ត្បូងឃ្មុំៈ មន្ត្រី​នគរបាល​ខេត្ត​ត្បូងឃ្មុំ​កំពុង​ស្រាវជ្រាវ​រក​ចាប់ខ្លួន​ជនសង្ស័យ ដែល​វាយប្រហារ​ទៅលើ​អ្នកសារព័ត៌មាន​ចំនួន​ ៤ ​នាក់​ បណ្តាល​ឱ្យ​រងរបួស​ម្នាក់ និង​ខូចខាត​រថយន្ត​កាលពី​រំលង​អធ្រាត្រ​ថ្ងៃទី​ ២៧ ខែ​កញ្ញា ដើម្បី​ចាត់ការ​តាម​នីតិវិធី​។

លោក​ បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា កម្លាំង​សមត្ថកិច្ច​នគរបាល​កំពុង​ស៊ើបអង្កេត​មិនទាន់​មាន​អ្វី​ច្បាស់​ដែល​អាច​ប្រាប់​អ្នកសារព័ត៌មាន​បានទេ​។ ប៉ុន្តែ​ថា ជនរងគ្រោះ​ជា​អ្នក​មកពី​ខេត្ត​ផ្សេង មិនមែន​ជា​អ្នក​នៅ​ខេត្ត​ត្បូងឃ្មុំ​ទេ​។

លោក​ស្នងការ​ថា​៖ «​ពួកគាត់​តាម​គ្នា​មកពី​ស្នួល​ពី​អី​ណា​ណោះ មិនមែន​អ្នក​នៅក្នុង​ខេត្ត​នេះ​ទេ ហើយ​ពួកគាត់​ទាំងនោះ​តាម​ដឹង​មាន​គ្នា​ ៤ ​នាក់​ ប៉ុន្តែ​ឃើញ​មក​ដាក់ពាក្យ​បណ្តឹង​តែ​ ២ ​នាក់​ទេ​»​។

អធិការ​ស្រុក​មេមត់​លោក​ ហុង គឹមហឿន ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា សមត្ថកិច្ច​មិន​ទាន់​អាច​កំណត់​អត្តសញ្ញាណ​បាន​នៅឡើយ​ទេ​។ ពេលនេះ​កំពុង​សិក្សា​សំណុំរឿង​មិន​អាច​បរិយាយ​បាន​ទេ ដើម្បី​រក្សា​ការសម្ងាត់​របស់​នគរបាល​ក្នុង​ការស្វែងរក​ជនដៃដល់​។

លោក​ប្រាប់ថា​៖ «​សូម​អធ្យាស្រ័យ​ពេលនេះ​នៅ​មិនទាន់​អាច​បញ្ជាក់​ប្រាប់ថា យ៉ាងណា​បាន​នោះទេ ចាំមើល​ពេល​ខ្ញុំ​ប្រមូលផ្តុំ​សំណុំរឿង​ចប់ វែកមុខ​ឃើញ​ទើប​អាច​បរិយាយ​បាន​»​។ ទោះយ៉ាង​ណា​លោក​អធិការ​ឱ្យដឹងថា ជនរងគ្រោះ​ដែល​ចូលខ្លួន​មក​ដាក់ពាក្យ​មាន​ទី​​១ ឈ្មោះ​ រ៉េន សំណាង ជា​អ្នកព័ត៌មាន​នៃ​គេហទំព័រ​ភ្នែកម្នាស់ និង​ម្នាក់ទៀត​ឈ្មោះ​ តេង ណូរិន មកពី​សារព័ត៌មាន​គេហទំព័រ​ឦសាន​ប៉ុស្តិ៍​។

លោក​ រ៉េន សំណាង ជា​អ្នកព័ត៌មាន​នៃ​គេហទំព័រ​ភ្នែកម្នាស់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ពី​ម្សិលមិញ​ថា​ក្នុង​ពេល​ក្រុម​លោក​ធ្វើដំណើរ​ពី​ស្រុក​ស្នួល​ទៅកាន់​រាជធានី​ភ្នំពេញ​មក​ដល់​ប៉ុស្តិ៍​ទិស​ចំណុច​ផ្លូវបំបែក​ចូល​ទៅ​ច្រកទ្វារ​ព្រំដែន​ [​បឹងជ្រោង​] ក៏​ឈប់​សម្រាក​ព្រោះ​អស់កម្លាំង​។

បើ​តាម​លោក​ សំណាង ពេល​កំពុង​ដេកលក់​ដល់​ម៉ោង​ប្រហែល​ ១២ និង​ ៣០ ​នាទី រំលង​អធ្រាត្រ ក៏​ឮ​សំឡេង​គេ​វាយ​កញ្ចក់​ឡាន​។ ពេលនោះ​លោក​ស្ទុះ​ងើបឡើង​បាន​ឃើញ​ឡាន​សាំងយ៉ុង​ពណ៌​ខៀវ ១ ​គ្មាន​ស្លាក​លេខ និង​មាន​គ្នា​ ៥ ​ទៅ ៦ ​នាក់ ប្រដាប់​ដោយ​ពូថៅ ដំបង និង​ញញួរ​កំពុង​វាយ​ឡាន​របស់​គាត់ ហើយ​ត្រូវ​ទាំង​ខ្លួន​គាត់​ទៀតផង​។

អ្នកសារព័ត៌មាន​រូប​នេះ​និយាយ​ថា​៖ «​ពួកគេ​បាន​វាយ​ឡាន​ខ្ញុំ ហើយ​វាយ​ត្រូវ​ទាំង​ខ្ញុំ​ទៀត ហើយ​ខ្ញុំ​បាន​ព្យាយាម​បើកឡាន​រត់គេច​បាន​ប្រហែលជា​ ១ ​គីឡូ ឃើញ​ពួកគេ​បើកឡាន​តាម​កៀរ​ឡាន​ខ្ញុំ ទម្លាក់​ផ្លូវ​ទៀត​។ ប៉ុន្តែ​កៀរ​មិនបាន​សម្រេច ដោយសារ​ខ្ញុំ​ជាន់​ហ្វ្រាំង​ធ្វើឱ្យ​ពួកគេ​ជា​អ្នក​ដេញ​ជ្រុល​ចង្កូត​ឡាន​ធ្លាក់​ផ្លូវ​ខ្លួនឯង ហើយ​ខ្ញុំ​ក៏​បើក​រត់គេច​ផុត​ទៅ​»​។

បើ​តាម​លោក​ សំណាង គឺ​អ្នកសារព័ត៌មាន​រងគ្រោះ​ក្នុង​ហេតុការណ៍​នោះ​មាន​ ៤ ​នាក់ ជិះ​រថយន្ត ២ ​គ្រឿង​។ ប៉ុន្តែ​រងរបួស​តែ​លោក​ម្នាក់​ទេ​ដោយសារ​ជនបង្ក​បាន​វាយ បែក​កញ្ចក់ ហើយ​យក​គល់​ឈើបុក​ត្រូវចំ​ឆ្អឹងជំនីរ​ខាងឆ្វេង​ និង​ដៃ​។

លោក​ថា​៖ «​រថយន្ត​របស់ខ្ញុំ​ខូចខាត​ជាង​ ៦០ ​ភាគរយ ចំណែក​រថយន្ត​ ១ ​ទៀត​ជិះ​គ្នា​ ២ ​នាក់​ គឺ​លោក រ៉ាន ខោន អ្នកព័ត៌មាន ឦសាន​ប៉ុស្តិ៍ និង​លោក​ មួក សារ៉ែន អ្នក​សារព័ត៌មាន​ចក្រភព​ព័ត៌មាន​បាន​បែក​កញ្ចក់​មុខ​ និង​កញ្ចក់​ឆ្វេង​ស្តាំ​»៕