនដែរឬទេ»។
លោកឧត្តមសេនីយ៍ឯក ស ថេត បានទទួលស្គាល់ថា ពិតជាមានករណីដែលជាជនស៊ីវិលចុះចាប់គ្រឿងញៀនដោយស្ទាក់ចាប់មនុស្ស និងជំរិតទារប្រាក់ជាថ្នូរនឹងការដោះលែងមែន។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្លាប់បានបង្គ្រាបនាពេលកន្លងទៅ។ លោកអះអាងថា ពេលខ្លះទៀតក៏មានមន្ត្រីខ្លះចុះបង្ក្រាបគ្រឿងញៀនបានធ្វើហួសដែនសមត្ថកិច្ច។
លោកបានបញ្ជាក់ថា៖ «ជួនកាលអ្នកដែលចុះមកហ្នឹង វាធ្វើលើស ឬហួសចំពោះការងារអង្គភាព។ ដូច្នេះហើយបានជាយើងធ្វើការណែនាំគាត់មិនឲ្យអនុវត្តបែបនេះតទៅទៀតទេ។ អ្នកខ្លះ (ជនរងគ្រោះ) បានទាក់ទងមកក្នុងហ្វេសប៊ុករបស់ស្នងការនគរបាលរាជធានីភ្នំពេញកន្លងទៅ ហើយក៏យើងបានចាត់ការ ១ លើក ២ (លើក) រួចហើយដែរ»។
បើយោងតាមមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃបានឲ្យដឹងថា សរុបលទ្ធផលនៃការអនុវត្តច្បាប់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០១៩ សមត្ថកិច្ចបានបង្ក្រាប ២៣ ៤៦៣ ករណី។ ឃាត់ខ្លួន ៤៩ ៤៩៤ នាក់ ស្រី ៣ ៩៦៧ នាក់ រឹបអូសគ្រឿងញៀន ១ ១២១ គីឡូក្រាម។ បទល្មើសជួញដូររក្សាទុក ដឹកជញ្ជូន បង្ក្រាបបាន ១៤ ៦៥៦ ករណី។ ឃាត់ខ្លួនបាន ២៦ ៩១៥ នាក់ ស្រី ២ ៧១៧ នាក់៕
វីដេអូ៖