កំពង់ឆ្នាំងៈ នគរ​បាល​ស្រុក​សាម​គ្គីមា​នជ័យ​ក្នុង​ខេត្ត​កំព​ង់ឆ្នាំង​កំពុង​​​ស្រាវ​ជ្រាវ​រក​មូល​ហេតុ​ពិតនៃកា​រ​ឆេះ​ខ្ទ​មចាំស្រែដែល​បណ្ដាល​ឲ្យ​ស្រ្តី​ចំណាស់​ម្នាក់​ស្លាប់​​កាល​​ពី​ថ្ងៃទី ​២១ ​មិថុនា ​ឆ្នាំ​ ២០២០​ នៅ​ភូមិ​គ្រាំ​ក​ន្ទ្រោ​លឃុំ​ពាម ស្រុក​សាមគ្គី​មាន​ជ័យ​​ ខណៈ​​សមត្ថ​កិច្ច​មិនទាន់អាចសន្និ​ដ្ឋានបាននៅឡើយ ប៉ុន្តែបានផ្ដោត​លើ​ធ្វេស​ប្រហែស​របស់​ជន​រង​គ្រោះច្រើ​ន​ជាងមូ​ល​ហេតុ​ផ្សេ​ង។

លោក​ សេង​ ចិន្តា​ អធិ​ការ​នគរ​បាល​ស្រុក​សាមគ្គី​មាន​ជ័យ​ប្រាប់​នៅថ្ងៃទី ​២៣ ​មិថុនា​ នេះ​ថា ​ស្រ្តីរ​ងគ្រោះ​ឈ្មោះ ​ជា ​ថន​ អាយុ​ ៥៦ ឆ្នាំ​។ គាត់​មាន​ប្តី​និង​កូន​រស់​នៅ​​ក្នុង​ភូមិ​-ឃុំ​កើត​ហេតុ​ខាង​លើ។ ​​រីឯមូលហេ​តុ​នៃការឆេះ​នេះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ដើម្បី​ឲ្យដឹង​ថា​តើ​គាត់​ត្រូវ​បាន​គេ​ដុត​សម្លាប់ឬ​មួយ​ស្លាប់​ដោយ​សារការ​ធ្វេស​ប្រហែស​ខ្លួន​ឯង។

លោក​ថា​​៖​ «បើ​តាម​មន្រ្តីជំ​នាញ​​កោស​ល្យ​វិច័យ​សន្និដ្ឋាន​ថា​បើករណី​ឃាតកម្ម​គឺ​មាន​វត្ថុតាង​ដូច​ជា​គំនរឈើ​គរ​​នៅទីនោះ​តែ​ករណីនេះ​មើល​ទៅ​គ្មាន​ទេ​។ ប៉ុន្តែ​យ៉ា​ងណា​សមត្ថ​កិច្ច​យើង​កំពុង​ស្រាវ​ជ្រាវ​ហើ​យ​​»។

លោក​បាន​ឲ្យដឹង​ថាស្រ្តី​រងគ្រោះ​ជា​មនុស្ស​ញៀនស្រា​​ដែលស​មត្ថកិច្ច​ក៏​​​សន្និ​ដ្ឋាន​ដែរ​ថា ​ពេលកើ​ត​ហេតុ​​អាចជ​នរង​គ្រោះផឹក​ស្រា​ហើយបង្កាត់​ភ្លើង​ចោល​នៅ​ចង្ក្រាន​រួច​ដេក​លក់​ក៏​អាច​ថា​បាន​។ ប៉ុន្តែ​នេះគ្រា​​ន់​​តែ​ជាកា​រស​ន្និ​ដ្ឋាន​ប៉ុណ្ណោះ​​រីឯមូ​លហេ​តុពិ​តយ៉ាង​ណានោះ​​សម​ត្ថកិច្ច​កំពុង​បន្ត​ស្រាវ​ជ្រាវ​ តែ​សាក​សព​​គ្រាន់​តែឆេះ​​រោល​ខ្លួន​មិ​នមែ​ន​ឆេះសុស​សាច់​​អ​ស់​ទេ​​។​​

លោក​ សៅ ​វ៉ាន់​ នាយ​នគ​របាល​ប៉ុស្តិ៍​ពាម​បាន​ប្រាប់​តាម​សម្ដី​សាក្សី​ថា​ ពីភូមិ​ទៅ​កន្លែង​កើត​ហេតុ​មាន​ចម្ងាយ​ប្រហែល​​ ៦​ គីឡូម៉ែ​ត្រ​ ហើយ​នៅទី​នោះ​​មាន​តែ​ខ្ទម​ចាំ​ស្រែ​របស់​ស្រ្តីរ​ងគ្រោះ​​មួយទេ​។ មុន​កើត​ហេតុ​ថ្ងៃទី​ ២១​ មិថុនា​ គេ​បាន​ឃើញ​ស្រ្តីរ​ងគ្រោះ​ចេញពី​ភូមិ​ទៅ​ខ្ទម​ចាំ​ស្រែ​នៅ​ម៉ោង​ប្រហែល​​ ៨ ព្រឹក​។ លុះ​ដល់​ម៉ោង ​៧​ និង​ ១៥ នាទី​​យប់​ ទើប​លោក​ទទួលបា​ន​ព័ត៌មា​នថា​ជន​រង​គ្រោះ​ត្រូវ​ភ្លើង​ឆេះ​ស្លាប់​នៅចន្លោះ​ម៉ោង​ជា​ង ៣ ​រសៀល​។

លោក​បន្ត​ថា ​បន្ទាប់​ពី​ទទួល​ព័ត៌មាន​នេះលោក​បាន​ដឹក​នាំ​កម្លាំ​ងចុះ​ទៅ​កន្លែង​កើត​ហេតុ​​​ហើយ​បាន​ឃើញ​ស្រ្តីរងគ្រោះ​ដេកស្លាប់​​ក្នុង​ភ្នក់​ភ្លើង​។ លោក​ថា ខ្ទ​មឈើ​​នោះ​មាន​ទំហំតូ​ចទេ​តែ​បានឆេះ​​អស់ដែល​អាច​បង្ក​ឲ្យស្លាប់​មនុស្សបាន។​ ប៉ុន្តែករ​ណី​នេះសមត្ថ​កិច្ច​នៅមិន​ទាន់​ដាក់កា​រសង្ស័យ​លើ​អ្វី​មួយ​ឬក៏វា​យត​ម្លៃ​ឲ្យ​ប្រាក​ដនៅ​ឡើយទេ ​ខណៈ​​នៅកំ​ពុង​ស្រាវ​ជ្រាវ​នោះ។​​

​លោកថា​៖ «នៅថ្ងៃ​នោះ​គេ​បានឃើញគាត់​ទៅ​​ខ្ទមចាំ​ស្រែ​តែម្នាក់​ឯង​ទេ​ហើយ​ប៉ុន្មាន​ម៉ោង​ក្រោយ​មក​ក៏​មាន​ដំ​ណឹង​ថា​​គាត់​ឆេះ​ភ្លើង​ស្លាប់​»​។​

លោក​បញ្ជាក់​ដែរថា ​បន្ទាប់​ពី​កើតហេតុ​​​ លោក​ស្នង​ការនគរបាល​ខេត្តកំព​ង់ឆ្នាំង​​ ខូវ​ លី​ បាន​បញ្ជា​ឲ្យ​កម្លាំង​របស់លោក​​យាម​នៅ​ទីនោះ​ ១​ យប់​​ ដើម្បី​តាមដាន​ករណីនេះ។ លុះ​ព្រឹកថ្ងៃ​ទី​ ២២​ មិថុនា​ មន្រ្តី​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​បានចុះ​ទៅ​ពិនិត្យ​សភាព​ជាក់​ស្តែង​ដល់​កន្លែង​កើតហេតុ​។​ លោកថា៖ «ខ្ទម​ចាំស្រែ​នោះ​នៅ​ក្នុង​ព្រៃ​ ហើយនៅ​ម្តុំ​នោះ​គ្មាន​គេ​នៅ​ជិ​តគា​ត់​ទេ​»៕