មណ្ឌលគិរីៈ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីលោក កែវ សុភគ៌ បានឲ្យដឹងថា សមត្ថកិច្ចជំនាញកំពុងបន្តស្រាវជ្រាវស្វែងរកភ័ស្ដុតាងបន្ថែមទៀត ដើម្បីឈានទៅដល់ការចាប់ឃាត់ខ្លួនជនល្មើសដែលបានបាញ់សម្លាប់សត្វទន្សោង និងសត្វខ្ទីងដែលជាប្រភេទសត្វកម្រ និងជិតផុតពូជពីផែនដីនេះ។
កាលពីថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២០ សត្វទន្សោងញី ២ ក្បាលត្រូវបានគេប្រទះឃើញងាប់នៅក្នុងតំបន់ដីសម្បទានរបស់ក្រុមហ៊ុន លឹម រ៉ូយ៉ាល់ ដែលមានទីតាំងស្ថិតក្នុងឃុំពូជ្រៃ ស្រុកពេជ្រាដា ខណៈសត្វខ្ទីង ១ ក្បាល ត្រូវបានក្រុមមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃកែវសីមាប្រទះឃើញងាប់សល់តែគ្រោងឆ្អឹងនៅចំណុចតំបន់ការពារធម្មជាតិ ១ កន្លែងស្ថិតក្នុងភូមិពូគង់ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
លោក សុភគ៌ បាននិយាយកាលពីថ្ងៃអាទិត្យថា៖ «សត្វទន្សោង ២ ក្បាលដែលត្រូវបានគេប្រទះឃើញងាប់នៅក្នុងបរិវេណដីរបស់ក្រុមហ៊ុន លឹម រ៉ូយ៉ាល់ នោះ គឺងាប់ដោយសារការបរបាញ់ ព្រោះសមត្ថកិច្ចយើងបានរកឃើញវត្ថុតាងសម្បកគ្រាប់កាំភ្លើង AK-47 មួយគ្រាប់នៅចម្ងាយប្រមាណ ៥០ ម៉ែត្រ ពីទីតាំងដែលសត្វទន្សោងបានងាប់។ ចំណែកសត្វខ្ទីងក៏ងាប់ដោយសារគ្រាប់កាំភ្លើងដែរ ព្រោះនៅទីតាំងដែលត្រូវបានប្រទះឃើញនោះជាវាលស្មៅ»។
លោកបានបន្តថា ខ្មោចសត្វទន្សោង និងសំណាកសត្វខ្ទីងនោះត្រូវបានក្រុមសមត្ថកិច្ចជំនាញពីគ្រប់ស្ថាប័នពាក់ព័ន្ធឯកភាពគ្នាកប់ទុកនៅក្បែរទីតាំងកើតហេតុ និងបានបន្តរួមសហការគ្នា ស្រាវជ្រាវស្វែងរកអត្តសញ្ញាណនៃក្រុមជនល្មើស ដើម្បីឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនឲ្យតុលាការ ផ្ដន្ទាទោសទៅតាមផ្លូវច្បាប់។
លោក សុភគ៌ បានបញ្ជាក់ថា៖ «យើងមានតម្រុយមួយចំនួន ដែលអាចឈានទៅដល់ការកំណត់មុខសញ្ញាជនសង្ស័យមួយក្រុមមានគ្នា ២ ទៅ ៣ នាក់ ប៉ុន្តែនៅពេលនេះសមត្ថកិច្ចយើងកំពុងបន្តស្រាវជ្រាវស្វែងរកភ័ស្ដុតាងដាក់បន្ទុកមួយចំនួនបន្ថែមទៀត ដើម្បីឈានដល់ការចាប់ឃាត់ខ្លួនពួកគេបញ្ជូនឲ្យតុលាការ ផ្ដន្ទាទោសទៅតាមផ្លូវច្បាប់»។
បើតាមលោក សុភគ៌ បទល្មើសលួចបរបាញ់សត្វព្រៃខុសច្បាប់នៅខេត្តមណ្ឌលគិរីបានផ្ទុះកក្រើកឡើងវិញគួរឲ្យកត់សម្គាល់នាប៉ុន្មានសប្ដាហ៍កន្លងមកនេះ។ ជាមួយគ្នានេះលោកបានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមទប់ស្កាត់ និងបង្ក្រាបនូវរាល់បទល្មើសសត្វព្រៃនិង ព្រៃឈើគ្រប់រូបភាព។ លោកថ្លែងថា៖ «ការការពារសត្វព្រៃ និងព្រៃឈើមិនមែនជាតួនាទីរបស់ឧទ្យានុរក្សនៃមន្ទីរបរិស្ថាន ឬក្រសួងបរិស្ថានផ្ដាច់មុខនោះទេតែវាជាការទទួលខុសត្រូវរួមរបស់យើងទាំងអស់គ្នា»៕