បន្ទាយមានជ័យ៖ សមត្ថកិច្ច​នគរបាល​ខេត្ត​បន្ទាយមានជ័យ កំពុង​ស្រាវជ្រាវ​រក​ចាប់​ខ្លួន​ជន​សង្ស័យ ២ នាក់ ជា​មេ​ខ្លោង​ពាក់ព័ន្ធ​ករណី​នាំ​ពលរដ្ឋ​បម្រុង​លួច​ឆ្លង​ដែន​ខុស​ច្បាប់​ទៅ​ធ្វើ​ការ​នៅ​ថៃ បន្ទាប់​ពី​ឃាត់​ខ្លួន​បាន ៤ នាក់ ក្នុង​នោះ​មាន​ទាំង​ក្មេង​ជំទង់​ម្នាក់ និង​កុមារី​ម្នាក់​ផង​ដែរ។

តាម​ការ​ផ្សព្វផ្សាយ​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ឲ្យ​ដឹង​ថា កម្លាំង​ចម្រុះ​ដែល​ឈរ​ជើង​តាម​បន្ទាត់​ព្រំដែន​ រួម​មាន​នគរបាល​ការពារ​ព្រំដែន​គោក​លេខ ៩១១ កម្លាំង​កងពល​តូច​ថ្មើរ​ជើង ៥១ និង​កម្លាំង​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត បាន​ឃាត់​ខ្លួន​ពលរដ្ឋ ៤ នាក់ ក្នុង​ពេល​កំពុង​បម្រុង​លួច​ឆ្លងដែន​ចូល​ទៅ​ប្រទេស​ថៃ ខុស​ច្បាប់​តាមរយៈ​ការ​អូស​ទាញ​ពី​មេ​ខ្យល់។

លោក រស់ ពិសិដ្ឋ នាយ​ប៉ុស្តិ៍​​នគរបាល​ការពារ​ព្រំដែន​គោក លេខ ៩១១ បាន​ឲ្យ​ដឹង​ថា ការ​ឃាត់​ខ្លួន​នេះ​បាន​ធ្វើ​ឡើង​កាល​ពី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ២០២១ នៅ​ចំណុច​ស្តារ​វីឡា ស្ថិត​ក្នុង​ភូមិ​ព្រៃព្រិច សង្កាត់/ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។

បើ​តាម​លោក រស់ ពិសិដ្ឋ ក្រោយ​ពី​បាន​ឃាត់​ខ្លួន​សួរ​នាំ​រួច​មក កម្លាំង​សមត្ថកិច្ច​បាន​បញ្ជូន​អ្នក​ទាំង ៤ នាក់ ទៅ​មណ្ឌល​ធ្វើ​ចត្តាឡីស័ក​នៅ​វិទ្យាល័យ​និមិត្ត ស្ថិត​នៅ​ក្នុង​សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ដើម្បី​តាមដាន​សុខភាព។ ចំណែក​ជន ២ នាក់​ផ្សេង​ទៀត ដែល​សមត្ថកិច្ច​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ជា​មេ​ខ្យល់​បាន​រត់​គេច​ខ្លួន​បាត់​ហើយ​ពេល​នេះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​ចាប់​ខ្លួន ដើម្បី​បន្ត​ចាត់​ការ​តាម​នីតិវិធី​ច្បាប់។

ពលរដ្ឋ​ចំនួន ៤ នាក់ ដែល​សមត្ថកិច្ច​ឃាត់​នោះ​រួម​មាន ទី១ ឈ្មោះ ជាវ ការ៉ាន់ ភេទ​ប្រុស អាយុ ៣៥ ឆ្នាំ (លក់ដូរ​នៅ​ផ្សារ​រុងក្លឿ) មាន​លំនៅ​ក្នុង​ភូមិ​ក្បាល​ស្ពាន ២ សង្កាត់/ក្រុង​ប៉ោយប៉ែត។ ទី២ ឈ្មោះ ឈិត ពន្លឺ ភេទ​ប្រុស អាយុ ៣២ ឆ្នាំ (លក់ដូរ​នៅ​ផ្សារ​រុងក្លឿ) មាន​លំនៅ​ក្នុង​ភូមិ​ក្បាល​ស្ពាន ២ សង្កាត់/ក្រុង​ប៉ោយប៉ែត។

ទី៣ ឈ្មោះ អេង មិនា ភេទ​ស្រី អាយុ ១៤ ឆ្នាំ (សិស្ស) មាន​លំនៅ​ក្នុង​ភូមិ​ក្បាលស្ពាន ២ សង្កាត់/ក្រុង​ប៉ោយប៉ែត និង​ទី៤ ឈ្មោះ អេង ចាន់ណា ភេទ​ស្រី អាយុ 6 ឆ្នាំ (សិស្ស) មាន​លំនៅ​ក្នុង​ភូមិ​ក្បាលស្ពាន ១ សង្កាត់/ក្រុង​ប៉ោយប៉ែត៕