ស្វាយរៀងៈ សមត្ថកិច្ចកំពុងស្រាវជ្រាវរកជនសង្ស័យករណីបង្ខាំងមនុស្សខុសច្បាប់ និងអំពើជួញដូរគ្រឿងញៀន ដែលជាក្រុមតែមួយបន្ទាប់ពីបង្ក្រាបកាលពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២០ នៅក្រុងបាវិតដោយរំដោះជនជាតិវៀតណាមរងគ្រោះចំនួន ១៥ នាក់។
លោក គឹម ឡៃ ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងប្រាប់ពីម្សិលមិញថា ពាក់ព័ន្ធប្រតិបត្តិការបង្ក្រាបបទល្មើសបង្ខាំងមនុស្សខុសច្បាប់នេះ សមត្ថកិច្ចកំពុងស្រាវជ្រាវបន្តទៀតដើម្បីស្វែងរកអ្នកប្រព្រឹត្ត ហើយប្រតិបត្តិការនេះមិនទាន់អាចផ្តល់ព័ត៌មានលម្អិតជូនបានទេ។ ប៉ុន្តែលោកបញ្ជាក់ថា សមត្ថកិច្ចរបស់លោកមានភារកិច្ចតែផ្នែកព្រហ្មទណ្ឌទេ រីឯពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនគឺលោកមិនបានធ្វើទេ។ «ប្រតិបត្តិការនោះយើងរំដោះជនរងគ្រោះជាជនជាតិវៀតណាមចំនួន ១៥ នាក់ក្នុងនោះមានមនុស្សស្រី ៣ នាក់ដែលគេបង្ខាំងពួកគាត់»។
លោក កែវ សុថា ស្នងការរងទទួលផែនបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងប្រាប់ភ្នំពេញ-ប៉ុស្តិ៍ពីម្សិលមិញដែរថាប្រតិបត្តិការនេះ គឺសមត្ថកិច្ចបានបង្ក្រាបនៅថ្ងៃទី ៣១ មីនា ឆ្នាំ ២០២០ រីឯវត្ថុតាងគ្រឿងញៀនដែលសមត្ថកិច្ចរបស់លោករឹបអូសបាននោះគឺស្ថិតនៅទីតាំងដោយឡែកពីគ្នាទេ ប៉ុន្តែជាក្រុមតែមួយ។ ចំពោះបញ្ហាបង្ក្រាបគ្រឿងញៀននេះសមត្ថកិច្ចកំពុងមានចំណាត់ការបន្តទៀត។
លោកបានប្រាប់ថា៖ «ករណីបង្ខាំងជនរងគ្រោះនៅបន្ទប់ផ្សេងដាច់ដោយឡែកទេ។ អ៊ីចឹងទេក្រោយពីត្រួតពិនិត្យនៅទីតាំងដែលយើងសង្ស័យថា បង្ខាំងហ្នឹងខាងព្រហ្មទណ្ឌគាត់ជាម្ចាស់ករណីហើយគាត់បន្តនីតិវិធីរបស់គាត់ទៅ។ ចំណែកយើងបន្តការងារដាច់ដោយឡែកមួយមិនទាន់ចប់ទេ»៕