ភ្នំពេញៈ សមត្ថកិច្ច​ពន្ធនាគារ និង​អាជ្ញាធរ​ពាក់ព័ន្ធ​បាននិង​កំពុង​ស៊ើបអង្កេត​ករណី​ស្លាប់​អ្នកទោស​ម្នាក់ និង​ ១៥ ​នាក់​ទៀត​ធ្លាក់ខ្លួន​ឈឺ​ក្នុង​ពន្ធនាគារ​ (​ម៤) ​នៅ​ស្រុក​តាលោសែនជ័យ ខេត្ត​ពោធិ៍សាត់​ដោយសារ​ផឹក​អាល់កុល​លាយ​ភេសជ្ជៈ​តែ​មិនទាន់​បង្ហាញ​លទ្ធផល​ទេ ខណៈ​មន្ត្រី​សង្គម​ស៊ីវិល​សង្ស័យ​ពី​ការធ្វេសប្រហែស​របស់​មន្ត្រី និង​ស្នើឲ្យ​ស៊ើបអង្កេត​បាន​ច្បាស់លាស់​។

យោងតាម​របាយការណ៍​អង្កេត​របស់​សមត្ថកិច្ច​នគរបាល​ស្រុក​តាលោសែនជ័យ​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​កាលពី​ថ្ងៃ​ទី​ ១ ​កក្កដា ករណី​អ្នកទោស​នាំគ្នា​ផឹក​អាល់កុល​លាយ​ភេសជ្ជៈ​កូកាកូឡា ខារ៉ាបាវ និង​កាហ្វេ​កញ្ចប់​បណ្ដាល​ឲ្យ​ពុល​ស្លាប់​ម្នាក់ និង​ ១៥ ​នាក់​ទៀត​បាន​ធ្លាក់ខ្លួន​ឈឺ​នេះ​បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃទី​ ២៧ ខែមិថុនា ឆ្នាំ​ ២០២០​។

របាយការណ៍​នោះបាន​បញ្ជាក់ថា បុរស​ជា​ទណ្ឌិត​ដែល​បាន​ស្លាប់​នោះ​ឈ្មោះ យ៉ា រិទ្ធ អាយុ ២៥ ​ឆ្នាំ​ជាប់ចោទ​ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការប្រើ​ដាវ​ជា​អាវុធ​គំរាម​យក​ម៉ូតូ​ជនរងគ្រោះ​ប្រព្រឹត្ត​ពី​ថ្ងៃ​​ទី​ ១០ ខែ​ឧសភា ឆ្នាំ​ ២០១៧​។

បុរស​រូបនេះ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន និង​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ (​ម៤) ​តាម​អំណាច​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​របស់​លោក​ ស្វាញ តុច ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​ពោធិ៍សាត់​ចុះ​ថ្ងៃទី​ ២៧ ខែឧសភា ឆ្នាំ​ ២០២០​។

របាយការណ៍​នោះ​ក៏បាន​លើក​យក​​ចម្លើយ​របស់​លោក សាន បុរី អាយុ​ ៤០ ​ឆ្នាំ ជា​ប្រធាន​បន្ទប់​ H២ ​នៃ​ពន្ធនាគារ​ (​ម​៤) ​ដែល​បាន​បំភ្លឺ​ដល់​សមត្ថកិច្ច​នគរបាល​យុត្តិធម៌​ពីថ្ងៃ​ទី​ ២៨ ខែ​មិថុនា ឆ្នាំ​ ២០២០ មក​បញ្ជាក់​ផងដែរ​ថា​៖ «​នៅ​ចន្លោះ​ម៉ោង​ ១៧-១៨ ​ល្ងាច​ថ្ងៃទី​ ២៦ ខែមិថុនា ឆ្នាំ​ ២០២០ ទណ្ឌិត​ឈ្មោះ យ៉ា រិទ្ធ បាន​លួច​យក​អាល់កុល​ពី​មុខ​អគារ​ចូលក្នុង​បន្ទប់ ហើយ​បាន​លាយ​ជាមួយ​ភេសជ្ជៈ​កូកាកូឡា​,​ខារ៉ាបាវ និង​កាហ្វេនេសស្លេ រួច​ក៏​នាំគ្នា​ផឹក​។

លុះ​មកដល់​ថ្ងៃទី​ ២៧ ខែមិថុនា​ ​ឆ្នាំ​ ២០២០ វេលា​ម៉ោង​ ១៧ និង​ ០២ ​នាទី ទណ្ឌិត​រូបនេះ​ក៏​មាន​អាការ​ចុកពោះ ក្អួត​អស់​កម្លាំង ហើយ​ត្រូវបាន​មន្ត្រី​ពន្ធនាគារ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្តពោធិ៍សាត់​ដើម្បី​ព្យាបាល​។ ​ប៉ុន្តែ​ដោយ​អាការ​ជំងឺ​ធ្ងន់ធ្ងរ​ពេក​ក៏បាន​ស្លាប់​នៅ​​វេលា​ម៉ោង​ ២១ និង​ ២០ ​នាទី​យប់​ថ្ងៃខែ ឆ្នាំ​ដដែល​»​។

យ៉ាងណា​ក៏ដោយ​នៅ​ថ្ងៃ​ចុះ​អង្កេត​នោះ​ (​ថ្ងៃទី​ ២៨ ខែមិថុនា ឆ្នាំ​ ២០២០) ​ក្រុម​គណៈកម្មការ​បច្ចេកទេស​កោសល្យវិច័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ពោធិ៍សាត់​មិនបាន​រកឃើញ​សំណាក​​អ្វី​គួរ​ឲ្យ​កត់សម្គាល់​នៅ​កន្លែង​កើតហេតុ​ទេ​ «​ព្រោះ​នៅ​កន្លែង​កើតហេតុ​មាន​​ការប្រែប្រួល​បាត់​សភាព​ដើម ដូចជា​សម្ភារ​ដែល​ជនរងគ្រោះ​ប្រើ​បាន​បាត់​»​។

លោក សឹង សែនករុណា អ្នកនាំពាក្យ​សមាគម​សិទ្ធិមនុស្ស​អាដហុក​នៅ​ថ្ងៃទី​ ១​ កក្កដា​បាន​ចាត់ទុក​ករណី​នេះ​ថា ជាការ​ធ្វេសប្រហែស​របស់​មន្ត្រី​ពន្ធនាគារ​​ដែល​បណ្ដែតបណ្ដោយ​ឲ្យ​មាន​ជនរងគ្រោះ​ជា​ទណ្ឌិត​ស្លាប់​។

លោក​ថ្លែងថា​៖ «​យើង​ចង់​ឲ្យ​គ្រប់​បណ្ដា​អង្គភាព​ទាំងអស់​មិន​ចំពោះ​តែ​​ពន្ធនាគារ​នោះទេ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​កុំ​ឲ្យ​មាន​ករណី​បែបនេះ​កើតឡើង​​ជាថ្មីទៀត​។ ​ត្រូវ​ចាត់វិធានការ​ស្រាវជ្រាវ​លើ​ករណី​នេះ​ឲ្យ​បាន​ច្បាស់​ថា តើ​វា​កើតឡើង​បាន​យ៉ាង​ដូចម្ដេច ព្រោះ​​ករណី​នេះ​បង្ហាញ​ពី​ភាព​ធ្វេសប្រហែស ​ឬ​ខ្វះចន្លោះ​របស់​អនុរក្ស​ពន្ធនាគារ ដែល​បណ្ដោយ​ឲ្យ​មាន​ករណី​កើតឡើង រហូត​បណ្ដាល​ឲ្យ​មាន​ជនរងគ្រោះ​ជា​ទណ្ឌិត​ស្លាប់ និង​មាន​ជំងឺ​»​។

ជុំវិញ​ករណីនេះ​លោក នុត សវនា អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​បាន​ថ្លែង​កាលពី​ថ្ងៃទី​ ១ កក្កដា​ថា ករណី​នេះ​ក្រុម​អធិការកិច្ច​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​បាន​សហការ​ជាមួយ​ប្រធាន​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់ និង​អាជ្ញាធរ​ពាក់ព័ន្ធ​មួយ​ចំនួន​បាន​ចុះ​ស្រាវជ្រាវ​ហើយ ប៉ុន្តែ​នៅ​មិនទាន់​បាន​របាយការណ៍​អំពី​លទ្ធផល​នៃ​ការចុះ​អង្កេត​ស្រាវជ្រាវ​នេះ​មកកាន់​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៅឡើយ​ទេ​។

លោក​បាន​ថ្លែងថា​៖ «​ក្នុង​ករណី​រកឃើញថា ជា​កំហុស​ដោយ​ចេតនា​របស់​មន្ត្រី​ពន្ធនាគារ​ដែល​បង្ក​ឲ្យ​មាន​ករណី​នេះ​កើតឡើង​រហូត​បណ្ដាល​ឲ្យ​ទណ្ឌិត​ស្លាប់​នោះ​នឹង​ត្រូវ​រង​ពិន័យ​ដោយ​បណ្ដេញ​ចេញ​ពី​ក្របខ័ណ្ឌ​មន្ត្រី​​នគរបាលជាតិ​។ ក៏ប៉ុន្តែ​ប្រសិន​បើ​ជា​កំហុស​ដោយ​អចេតនា​គឺ​រង​ពិន័យ​ព្យួរការងារ​មួយរយៈ ឬ​ដកហូត​ស័ក្តិ​ ១ ​កម្រិត តែ​បើ​កំហុស​តិចតួច គឺ​ពិន័យ​ដោយ​ស្ដីបន្ទោស ឬក៏​ព្រមាន​ជា​លាយលក្ខណ៍អក្សរ​»៕